អន្តរជាតិ
មេដឹកនាំវៀតណាម និងឡាវ ឯកភាពបង្កើនភាពជាដៃគូសេដ្ឋកិច្ច និងគាំទ្រគ្នាទៅវិញទៅមក
12, Jan 2023 , 2:59 pm        
រូបភាព
លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម និងសមភាគីឡាវ លោក Sonexay Siphandone (ខាងស្តាំ)។ រូបភាព៖ Vn Express
លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម និងសមភាគីឡាវ លោក Sonexay Siphandone (ខាងស្តាំ)។ រូបភាព៖ Vn Express
លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម និងសមភាគីឡាវ លោក Sonexay Siphandone នៅថ្ងៃទី១១ ខែមករា បានឯកភាពដំឡើងភាពជាដៃគូសេដ្ឋកិច្ច និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩។

 
នាយករដ្ឋមន្រ្តីវៀតណាម លោក ផាម មិញជិញ នៅថ្ងៃទី១១ ខែមករា បានផ្តើមទស្សនកិច្ចទៅឡាវរយៈពេលពីរថ្ងៃ។ ក្នុងជំនួបជាមួយប្រមុខរដ្ឋាភិបាលថ្មីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្រ្តីវៀតណាម បានជជែកពីការពង្រឹងទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ 
 
បន្ថែមពីបញ្ហាខាងលើ មេដឹកនាំប្រទេសទាំងពីរ បានឯកភាពក្នុងការដំឡើងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច,  ការគាំទ្រគ្នាទៅវិញទៅមក ដើម្បីស្តារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ និងកសាងសេដ្ឋកិច្ចទីផ្សារដែលពឹងផ្អែកលើខ្លួន​ឯង ដោយមានការផ្សារភ្ជាប់ជាមួយអន្តរជាតិ និងស៊ីជម្រៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
មិនតែប៉ុណ្ណោះ ប្រទេសជិតខាងទាំងពីរ នឹងពង្រឹងលើការផ្សារភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ចាប់ពីហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យដឹកជញ្ជូន ប្រព័ន្ធទំនាក់ទំនង ថាមពល ពាណិជ្ជកម្មអេឡិចត្រូនិច ធនាគារ និងហិរញ្ញវត្ថុជាដើម។ 
 
ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មវវាងឡាវ និងវៀតណាម បានកើនឡើងយ៉ាងខ្លាំង ដោយមានចំនួន ១,៧ពាន់លានដុល្លារ ពោលគឺកើនឡើង ២១ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ទំហំនេះ គឺលើសពីការកំណត់ទុករបស់ប្រទេសទាំងពីរ ដែលបានប៉ាន់ប្រមាណពីការកើនឡើងពាណិជ្ជកម្មត្រឹម ១០ ទៅ ១៥ភាគរយប៉ុណ្ណោះ។ 
 
ក្រៅពីបញ្ហាក្នុងស្រុក ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានសន្យាបន្តសម្របសម្រួល និងពង្រីកការដោះដូរព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមកនៅថ្នាក់តំបន់ និងវេទិកាអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ (UN) និងអាស៊ាន។ មេដឹកនាំប្រទេសទាំងពីរ ក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ១០ផង ដែលពាក់ព័ន្ធភាពជាដៃគូក្នុងវិស័យឌីជីថល ជំនួយផ្នែកច្បាប់ ការដឹកជញ្ជូន និងការថែទាំសុខភាពជាដើម។ 
 
សូមបញ្ជាក់ថា ឡាវ និងវៀតណាម បានបង្កើតទំនាក់ទំនង នៅក្នុងខែកញ្ញាឆ្នាំ១៩៦២។ នៅក្នុងខែមីនា ឆ្នាំ២០១៩ ប្រទេសជិតខាងទាំងពីរ បានឯកភាពដំឡើងពីកម្រិត «មិត្តភាពបែបប្រពៃណី» ទៅកម្រិត «មិត្តភាពដ៏អស្ចារ្យ»៕ 
 
 
 

Tag:
 វៀតណាម
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com