ជាតិ
សម្ដេច ហ៊ុន សែន បន្តផ្ដល់មេធាវីការពារអ្នកសារព័ត៌មាន ហើយផ្ដាំមន្ត្រីកុំឱ្យចាត់ទុកអ្នកសារព័ត៌មានជាសត្រូវ
15, Jan 2023 , 12:29 pm        
រូបភាព
ដោយ៖ ធឿន បញ្ញាឫទ្ធិ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ឱ្យមន្ត្រីក្នុងជួររដ្ឋាភិបាល គ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ មិនត្រូវចាត់ទុកអ្នកសារព័ត៌មានជាសត្រូវនោះទេ។ សម្ដេច មានផ្ដែផ្ដាំបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៥ ប្រមាណជិត៥,០០០នាក់ នាថ្ងៃទី១៤ មករា នៅមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។


 
«វានឹងជាកំហុសដ៏ធ្ងន់ធ្ងរនៃការដឹកនាំ ប្រសិនបើអ្នកទាំងអស់គ្នា ចាត់ទុកថា អ្នកសារព័ត៌មានគឺជាសត្រូវរបស់ខ្លួន»។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន សែន ដែលបានប្រាប់មន្ត្រីរដ្ឋាភិបាល ឱ្យមានភាពសកម្មក្នុងការទំនាក់ទំនង និងបកស្រាយរាល់ចម្ងល់របស់អ្នកសារព័ត៌មាន ដែលមានចេតនាល្អ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ។ 
 
សម្ដេច ហ៊ុន សែន ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការយកអ្នកសារព័ត៌មានធ្វើជាដៃគូ ក្នុងការស៊ើបអង្កេតលើបទល្មើសនានា ដូចជា ល្បែងស៊ីសង និងគ្រឿងញៀនជាដើម។ សម្ដេច ក៏ជំរុញឱ្យមន្ត្រីខ្លួន បន្ដចូលរួមយុទ្ធនាការ ប្រយុទ្ធជាមួយនឹងភាពអសកម្ម ភាពមិនប្រក្រតី អំពើពុករលួយ និងភាពអយុត្ដិធម៌នៅក្នុងសង្គម ដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព ។
 
ត្រង់ចំណុចនេះ សម្ដេច ក៏ស្នើឱ្យអ្នកសារព័ត៌មាន ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ដែលកំពុងកែទម្រង់រដ្ឋ ដើម្បីឱ្យមានតម្លាភាពនេះ ប៉ុន្តែទាមទារឲ្យអ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈ មានសមត្ថភាព និងសិក្សាបញ្ហាដ៏ស៊ីជម្រៅ ។ ជាពិសេសហ៊ានបញ្ចេញនូវការពិតមិនខ្លាច មិនក្លែងបន្លំ មិនបំភ្លៃការពិត និងត្រូវបន្ដបំផ្លាញចោលពួកឱកាសនិយម ដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ជ្រកក្រោមផ្លាកសារព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃរបស់អ្នកសារព័ត៌មានទូទៅ និងស្ថាប័នសារព័ត៌មាន។
 
បន្ថែមពីនេះ សម្ដេច ហ៊ុន សែន ក៏ប្រកាសបន្តផ្ដល់មេធាវីការពារដល់អ្នកសារព័ត៌មាន ដែលហ៊ានបញ្ចេញការពិត ដោយមានភស្តុតាងគ្រប់គ្រាន់ផងដែរ។ «ខ្ញុំមិនទទួលជួយអ្នកសារព័ត៌មានណា ដែលបំផ្លាញគេនោះទេ»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល។
 
ចំណែកសមាគមអ្នកសារព័ត៌មាន ត្រូវបន្ដសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ បណ្ដុះបណ្ដាលវិជ្ជាជីវៈ សមត្ថភាពជំនាញដល់បុគ្គលិក និងភ្នាក់ងាររបស់ខ្លួន ឱ្យដើរទាន់ការវិវត្ដន៍បច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយឌីជីថល ដែលអាចជួយបំពេញការងារបានរហ័ស និងទាន់សភាពការណ៍ ។ នេះបើតាមប្រមុខរដ្ឋាភិបាល៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com