អន្តរជាតិ
សមាជិកសភាអាល្លឺម៉ង់៖ អាល្លឺម៉ង់នឹងមិនផ្ដល់សព្វាវុធឱ្យកោះតៃវ៉ាន់នោះឡើយ
12, Jan 2023 , 11:59 am        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ចាប់ដៃសមាជិកសភាអាល្លឺម៉ង់ Marie-Agnes Strack-Zimmermann។ រូបថត AFP
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ចាប់ដៃសមាជិកសភាអាល្លឺម៉ង់ Marie-Agnes Strack-Zimmermann។ រូបថត AFP
អាល្លឺម៉ង់នឹងមិនផ្ដល់ ហើយក៏មិនបានទទួលការស្នើណាមួយឱ្យបញ្ជូនសព្វាវុធទៅ​កាន់កោះតៃវ៉ាន់នោះ​ឡើយ ​ខណៈ​ស្ថានភាពនៅកោះនេះខុសគ្នានឹងស្ថានភាពនៅអ៊ុយក្រែន។ ប្រធានគណៈ​កម្មា​ធិ​ការ​ការ​ពារជាតិរបស់​សភា​អាល្លឺម៉ង់​លោកស្រី Marie-Agnes Strack- Zimmermann លើកឡើងបែបនេះ នៅថ្ងៃទី១១ ខែមករា អំឡុងដំណើរ​ទស្សន​កិច្ចនៅទីក្រុងតៃប៉ិ។

 
លោកស្រី Strack-Zimmermann ដែលជាសមាជិកសភាជាន់ខ្ពស់ និងជាសមាជិក​គណបក្ស​ប្រជាធិបតេយ្យសេរី (FDP) បានលើកឡើងក្នុងសន្និសីទកាសែតមួយនៅទីក្រុងតៃប៉ិថា អាល្លឺម៉ង់​បាន​ផ្ដល់ជំនួយ​យោធា​ជា​ច្រើន​ទៅ​កាន់អ៊ុយក្រែន។ ប៉ុន្តែរឿងបែបនេះ នឹងមិនកើតឡើងចំពោះតៃវ៉ាន់ឡើយ។
 
«ស្ថានភាពនៅទីនេះគឺខុសគ្នា។ តួនាទីពួកយើងនៅទីនេះមិនសូវទាក់ទងនឹងយោធាឡើយ។ វា​ទាក់​ទ​ង​នឹង​សេដ្ឋកិច្ច​»។ លោកស្រី Strack-Zimmermann លើកឡើងបែបនេះរួចបន្តថា អាល្លឺម៉ង់មិនអាចនឹង​ជួយផ្ដល់សព្វាវុធដល់តៃវ៉ាន់​ នៅពេលដែលចិនពង្រីកការគំរាមកំហែងផ្នែកយោធាឡើយ។ ប្រធាន​គណៈកម្មាធិការការពារជាតិរបស់សភាអាល្លឺម៉ង់រូបនេះសង្កត់ធ្ងន់ថា ក៏មិនមានការស្នើសុំណា​មួយឱ្យ​បញ្ជូន​ជំនួយអាវុធទៅកាន់តៃវ៉ាន់នោះដែរ។
 
អនុប្រធានបក្ស FDP លោក Johannes Vogel ក៏លើកឡើងក្នុងសន្និសីទខាងលើពីភាពចាំបាច់ក្នុងការបញ្ចៀសវិបត្តិនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ។ លោកស្រី Strack-Zimmermann និងលោក Vogel បានជួបប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃទី១០ ខែមករា។ ឯចិនវិញបានថ្កោលទោសដំណើរទស្សកិច្ចនេះ។
គួរបញ្ជាក់ថា អាវុធយោធាតៃវ៉ាន់ភាគច្រើនត្រូវបានបំពាក់ដោយសព្វាវុធផលិតក្នុងស្រុក ឬដោយ​អាម៉េរិក។ ចំណែកអាល្លឺម៉ង់​​មាន​ទំនាក់ទំនង​ការទូត និង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ជាមួយ​​ចិនហើយ​ដូច ​ប្រទេស​ភាគច្រើន​ដែរ មិនមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ទេ៕
 
 
 
 

Tag:
 អាល្លឺម៉ង់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com