ជាតិ
ភាពជោគជ័យរបស់កសិករគំរូម្នាក់ នាំ​ឱ្យ​កសិករ១០០គ្រួសារ ងាក​មក​ចិញ្ចឹមគោបំប៉នយកសាច់
14, Jan 2023 , 9:59 pm        
រូបភាព
រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។
រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។
ភ្នំពេញ៖ កសិករប្រមាណ ១០០គ្រួសារ នៅឃុំចុងជាច និងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានចាប់យកមុខរបរចិញ្ចឹមគោបំប៉នយកសាច់លក់ បន្ទាប់ពី​ឃើញ​ភាព​ជោគជ័យ​របស់​កសិករគំរូ ហ៊ួត លៀង។ បើតាម​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្មខេត្ត​ត្បូងឃ្មុំ ការ​ងាក​មក​ចិញ្ចឹមគោបំប៉នយកសាច់រ​បស់​កសិករទាំង​១០០គ្រួសារនេះ បាន​ផ្ដល់​ចំណូលផ្គត់ផ្គង់ជវីភាព​​ ជាពិសេស​​ចិញ្ចឹម​តាម​បច្ចេកទេស​ត្រឹម​ត្រូវ។

ភាពជោគជ័យរបស់កសិករគំរូ ហ៊ួត លៀង ដែលជា​ម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ និងបង្កាត់គោបែបសិប្បនិម្មិត បាន​ជំរុញឱ្យ​កសិករនៅឃុំចុងជាច និងឃុំតឹកជ្រៅ ស្រុកតំបែរ ប្រមាណ១០០គ្រួសារ ចាប់យករបរគោបំប៉នយកសាច់។ រយៈពេល​២ឆ្នាំ​ហើយ ដែលកសិករ​ទាំងនោះ ងាក​មក​​ចិញ្ចឹម​គោ​បំប៉ន​យក​សាច់​ ​បន្ថែមលើរបរធ្វើស្រែចម្ការ។ បច្ចុប្បន្ន កសិករទាំងនោះ មាន​គោ​ចាប់ពី​១០ក្បាល ក្នុង​មួយគ្រួសារ។
 
លោក ហ៊ួត លៀង ជា​កសិករម្នាក់ដែល​ជោគជ័យលើ​ការចិញ្ចឹមគោបំប៉នយក​សាច់ និងបង្កាត់បែបសិប្បនិម្មិត។ កសិកររូបនេះ បាន​ប្រែ​ក្លាយ​ពី​ការ​ចិញ្ចឹម​លក្ខណៈគ្រួសារ មកជា​កសិដ្ឋាន​ដែល​មាន​គោរហូតដល់ជាង ៧០០ក្បាល។ 
 
ក្រោយ​ពី​កសិករប្រមាណ ១០០គ្រួសារ ងាក​មក​ប្រកប​របរចិញ្ចឹមគោបំប៉នយកសាច់ លោក ហ៊ួត លៀង យល់ថា​ជារឿង​ល្អ។ ម្ចាស់កសិដ្ឋានចិញ្ចឹមគោបំប៉នយកសាច់ និងបង្កាត់គោបែបសិប្បនិម្មិតរូបនេះ ប្រាប់​សារព័ត៌មាន​ Thmey Thmey ២៥ ថា៖ «ខ្ញុំសប្បាយចិត្ត​ ដែល​គាត់មក​ចិញ្ចឹមតាមខ្ញុំ។ ពេល​ចិញ្ចឹមបាន​ពួកគាត់​លក់​ឱ្យខ្ញុំ​ខ្លះ និង​លក់​ឱ្យ​ឈ្មួញ​ខ្លះ​។ ពួកគាត់​ចេះ​បច្ចេកទេសចិញ្ចឹម​​ពីខ្ញុំ»។​
  

លោក ហ៊ួត លៀង (កំពុងឈរ) ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​នៅខេត្តត្បូងឃ្មុំ។ រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។

សាច់​គោ​ដែល​កសិករ​បំប៉ន​យក​សាច់នេះ ត្រូវ​បានដាក់​​លក់​លើ​ទីផ្សារ​ខេត្ត​ត្បូង​ឃ្មុំ។ តាមរយៈ​ការចូលរួម​របស់​កសិករប្រមាណ ១០០គ្រួសារ​​ លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និ​ងនេសាទ​ ខេត្ត​ត្បូង​ឃ្មុំ​ រីករាយ​ចំពោះ​កសិករ​ចាប់អារម្មណ៍​ចិញ្ចឹម​គោបំប៉នយកសាច់ ដែល​​ស្រប​តាម​បច្ចេកទេសត្រឹម​ត្រូវ​។ 


លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ។ រូបភាពពីមន្ទីរកសិកម្ម ខេត្ត​ត្បូងឃ្មុំ។
 
«​តាម​ពិត​ ខ្ញុំ​មិន​ចង់​ជឿ​ថា​បាន​ប៉ុណ្ណឹង​ផង​។ ខ្ញុំ​គិត​ថា​ចំនួន​នេះ ច្រើនណាស់​។ ខ្ញុំ​នឹង​ឱ្យ​មន្រ្តីជំនាញ​ចុះ​ណែនាំពី​ការ​ចិញ្ចឹម​បន្ថែមទៀត​»។ នេះជា​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូង​ឃ្មុំ ដោយ​បន្តថា​ ​ការ​ងាក​មក​ចិញ្ចឹម​តាម​គ្នានេះ មិន​ប៉ះពាល់​ដល់​​​តម្លៃលក់​ចេញ​​ឡើយ។ 
 
លោក ហេង ពិសិដ្ឋ ក៏​បាន​ណែនាំ​ដល់​កសិករ​​ចិញ្ចឹម​គោបំប៉នយកសាច់ ត្រូវ​​បន្តសម្រិតសម្រាំងពូជគោដែលមានសាច់ច្រើន និង​ឆាប់ធំ។ ជាពិសេស អនុវត្តឱ្យ​បានត្រឹមត្រូវលើ​ការចាក់វ៉ាក់សាំងការពារជំងឺឆ្លងសត្វនិងការអនុវត្តវិធានបសុព្យាបាល។ 

សត្វគោ​របស់​លោក ហ៊ួត លៀង។ រូបភាពពី​មន្ទីរកសិកម្ម​ខេត្តត្បូងឃ្មុំ។

ជាមួយ​គ្នានេះ កសិករ​ត្រូវ​ពង្រឹងគុណភាពបរិស្ថានក្នុងទ្រុង ដើម្បីឱ្យ​សត្វមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ។ បើតាម​ប្រធាន​មន្ទីរកសិកម្ម​ខេត្ត​ត្បូងឃ្មុំ កសិករ​ គួរ​ពង្រីកការដាំស្មៅចំណីសត្វ និងការធ្វើចំណីសត្វដោយខ្លួនឯង ដើម្បី​កាត់បន្ថយការទិញពីក្រៅដែលមានតម្លៃខ្ពស់។ លើសពីនេះ កសិករ​ត្រូវ​ចងក្រងជាសហគមន៍ ដើម្បីឈានទៅចាប់ដៃគូទីផ្សារធំៗក្នុងការលក់សាច់ ឬ​លក់លាមកសត្វ៕ 
 

Tag:
 កសិកម្ម
  ត្បូងឃ្មុំ
  ​ចិញ្ចឹមគោបំប៉នយកសាច់
© រក្សាសិទ្ធិដោយ thmeythmey.com