ជាតិ
APA-១៣៖ រដ្ឋសភាកម្ពុជា ចាត់ទុកពហុភាគីនិយមជាមធ្យោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
14, Jan 2023 , 3:18 pm        
រូបភាព
លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមមហាសន្និបាតសភា តំបន់អាស៊ី(APA) លើកទី១៣។ រូបពី AKP
លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមមហាសន្និបាតសភា តំបន់អាស៊ី(APA) លើកទី១៣។ រូបពី AKP
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំមហាសន្និបាតសភា តំបន់អាស៊ីលើកទី១៣ គណៈប្រតិភូសភាកម្ពុជា បានសង្កត់ធ្ងន់លើ ពហុភាគីនិយម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព។

 
គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានថ្លែងក្នុងបទអន្តរាគមន៍ នៅមហាសន្និបាតសភាតំបន់អាស៊ី(APA) នាទីក្រុងអានតាលីយ៉ា ប្រទេសតួកគីថា ការពង្រឹងពហុភាគីនិយមពិតជាចាំបាច់ បំផុតសម្រាប់ពិភពលោក។
 
«ពហុភាគីនិយមជាមធ្យោបាយដ៏សំខាន់មួយក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព ដើម្បីសហគមន៍អន្តរជាតិទទួលបានជោគជ័យ និងសម្រេចបាននូវវិបុលភាពរួមគ្នាសម្រាប់ទាំងអស់គា្ន ហើយសមិទ្ធផលនៃការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម និងសន្តិភាពរបស់ពិភពលោក គឺមិនអាចសម្រេចទៅបានដោយគ្មាន ពហុភាគីនិយមនោះឡើយ»។ គណៈប្រតិភូសភាកម្ពុជាលើកឡើងបែបនេះ។ 
 
 
មហាសន្និបាតលើកទី១៣ ចាប់ពីថ្ងៃទី៦ដល់១២មករានេះ មានការចូលរួមពីគណៈប្រតិភូសភាជាសមាជិក APA ចំនួន២៥ប្រទេស ,ប្រទេសសង្កេតការណ៍ចំនួន២ និងអង្គការសង្កេតការណ៍ចំនួន៣។ 
 
ទន្ទឹមនឹងនេះ គណៈប្រតិភូសភាកម្ពុជា ចូលរួមយ៉ាងសកម្ម ក្នុងគ្រប់កិច្ចប្រជុំរបស់មហាសន្និបាត រួមមានកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ, កិច្ចប្រជុំពេញអង្គ, កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្ដីពីកិច្ចការនយោបាយជាដើម។ ក្រៅពីនេះ គណៈប្រតិភូកម្ពុជា ក៏បានរំលេចអំពីលទ្ធផលជោគជ័យ របស់កម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រួមទាំងការដឹកនាំមហាសន្និបាត អន្តរសភាអាស៊ានលើក ទី៤៣ (AIPA43) ។ 
 
ជាលទ្ធផល ក្នុងមហាសន្និបាត APA-១៣ បានចេញនូវ «សេចក្ដីថ្លែងការណ៍ទីក្រុងអានតាលីយ៉ា និង អនុម័តសេចក្តីសម្រេចចិត្តចំនួន២៩»។ ការអនុម័តសេចក្តីសម្រេចចិត្តនេះ មានសេចក្ដីសម្រេចចិត្តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីកិច្ចការនយោបាយចំនួន៨, សេចក្តីសម្រេចចិត្តរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីកិច្ចការសង្គមនិងវប្បធម៌ចំនួណ១៣, សេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាពចំនួន៧ និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្ដីពីថវិកា និងផែនការចំនួន១។
 
ជាមួយគ្នាដែរគណៈប្រតិភូសភាកម្ពុជា ក៏បានជួបពិភាក្សា ការងារជាមួយ អគ្គលេខាធិការ APA និងគណៈប្រតិភូសភា មួយចំនួនដូចជា តួកគី អ៊ីរ៉ង់ ឥណ្ឌា រុស្ស៊ី អាស៊ែបៃហ្សង់ បង់ក្លាដែស ឡាវ ឥណ្ឌូណេស៊ី និង ថៃឡង់ដ៍ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីឱ្យកាន់តែ សកម្ម និងខ្លាំងក្លាឡើងថែមទៀត៕
 

Tag:
 APA-១៣
© រក្សាសិទ្ធិដោយ thmeythmey.com