អន្តរជាតិ
អាម៉េរិកនិងជប៉ុន ថា អំណាចចិនបង្កការប្រឈមផ្នែកយុទ្ធសាស្រ្តដ៏ខ្លាំងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក
12, Jan 2023 , 8:29 pm        
រូបភាព
ជំនួបរដ្ឋមន្រ្តីការពារជាតិ និងការបរទេសជប៉ុន និងអាម៉េរិក នៅក្រសួងការបរទេសក្នុងក្រុងវ៉ាស៊ីនតោន។ រូបភាព Kyodo
ជំនួបរដ្ឋមន្រ្តីការពារជាតិ និងការបរទេសជប៉ុន និងអាម៉េរិក នៅក្រសួងការបរទេសក្នុងក្រុងវ៉ាស៊ីនតោន។ រូបភាព Kyodo
រដ្ឋមន្រ្តីការបរទេស និងការពារជាតិអាម៉េរិក និងជប៉ុន នៅថ្ងៃទី១១ ខែមករា បាន​ឯកភាពថា ការកើនឡើងអំណាចរបស់ចិន បានបង្កឱ្យមានបញ្ហាប្រឈមជាយុទ្ធសាស្រ្តដ៏ខ្លាំងក្លា ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងតំបន់លើសពីនេះ។ រដ្ឋមន្រ្តីប្រទេសទាំងពីរ បានសន្យាពង្រឹងសមត្ថភាពក្នុងការរារាំង ក៏ដូចជាពង្រីកសន្ធិសញ្ញាសន្តិសុខ ដោយរួមទាំងសន្តិសុខក្នុងអវកាស។

 
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី និងរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Yasukazu Hamada បានជួបជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន និងលោក ឡយ អូស្ទីន នាក្រសួងការបរទេសអាម៉េរិក ក្នុងក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី១១ ខែមករា ដើម្បីពង្រឹងចំណងមិត្តភាព ក៏ដូចជាជជែកពីបញ្ហាសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចិនបង្កើនឥទ្ធិពលខ្លួនយ៉ាងខ្លាំង។ 
 
«រដ្ឋមន្រ្តីប្រទេសទាំងពីរ បានយល់ថា គោលនយោបាយការបរទេសរបស់ចិន ស្វះស្វែងរកការកែប្រែសណ្តាប់ធ្នាប់អន្តរជាតិដើម្បីប្រយោជន៍របស់ខ្លួន និងប្រើអំណាចយោធា បច្ចេកវិទ្យា សេដ្ឋកិច្ច និងនយោបាយ ដើម្បីសម្រេចគោលដៅនោះ»។ សេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូត និងការពារជាតិប្រទេសទាំងពីរ បានបញ្ជាក់បែបនេះ ដោយបន្តថា សកម្មភាពរបស់ចិន  ជាក្តីបារម្ភយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្ត និងសហគមន៍អន្តរជាតិទាំងមូល។ 
 
ស្របពេលជប៉ុន និងអាម៉េរិកចង់បានការពង្រីកអន្តរប្រតិបត្តិការ រដ្ឋមន្រ្តីប្រទេសទាំងពីរ បានប្តេជ្ញាថា ក្រុងតូក្យូ និងក្រុងវ៉ាស៊ីនតោននឹងពង្រឹងកិច្ចសហប្រតិបត្តិការ ដែលអាចឱ្យជប៉ុនទទួលបានសមត្ថភាពវាយប្រហារក្នុងចម្ងាយវែង និងរួមគ្នាស្រាវជ្រាវលើសម្ភារទំនើបៗចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ការកើនឡើងអំណាចយោធា និងសេដ្ឋកិច្ចរបស់ចិន ក្នុងតំបន់ មិនបានធ្វើឱ្យប្រទេសជិតខាងដូចជាជប៉ុនសប្បាយចិត្តឡើយ។ ដោយសារឥទ្ធិពលចិនកាន់តែរីកធំ ជប៉ុន កាន់តែធ្វើទំនើបកម្មយោធារបស់ខ្លួន ដើម្បីការពារ ក៏ដូចជាទប់ជាមួយចិននៅក្នុងតំបន់។ 
 
ទន្ទឹមនេះ ប្រមុខការពារជាតិ និងការបរទេសនៃសម្ព័ន្ធមិត្តទាំងពីរ ក៏បានឯកភាពផងដែរថា​ រាល់ការវាយប្រហារទៅក្នុង ឬមកពី ឬនៅក្នុងអវកាស អាចធ្វើឱ្យប្រទេសទាំងពីរប្រើប្រាស់មាត្រា៥ នៃសន្ធិសញ្ញាសន្តិសុខបាន។ ត្រង់មាត្រា៥នេះ បានតម្រូវឱ្យអាម៉េរិកត្រូវតែការពារជប៉ុន រួមទាំងការប្រើប្រាស់អាវុធនុយក្លេអែរផង។ 
 
បន្ទាប់ពីជំនួបដ៏សំខាន់នេះ លោកគីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នឹងជួបជាមួយប្រធានាធិបតីអាម៉េរិកនៅថ្ងៃទី១៣ ខែមករា។ ក្នុងកិច្ចប្រជុំដ៏សំខាន់នោះ មេដឹកនាំទាំងពីរ នឹងជជែកពីបញ្ហាសំខាន់ៗដូចជា ចិន សង្រ្គាមនៅអ៊ុយក្រែន និងពង្រឹងសម្ព័ន្ធមិត្តជាដើម។ 
 
សូមបញ្ជាក់ថា ជំនួបថ្នាក់រដ្ឋមន្រ្តី២បូក២នេះ ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយជប៉ុនបានដាក់ចេញយុទ្ធសាស្រ្តការពារ និងសន្តិសុខថ្មី ដែលអនុញ្ញាតឱ្យជប៉ុនអាចវាយបកលើសត្រូវ និងចំណាយថវិកាលើយោធារហូតដល់ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុប៕ 
 

Tag:
 អាម៉េរិក
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com