អន្តរជាតិ
ចិន​បន្ត​ព្រមាន​តៃវ៉ាន់ បើនៅតែទាមទារឯករាជ្យ
12, Jan 2023 , 4:19 pm        
រូបភាព
អ្ន​កនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន Ma Xiaoguang ។ រូបថត Xinhua
អ្ន​កនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន Ma Xiaoguang ។ រូបថត Xinhua
ចិននៅថ្ងៃទី១១ ខែមករា បានចេញសារ​គំរាម​សារជាថ្មីចំពោះ​កោះ​តៃវ៉ាន់​ ​ ហើយ​ក៏បានព្រមាន​​​អ្នក​នយោបាយ​បរទេស​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​តៃវ៉ាន់​ ថាកំពុងប្រលែងលេងនឹងភ្លើងថែមទៀត។



អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិននៅថ្ងៃទី១១ ខែមករា​ បានលើកឡើងថា ទីក្រុងប៉េកាំងក្នុងឆ្នាំថ្មីនេះនៅតែប្តេជ្ញាចិត្តក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងរារាំងគ្រប់វិធីប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់។ 
 
«ការគាំទ្រដ៏អាក្រក់លើឯករាជ្យភាពតៃវ៉ាន់ក្នុងចំណោមធាតុផ្សំប្រឆាំងនឹងចិន របស់ប្រទេសមួយចំនួន ជាការបង្កហេតុដោយចេតនា»។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនលោក Ma Xiaoguang បាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោក Ma ក៏បានបន្ថែមថា ចិនអំពាវនាវឱ្យប្រទេសពាក់ព័ន្ធទាំងអស់បញ្ឈប់ការបញ្ជូនសញ្ញាគាំទ្រឯករាជ្យភាពតៃវ៉ាន់ ដែលជាការប្រលែងលេងនឹងភ្លើង។
 
ចិន​នៅតែចាត់ទុកកោះតៃវ៉ាន់ដែលបានបំបែកចេញពីចិនដីគោកក្នុងឆ្នាំ១៩៤៩ ជាទឹកដីរបស់ខ្លួន ដែលត្រូវតែមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងវិញ បើទោះបីជាត្រូវបើកម្លាំងក្តី។ 
 
លើសពីនេះ កាសែត Global Times ដែលជាកាសែតគ្រប់គ្រងដោយរដ្ឋចិន បានបង្ហោះសារព្រមានលើ Twitter ខ្លួនថា ការផ្តាច់ខ្លួនរបស់តៃវ៉ាន់នឹងត្រូវបរាជ័យ ហើយទង្វើនេះនឹងទាក់ទាញការដាក់​ទណ្ឌកម្មបន្ថែមពីចិន។ 
 
ដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយពីសំណាក់អ្នកនយោបាយបរទេស រួមមានអតីតប្រធានសភាអាម៉េរិក Nancy Pelosi និងអ្នកនយោបាយប្លុកអឺរ៉ុប បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ និងនាំដល់ការធ្វើសមយុទ្ធយោធាដ៏ធំនៅជុំវិញកោះតៃវ៉ាន់។ នៅចុងខែធ្នូកន្លងទៅ ចិនបានបញ្ជូនយន្តហោះចំនួន ៧១ គ្រឿង និងនាវាចំនួន ៧ គ្រឿងទៅជិតកាន់កោះតៃវ៉ាន់ដែលជាសមយុទ្ធដ៏ធំបំផុតក្នុងឆ្នាំ២០២២។
 
ឆ្លើយតបនឹងបញ្ហានេះ នៅសប្តាហ៍នេះ យោធាតៃវ៉ាន់កំពុងរៀបចំធ្វើសមយុទ្ធយោធារបស់ខ្លួនដែលមានគោលបំណងធានាដល់ពលរដ្ឋខ្លួន​ពីសមត្ថភាពទប់ទល់នឹងការគំរាមកំហែងរបស់ចិន៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com