កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក អាំង សិរីពិសិដ្ឋ៖ មានប្រកួតមិត្តភាពច្រើន ឆាប់ឱ្យវិស័យកីឡាបាល់ទះរីកចំរើន
12, Jan 2023 , 12:29 pm        
រូបភាព
ក្រុមកីឡាករបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា។
ក្រុមកីឡាករបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា។
ដោយ:
«មានការប្រកួតមិត្តភាពច្រើន នឹងជ្រោងវិស័យកីឡាបាល់ទះនៅកម្ពុជាកាន់តែរីកចំរើនថែមទៀត»។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និយាយដូច្នេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌ថ្មីៗ ក្រោមចប់ប្រកួតមិត្តភាពរវាងជម្រើសជាតិកម្ពុជាទល់ Cambodia All Stars នៅថ្ងៃទី៧ ខែមករា។ លោកពិសិដ្ឋសង្ឃឹមថា ក្រុមបាល់ទះកម្ពុជាអាចជាប់ចំណាត់ថ្នាក់ល្អ និងបានលេងនៅក្នុងព្រឹត្តិការណ៍ Volleyball Nation Leageu(VNL) កម្រិតអន្តរជាតិ។

 
សហព័ន្ធកីឡាបាល់ទះកម្ពុជា បន្តខិតខំប្រឹងប្រែងដុសខាត់សមត្ថភាពកីឡាករក្រុមជម្រើសជាតិឱ្យបានមុតស្រួច និងបន្តពង្រឹងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម២០២៣ នៅកម្ពុជា។ ជាមួយគ្នានោះដែរសហព័ន្ធខ្នះខ្នែងស្វែងរកការប្រកួតមិត្តភាពជាតិ និងអន្តរជាតិដើម្បីជាការដកពិសោធ និងឈ្វេងយល់ពីកម្រិតសមត្ថភាពរបស់កីឡាករ។
 

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា។
 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ថាការប្រកួតមិត្តភាពកម្តៅសាច់ដុំ ជាគុណប្រយោជន៍ដ៏មានសារសំខាន់សម្រាប់ក្រុមជម្រើសជាតិ ដើម្បីឱ្យកីឡាករទាំងអស់មានឳកាសបញ្ចេញសមត្ថភាពរៀងៗខ្លួនបន្ទាប់ពីការខិតខំប្រឹងប្រែងឥតមានពេលស្រាកស្រាន្ត។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«ការប្រកួតមិត្តភាព យើងអាចចាត់ទុកថាជាការកម្តៅសាច់ដុំរបស់ក្រុមជម្រើសជាតិរបស់យើងដែលគាត់បានប្រឹងប្រែងហ្វឹកហាត់ លះបង់ពេលវេលាផ្ទាល់ខ្លួន និងក្រុមគ្រួសារដើម្បីចូលក្នុងជំរំហ្វឹកហាត់តាំងពីពេលចប់ស៊ីហ្គេម២០២១។ យើងចង់ឱ្យគាត់បញ្ចេញនូវស្នាដៃ ក៏ដូចជាទេពកោសល្យ ដែលយើងបំពាក់បំប៉នឡើងដល់កម្រិតខ្ពស់»។
 
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងទទួលភ្ញៀវបារាំង ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីដកស្រង់បច្ចេកទេស និងវាស់ស្ទង់កម្រិតសមត្ថភាពក្រុមកីឡាករ ត្រៀមការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣៕
 

Tag:
 កីឡាបាល់ទះ
  អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com