ជាតិ
យុវជនសកម្ម សេវាល្អ
ពោធិ៍សាត់៖ ប៉ុស្តិ៍អន្សាចំបក់ ដាក់វិធានការតឹងរឹងក្នុងការលុបបំបាត់ការលេងល្បែងស៊ីសងក្នុងឃុំ
15, Jan 2023 , 9:29 am        
រូបភាព
 លោក ថេត សុវត្ថធី មេប៉ុស្តិ៍អន្សាចំបក់ ស្រុកក្រគរ ខេត្តកោះកុង។
លោក ថេត សុវត្ថធី មេប៉ុស្តិ៍អន្សាចំបក់ ស្រុកក្រគរ ខេត្តកោះកុង។
ដោយ៖ ឈីន សុខគុន (យុវជនឃុំអន្សាចំបក់) 

ស្រុកក្រគរ, ពោធិ៍សាត់, ៖ ប៉ុស្តិ៍នគរបាលអន្សាចំបក់ បានដាក់ចេញវិធានការតឹងរឹង ទប់ស្កាត់សកម្មភាពល្បែងស៊ីសងនៅក្នុងឃុំ។ វិធានការ​នេះ ​ធ្វើឡើងក្រោយការប្រកាសបញ្ជា​របស់ថ្នាក់ដឹកនាំ ឱ្យរឹតបន្តឹង និងបង្រ្កាបរាល់ល្បែងស៊ីសងដែលកំពុងរាលដាលយ៉ាងខ្លាំងទូទាំងប្រទេស។ មកដល់ពេលនេះ ល្បែងស៊ីសងទ្រង់ទ្រាយធំ នៅឃុំអន្សាចំបក់ ត្រូវបានលុបបំបាត់ស្ទើរទាំងស្រុង ពោលគឺនៅសល់តែការលេងលួចលាក់ប៉ុណ្ណោះ។

 
នាយប៉ុស្តិ៍នគរបាលអស្សាចំបក់ លោក ថេត សុវត្ថធី បានលើកឡើងថា សកម្មភាពល្បែងស៊ីសង នៅក្នុងមូលរដ្ឋានរបស់លោក ត្រូវបានលុបបំបាត់ជាបន្តបន្ទាប់ ជាពិសេសល្បែង ដែលមានលក្ខណៈទ្រង់ទ្រាយធំ។​ថ្វីបើអាជ្ញាធរបានបង្រ្កាបបទល្មើសពាក់ព័ន្ធនឹងការលេង​ ល្បែងស៊ីសងនេះជាញឹកញាប់ ​ប៉ុន្តែលោក ថេត សុវត្ថធី ទទួលស្គាល់ថា ការទប់ស្កាត់សកម្មភាពល្មើសនេះក្នុងសហគមន៍ខ្លួន មានភាពលំបាក ដោយ​សារ​ពលរដ្ឋមិនសូវសហការ​។ ម្យ៉ាងទៀត កម្លាំងសមត្ថកិច្ចមិនគ្រប់គ្រាន់ សម្រាប់ការបង្រ្កាប ខណៈប្រជាការពារភូមិ មិនប្រាក់ឧបត្ថម្ភ ក្នុងការយាមល្បាត។ រយៈពេល ៥ឆ្នាំចុងក្រោយនេះ ល្បែងស៊ីសង នៅឃុំអន្សាចំបក់ នៅសល់ប្រហែល ១០ភាគរយប៉ុណ្ណោះ ដែលជាការលួចលេង។ 
 
លោក ប្រាប់ដូច្នេះថា៖«ពីមុនល្បែង សុទ្ធតែមានអាជ្ញាបណ្ណ ដូចជាឆ្នោតអីហ្នឹង ដើរលក់ចេញទឹកពេញដី។ តែឥឡូវ អត់មានទេ សូម្បីតែល្បែងអនឡាញ ក៏ចាប់អស់ដែរ ក្រោមការអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាល។ យើងមិនហ៊ាន និយាយថា លុបបំបាត់អស់១០០ភាគរយនោះទេ គឺនៅសល់តិចតួច ដែលលួចលេង។ ប៉ុន្តែបញ្ហាទាំងហ្នឹង បើយើងឃើញលេង ហើយចាប់បាន ខ្ញុំនឹងអនុវត្តតាមច្បាប់ភ្លាមតែម្ដង»។  
 
ការលេងល្បែងស៊ីសង បានជិះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ដល់សង្គមនិងគ្រួសារ ដូចជា ការកើតមានចោរកម្ម អំពើហិង្សា បង់ខាតពេលវេលា និងសេដ្ឋកិច្ចគ្រួសារ ជាដើម។ ជាមួយគ្នានេះ នាយប៉ុស្តិ៍អន្សាចំបក់ បានដាក់ចេញវិធានការផ្សព្វផ្សាយ និងណែនាំបន្តទៀត ដល់ពលរដ្ឋ ដើម្បីធ្វើយ៉ាងលុបបំបាត់ល្បែងស៊ីសង នៅពេលអនាគត់។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 សេវាសាធារណៈ
  ឃុំអន្សាចំបក់
  ខេត្តពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com