អន្តរជាតិ
មហា​គណៈ​វិនិច្ឆ័យ​ពិសេស​រដ្ឋ Georgia បញ្ចប់​ការស៊ើប​អង្កេត​លើ​ការបោះឆ្នោត​ឆ្នាំ​២០២០
13, Jan 2023 , 8:29 am        
រូបភាព
រូបឯកសារ៖អ្នកបោះឆ្នោត​ឈរ​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៅ​ទីលាន Gwinnett Fairgrounds កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក។
រូបឯកសារ៖អ្នកបោះឆ្នោត​ឈរ​តម្រង់ជួរ​ដើម្បី​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាមេរិក​នៅ​ទីលាន Gwinnett Fairgrounds កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ក្នុង​ទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក។
ដោយ: VOA
មហា​គណៈ​វិនិច្ឆ័យ​ពិសេស​នៅ​ក្រុង Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក ដែល​បាន​ស៊ើប​អង្កេត​ថា ​តើ​អតីត​ប្រធានាធិបតីលោក Donald Trump និង​សម្ពន្ធមិត្ត​របស់​លោក ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​មួយ​ដែរ​ឬ​អត់ ​នៅ​ពេល​ដែល​លោក​បាន​ព្យាយាម​ប្តូរ​លទ្ធផលឆ្នោត​ដែល​លោក​បាន​ចាញ់​ក្នុង​រដ្ឋ Georgia​ កាល​ពី​ឆ្នាំ​២០២០ បាន​បញ្ចប់​កិច្ចការ​របស់​ខ្លួន​ហើយ។

ចៅក្រម​សាលា​ដំបូង​ក្នុង​ស្រុក Fulton លោក Robert McBurney ដែល​មើល​ការ​ខុស​ត្រូវ​លើ​មហាគណៈ​វិនិច្ឆ័យ​នេះ បាន​ចេញ​សេចក្តី​សម្រេច​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​រំលាយ​មហា​គណៈ​វិនិច្ឆ័យ​ពិសេស​នេះ។ សេចក្តី​សម្រេច​២​ទំព័រ សរសេរ​ថា ​មហា​គណៈ​វិនិច្ឆ័យ​បាន​បញ្ចប់​របាយការណ៍​ចុងក្រោយ​រួច​ហើយ​ ហើយ​ថា​ ចៅក្រមភាគច្រើន​នៃ​សាលាដំបូង​ក្នុង​ស្រុក​នេះ​ បាន​បោះឆ្នោត​សម្រេច​រំលាយ​មហា​គណៈ​វិនិច្ឆ័យ​ពិសេស​នេះ។
 
ការ​បញ្ចប់​កិច្ចការ​របស់​មហា​គណៈ​វិនិច្ឆ័យ​ពិសេស​នេះ បាន​រុញ​ការ​ស៊ើបអង្កេត​មួយ​ជំហាន​ទៀត​ទៅ​កាន់​តែ​កៀកនឹង​ការ​ចោទប្រកាន់​ពី​បទ​ល្មើល​ព្រហ្មទណ្ឌ​ដែល​អាច​ទៅ​រួច ទៅ​លើ​លោក Trump​ និង​អ្នក​ផ្សេងទៀត។ សេចក្តី​សម្រេចថា​តើនឹង​មាន​ការ​ចោទ​ប្រកាន់​ផ្លូវ​ការ​ពី​គណៈ​វិនិច្ឆ័យ​ទូទៅ​ដែរ​ឬ​អត់​នោះ នឹង​អាស្រ័យ​ទៅ​លើ​រដ្ឋអាជ្ញា​ស្រុក Fulton អ្នក​ស្រី Fani Willis។
 
ក្នុង​ពេល​ប្រហែល​៦​ខែ មហា​គណៈ​វិនិច្ឆ័យ​ពិសេស បាន​បើក​សវនាការ​ស្តាប់​កសិណ​សាក្សី​រាប់​សិប​នាក់​រួម​ទាំង​មនុស្ស​ស្និទ្ធ​នឹង​ជំនួយការ​លោក Trump និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​នៅ​រដ្ឋ Georgia ​ផង​ដែរ។
 
សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ចំណោម​សំណុំ​រឿង​ជាច្រើន​ទៀត​នៅ​ទូទាំង​ប្រទេស​ដែល​គំរាមកំហែង​ផ្លូវ​ច្បាប់​ទៅ​លើ​អតីត​ប្រធានាធិបតី​លោក Donald Trump ពេល​ដែល​លោក​ស្វះស្វែង​រក​កាន់​តំណែង​អាណត្តិ​ទី​២​នៅ​ឆ្នាំ​២០២៤។
 
មហា​គណៈ​វិនិច្ឆ័យ​ពិសេស​នៅ​រដ្ឋ Georgia មិន​អាច​ចោទ​ប្រកាន់​ផ្លូវ​ការ​បាន​ទេ តែ​អាច​ចេញ​របាយការណ៍​ចុងក្រោយ​ដែល​ផ្តល់​អនុសាសន៍​អំពី​ចំណាត់ការ​ដែល​ត្រូវ​ធ្វើ​បាន៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com