អន្តរជាតិ
អូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គីណេគ្រោងចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិត្រឹមខែមិថុនា
13, Jan 2023 , 10:59 am        
រូបភាព
នាយករដ្ឋមន្រ្តីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape ស្វាគមន៍សមភាគីអូស្ត្រាលី អាន់ថូនី អាល់បានីស។ រូបថត AFP
នាយករដ្ឋមន្រ្តីប៉ាពូអាស៊ីនូវែលហ្គីណេ James Marape ស្វាគមន៍សមភាគីអូស្ត្រាលី អាន់ថូនី អាល់បានីស។ រូបថត AFP
អូស្ត្រាលី និងប៉ាពូអាស៊ីនូវែលហ្គីណេព្រមព្រៀងគ្នាបញ្ចប់កិច្ចពិភាក្សាលើកិច្ចព្រមព្រៀងសន្ធិសុខទ្វេភាគីក្នុងខែមេសា ហើយរំពឹងចុះហត្ថលេខាលើសន្ធិសញ្ញានេះនៅត្រឹមខែមិថុនា។

 
នាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស និងសមភាគីប៉ាពូអាស៊ីនូវែលហ្គីណេលោក James Marape បានប្ដេជ្ញាសម្រេចឱ្យបានសន្ធិសញ្ញាសន្តិសុខទ្វេភាគីត្រឹមថ្ងៃទី៣០ ខែមេសាខាងមុខ។ ភាគីទាំងពីរ ក៏ជជែកលើការហ្វឹកហ្វឺនកងទ័ព និងប្រតិបត្តិការរួមគ្នា រួមទាំងបញ្ហាប្រែប្រួលអាកាសធាតុ និង​សន្តិសុខតាមអ៊ីនធឺណិតជាដើម។
 
ក្នុងសន្និសីទក្រោយការថ្លែងសុន្ទរកថានៅសភាប៉ាពូអាស៊ីនូវែលហ្គីណេ លោក អាល់បានីស លើក​ឡើង​ថា ផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរបស់ប្រទេសជិតខាងតំបន់ប៉ាស៊ីហ្វិកមិនអាចបំបែក​បាន​ឡើយ។
 
«កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសន្តិសុខរបស់យើងស្ថិតនៅក្នុងផល​ប្រយោជន៍របស់យើងទាំងពីរ»។ លោក អាល់បានីស លើកឡើបែបនេះក្នុងសន្និសីទកាសែតមួយ មុនបង្ហាញក្ដីសង្ឃឹមថា កិច្ចព្រមព្រៀងមួយនឹងអាចធ្វើឡើងក្នុងខែមិថុនា។ មេដឹកនាំអូស្ត្រាលីរូបនេះបន្តថា ផលប្រយោជន៍ប្រទេសទាំងពីរមិនអាចបំបែកគ្នាបាននោះឡើយ ហើយសន្តិសុខរបស់ប្រទេសទាំងពីរ​ត្រូវដើទន្ទឹមគ្នាដើម្បីការពារគ្នាទៅវិញទៅមក។
 
ចំណែកមេដឹកនាំប៉ាពូអាស៊ីនូវែលហ្គីណេ បញ្ជាក់ថា កិច្ចព្រមព្រៀង​ដែល​បានស្នើខាងលើ នឹង​លើក​កម្ពស់​ទំនាក់ទំនង​ជាមួយអូស្ត្រាលីដែល​លោក​បាន​ចាត់ទុកជាមិត្ត​ជា​និរន្តរ៍។ លោកអះអាងថា ទំនាក់ទំនងប្រទេសទាំងពីរនឹងមិនបង្ក​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​ប៉ាពួញូហ្គីណេ​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ឡើយ។
 
ជុំវិញកិច្ចព្រមព្រៀងការពារជាតិនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយកាលពីខែតុលាថា អូស្ត្រាលីចង់មានកិច្ចព្រមព្រៀងមួយ​ដែលនឹងអនុញ្ញាតឱ្យ​ទាហាន​ជើងទឹក កម្លាំងទ័ពអាកាស និងកងទ័ពមកពីប្រទេសទាំងពីរធ្វើការជាមួយគ្នាញឹកញាប់ជាងមុន។
 
គួរបញ្ជាក់ថា អូស្ត្រាលីនៅតែជាប្រទេសផ្តល់ជំនួយដ៏ធំបំផុតដល់​ប៉ាពូអាស៊ីនូវែលហ្គីណេដែល​ខ្លួន​ធ្លាប់​ដាក់អាណានិគម។ ប្រឈមមុខនឹងការរីកលូតលាស់នៃជំនួយ និងឥទ្ធិពលរបស់ចិន អូស្ត្រាលីបាន​ព្យាយាមពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ហើយបានជួបមេដឹកនាំ​តំបន់ជាច្រើនដងចាប់តាំងពីលោក អាល់បានី បានឈ្នះការបោះឆ្នោតកាលពីខែឧសភាឆ្នាំមុន៕
 
 
 
 

Tag:
 អូស្ត្រាលី
  ប៉ាពូអាស៊ីនូវែលហ្គីណេ
© រក្សាសិទ្ធិដោយ thmeythmey.com