ជាតិ
រដ្ឋាភិបាល សម្រេចអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត»
13, Jan 2023 , 2:29 pm        
រូបភាព
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រូីកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៣មករា ឆ្នាំ២០២៣។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រូីកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី១៣មករា ឆ្នាំ២០២៣។ រូបពី ហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៣មករានេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត»។ នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល។

 
អ្នកនាំពាក្យរដ្ឋាភិបាលបានសរសេរលើគណនីហ្វេសប៊ុក ពីគោលបំណងដែលរដ្ឋាភិបាលសម្រេចបង្កើត និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងទឹកស្អាត គឺដើម្បីគ្រប់គ្រង និងការអភិវឌ្ឍវិស័យទឹកស្អាត។ សេចក្ដីព្រាងច្បាប់នេះ មានគោលដៅឆ្លើយតបទៅនឹងសន្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ដែលរីកចម្រើនឥតឈប់ឈរពីរមួយឆ្នាំទៅមួយឆ្នាំ។ 
 
ជាងនេះទៅទៀត ការផ្គត់ផ្គង់ទឹកស្អាត គឺជាអាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនេះ វិស័យផ្គត់ផ្គង់ទឹកស្អាតទាមទារនូវការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការធានាផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវអនុលោមទៅតាមលក្ខខណ្ឌគោលបួនយ៉ាង។ 
 
ទីមួយ គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាពនិងថ្លៃសមរម្យ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទីពីរ គឺលើកកម្ពស់សុខុមាលភាពសាធារណៈ។ ទីបី គឺការឆ្លើយតបទៅនឹងតម្រូវការខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យក្នុងសង្គមជាតិទាំងមូល។ ទីបួន គឺការអភិវឌ្ឍនិងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត ក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញការវិនយោគពីវិស័យឯកជនជាតិ និងអន្តរជាតិសម្រាប់ការបង្កើតមូលដ្ឋានផលិតកម្ម អាជីវកម្មនៅកម្ពុជាផងដែរ។ 
 
ដំណើរនៃការតាក់តែង សេចក្តីព្រាងច្បាប់នេះ ត្រូវបានផ្ដួចផ្តើមដោយអតីតក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់តាំងពីឆ្នាំ២០១៦។ សេចក្ដីព្រាងច្បាប់នេះ បានពិភាក្សា កែសម្រួលជាបន្តបន្ទាប់នៅក្នុងអាណត្តិក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការគាំទ្រក្នុងជំហានដំបូងពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)៕ 
 

Tag:
 ច្បាប់
  រដ្ឋាភិបាល
  ទឹកស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com