ជាតិ
ជិត​ចូល​ឆ្នាំ​ចិន សមត្ថកិច្ច​រក​ឃើញជ្រូករស់៦១ក្បាលដែលនាំចូល​ខុសច្បាប់ពី​វៀតណាម
13, Jan 2023 , 9:46 am        
រូបភាព
ដោយ:
 ភ្នំពេញ៖ ខណៈពិធីបុណ្យ​ចូល​ឆ្នាំចិនជិតចូល​មក​ដល់ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធរកឃើញជ្រូករស់ដែលនាំចូលពីវៀតណាមនៅទីតាំងកែច្នៃជ្រូកខ្វៃចំនួន ៦១ក្បាល ដែលគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី១២មករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទីតាំងកែច្នៃជ្រូកខ្វៃ បុរីលាភមួយកន្លែងដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យរាជធានីភ្នំពេញ។ 
 

រូបភាព៖អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ
 
បើតាមអគ្គនាយកដ្ឋានដដែល សត្វជ្រូករស់ ៦១ក្បាលនោះមានទម្ងន់ចន្លោះពី ១០គីឡូក្រាម ទៅ២០គីឡូក្រាម ដែលនំាចូលមកពីប្រទេសវៀតណាមតាមច្រករបៀង ឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
 
បច្ចុប្បន្ន ក្រុមអន្តរាគមន៍​បង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថុតាំងជ្រូករស់ទាំង ៦១ក្បាល ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធី៕
 
 

Tag:
 សត្វជ្រូករស់
© រក្សាសិទ្ធិដោយ thmeythmey.com