អន្តរជាតិ
ប្រមុខUN ថា កូរ៉េខាងជើងមានកាតព្វកិច្ចត្រលប់ចូលតុចរចាបោះបង់នុយក្លេអ៊ែរ
13, Jan 2023 , 3:29 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស
អគ្គលេខាធិការអង្គការសហប្រជាជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស
អគ្គលេខាធិការអង្គការសហប្រជាជាជាតិ (UN) លោក​ អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១២ ខែមករា បានជំរុញឱ្យកូរ៉េខាងជើងចូលតុចរចាឡើងវិញ ដើម្បីអាចរំសាយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

 
ក្រោយកិច្ចចរចារវាងអាម៉េរិក និងកូរ៉េខាងជើងជុំវិញការបោះបង់នុយក្លេអ៊ែរ បរាជ័យនៅក្នុងឆ្នាំ២០១៩ ក្រុងព្យុងយ៉ាងបានចាប់ផ្តើមបាញ់មីស៊ីលជាច្រើនប្រភេទឡើងវិញ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង បានចាប់ផ្តើមបាញ់មីស៊ីលអន្តរទ្វីបជាថ្មី ក្រោយផ្អាកនៅក្នុងឆ្នាំ២០១៧ ពោលគឺមុនពេលកិច្ចប្រជុំរវាងអាម៉េរិក និងកូរ៉េខាងជើងកើតឡើង។ 
 
ស្របពេលកូរ៉េខាងជើងនៅតែបន្តគំរាមកំហែង និងបាញ់មីស៊ីលឥតឈប់ឈរបែបនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានជំរុញឱ្យកូរ៉េខាងជើងចូលតុចរចាឡើងវិញ ដើម្បីអាចឈានទៅរកការបោះបង់កម្មវិធីនុយក្លេអ៊ែរ។ 
 
«ការទទួលខុសត្រូវ គឺស្ថិតលើកូរ៉េខាងជើងក្នុងការគោរពច្បាប់អន្តរជាតិ និងវិលត្រលប់ទៅតុចរចាឡើងវិញ»។ ប្រមុខUN បានសង្កត់ធ្ងន់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខស្តីពីនីតិរដ្ឋ នៅថ្ងៃទី១២ ខែមករា ដោយមានលោក លោកយ៉ូស៊ីម៉ាសា ហាយ៉ាស៊ី រដ្ឋមន្រ្តីការបរទេសជប៉ុនជាប្រធាន។ 
 
លោក ហ្គូតេរ៉េស និយាយទៀតថា កម្មវិធីអាវុធខុសច្បាប់របស់កូរ៉េខាងជើង ពិតជាគ្រោះថ្នាក់ និងបង្កឱ្យមានហានិភ័យ រួមទាំងនាំឱ្យមានភាពតានតឹងឈានដល់កម្រិតខ្ពស់។ មកទល់ពេលនេះ ប្រេសិតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ មិនទាន់បានឆ្លើយតបនឹងការអំពាវនាវនេះឡើយ។ កន្លងមក កូរ៉េខាងជើង បានចោទប្រមុខUN ថា គាំទ្រខាងអាម៉េរិក និងមិនអាចប្រកាន់កណ្តាលបាន។ 
 
ចិន នៅឆ្នាំមុន បានអះអាងថា ការដោះស្រាយបញ្ហាមីស៊ីលបាលីស្ទិកកូរ៉េខាងជើង រួមទាំងនុយក្លេអ៊ែរ គឺស្ថិតនៅក្នុងដៃអាម៉េរិក ហើយជំរុញឱ្យអាម៉េរិកបង្ហាញពីការគោរព និងបត់បែន ប្រសិនចង់ស្វែងរកច្រកចេញ។
 
សូមបញ្ជាក់ថា កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ បានរងទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មផ្សេងទៀតពីក្រុមប្រឹក្សាសន្តិសុខជាច្រើនលើក ដោយសារតែការសាកល្បងមីស៊ីលរបស់ខ្លួន៕ 
 
 

Tag:
 កូរ៉េខាងជើង
  UN
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com