ជាតិ
សង្គមជាតិ
ឈប់ប្រើថ្នាំAMBRONOL SYRUP ជាបន្ទាន់ ព្រោះមានផ្ទុកសារ​ធាតុ​គីមីលើសកម្រិត អាចបង្កគ្រោះថ្នាក់ដល់កុមារ
15, Jan 2023 , 2:29 pm        
រូបភាព
ក្រសួងសុខាភិបាល ប្រកាសឱ្យពលរដ្ឋទាំងអស់​ឈប់ប្រើប្រាស់ថ្នាំAMBRONOL SYRUP ជាបន្ទាន់ ព្រោះវាមានសារធាតុគីមីលើសកម្រិតបទដ្ឋានស្តង់ដារ ដែលអាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់ជីវិត។

 
ថ្នាំ AMBRONOL SYRUP សម្រាប់កុមារ ផលិតពីរោងចក្រ MARION BIOTECH PVT.LTD នៅប្រទេសឥណ្ឌា​ កំពុងចរាចរណ៍លើទីផ្សារកម្ពុជា នាំចូលដោយក្រុមហ៊ុនQuramax (Cambodia) Limited ត្រូវបានក្រសួងសុខាភិបាលហាមពលរដ្ឋប្រើប្រាស់ជាបន្ទាន់ និងត្រូវប្រមូលពីទីផ្សារមកវិញទាំងអស់។
 
ការហាមនេះ គឺបន្ទាប់ពីអង្គការសុខភាពពិភពលោក រកឃើញថាឱសថ AMBRONOL SYRUP មានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រផលិតឱសថ MARION BIOTECH PVT. LTD, India (មានលេខឡូតិ៍ AAS2103, AAS2201, AAS2202 និង AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់ជីវិត។ 
 
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១២មករា បានបញ្ជាក់ថា៖ «ការផ្ទុកសារជាតិគីមីកម្រិតបទដ្ឋានស្តង់ដារនេះ នឹងផលរំខានធ្ងន់ធ្ងរដល់អ្នកប្រើប្រាស់ដែលជាកុមារ ដូចជា៖ ឈឺពោះ ក្អួត រាគ ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ដែលអាចបង្កឱ្យស្លាប់បាន»។
 
ដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ក្រសួងសុខាភិបាល បានតម្រូវឱ្យក្រុមហ៊ុន Quramax (Cambodia) Limited  ដែលបាននាំចូល និងចែកចាយថ្នាំ AMBRONOL SYRUP ត្រូវប្រមូលយកមកវិញ ពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន)នានា នៅកម្ពុជា។ 
 
ជាមួយគ្នានេះ គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំ AMBRONOL SYRUP រួមទាំងហាមឱសថស្ថានទាំងអស់ ត្រូវឈប់លក់ឱសនេះចាប់ពីថ្ងៃនេះតទៅ។
 
ចំពោះក្រុមហ៊ុនអាហរ័ណ នីហរ័ណឱសថ និងឱសថស្ថានឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្ត លក់ថ្នាំAMBRONOL SYRUP នេះ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់។​ ក្នុងករណីពលរដ្ឋប្រទះឃើញថ្នាំនេះ សូមប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង តាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕
 
 

Tag:
 សុខាភិបាល
  ថ្នាំ
© រក្សាសិទ្ធិដោយ thmeythmey.com