ប្រសិទ្ធភាពនៃគោលនយោបាយសុខភាព និងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានធានាដល់ការចាប់ផ្ដើមឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក រួមទាំងការកើនឡើងតម្រូវការខាងក្រៅ។ ការណ៍នេះបានធ្វើឱ្យកម្ពុជាសម្រេចនូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងអត្រា៥,១ភាគរយ នៅឆ្នាំ២០២២។
របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា(NBC)ស្តីពីការអភិវឌ្ឍវិស័យម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារក្នុងចក្ខុវិស័យឆ្នាំ ២០២២ និងឆ្នាំ ២០២៣ បានបង្ហាញថា សេដ្ឋកិច្ចពិភពលោកបន្តងើបឡើងវិញ ដោយសារភាពធូរស្រាលនៃការរាលដាលនៃជំងឺកូវីដ-១៩។ ប៉ុន្តែ បញ្ហាប្រឈមមួយចំនួននៅតែបន្តមាន ដូចជាការរអាក់រអួលនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលធ្វើឱ្យទំនិញឡើងថ្លៃ ជាពិសេសប្រេងឥន្ធនៈ និងវត្ថុធាតុដើម។ កត្តាទាំងនេះ បានជំរុញឱ្យអតិផរណាសកលហក់ឡើងខ្ពស់ដល់ ៨,៨ភាគរយក្នុងឆ្នាំ ២០២២ (ធៀបនឹង ៣,៤ ភាគរយក្នុងឆ្នាំ ២០២១)ទាំងក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងលូតលាស់ (មានកម្រិត ៧,២ ភាគរយ និង ៩,៩ ភាគរយរៀងគ្នា)។
ដើម្បីទប់ស្កាត់ការកើនឡើងនេះ ធនាគារកណ្តាលភាគច្រើនបានដំឡើងអត្រាការប្រាក់គោល ក្នុងគោលបំណងកាត់បន្ថយតម្រូវការសម្រាប់ការវិនិយោគ និងការប្រើប្រាស់។ បើតាមNBC នៅកម្ពុជាប្រសិទ្ធភាពនៃការគ្រប់គ្រងវិបត្តិជំងឺកូវីដ-១៩របស់រដ្ឋាភិបាល បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកវិលរកប្រក្រតីភាពនាឆ្នាំ ២០២២។ ការដាក់ចេញវិធានការសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាបន្តបន្ទាប់ ពិសេសក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ និងការបន្ធូរបន្ថយបទប្បញ្ញត្តិក្នុងវិស័យធនាគារ បានជួយគាំទ្រ និងពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។
ម្យ៉ាងទៀត លំហូរវិនិយោគផ្ទាល់ពីបរទេសទទួលបានកំណើនវិជ្ជមានមកវិញជាមួយនឹងអត្រា ៤ ភាគរយ ដែលជាចម្បងទៅកាន់វិស័យកាត់ដេរ និងការកែច្នៃម្ហូបអាហារ បើទោះបីលំហូរទៅកាន់វិស័យមួយចំនួនទៀតថយចុះក៏ដោយ។ នេះបើតាម NBC។
ត្បិត អត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ២០២២ បានកើនដល់ ៥,៣ ភាគរយ ដែលជាអត្រាខ្ពស់ជាងឆ្នាំ ២០២១ (២,៩ ភាគរយ) ដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ ក៏ពិតមែន។ ប៉ុន្តែ នេះ គឺជាអត្រាដែលបានថយចុះជាបន្តបន្ទាប់នៅឆមាសទី២ ស្របពេលថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារបានថយចុះមកវិញ បើធៀនឹងចុងឆមាសទី១ អតិផរណានៅកម្ពុជាបានកើនខ្ពស់ ៧,៨ ភាគរយ។
NBC បានបញ្ជាក់ថា៖ «ស្ថានភាពអំណោយផលក្នុងស្រុក និងកំណើនតម្រូវការខាងក្រៅ បានជួយគាំទ្រឱ្យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ បន្តងើបឡើងក្នុងអត្រា ៥,១ ភាគរយ»។
ការកើនឡើងនេះ គឺអាស្រ័យលើកំណើននៃវិស័យកម្មន្តសាល ដែលត្រូវបានប៉ាន់ស្មានថាសម្រេចបានក្នុងអត្រា ៩,៨ភាគរយ សណ្ឋាគារ និងភោជនីយដ្ឋាន កើន១៥,២ភាគរយ ការដឹកជញ្ជូនកើន ៦,១ ភាគរយ និងអាជីវកម្មលក់ដុំរាយ កើន ៤,៥ ភាគរយ។ ទន្ទឹមនេះ ការនាំចេញបានកើនក្នុងអត្រា១៩,៨ ភាគរយ គឺលឿនជាងកំណើនការនាំចូល ៨ ភាគរយ ហើយចំណូលពីវិស័យទេសចរណ៍បានកើន ៦,៦ ដង ស្របពេលប្រាក់បង្វែររបស់ពលករពីក្រៅប្រទេសកើនឡើង ៤ភាគរយ។
សម្រាប់ឆ្នាំ២០២៣ NBC បានព្យាករថា សេដ្ឋកិច្ចកម្ពុជាបន្តកើនក្នុងរង្វង់៦ភាគរយ ទោះបីសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមមុខនឹងបញ្ហាមួយចំនួន និងចក្ខុវិស័យមិនច្បាស់លាស់ ក៏ដោយ។ វិស័យសំខាន់ដែលគាំទ្រដល់បង្កើនសេដ្ឋកិច្ចកម្ពុជា រួមមាន ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។
NBC បានបញ្ជាក់យ៉ាងដូច្នេះ៖ «សេដ្ឋកិច្ចកម្ពុជា នឹងបន្តសម្រេចបានក្នុងរង្វង់៦ភាគរយ នៅឆ្នាំ២០២៣ បើទោះបីមានបញ្ហប្រឈមខាងក្រៅខ្ពស់ក៏ដោយ»។ ប៉ុន្តែ អតិផរណានៅឆ្នាំ ២០២៣ នៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការអូសបន្លាយនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក។ បើតាមNBC ក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកអាចមានកំណើនទាបជាមួយនឹងការធ្លាក់ចុះតម្លៃម្ហូបអាហារ នោះ អតិផរណានៅកម្ពុជាត្រូវព្យាករថា នឹងធ្លាក់មកនៅត្រឹម ២,៥ ភាគរយ៕