ជាតិ
សេដ្ឋកិច្ច
ខេត្ត«បាត់ដំបង» ជាប់លេខ១ ជាទីក្រុងមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២
15, Jan 2023 , 1:29 pm        
រូបភាព
ពលរដ្ឋយ៉ាងច្រើនកុះករ​មកកម្សាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំសកលក្នងបរិវេណទីរួមខេត្តបាត់់ដំបង នារាត្រីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២២​
ពលរដ្ឋយ៉ាងច្រើនកុះករ​មកកម្សាន្តក្នុងពិធីបុណ្យឆ្លងឆ្នាំសកលក្នងបរិវេណទីរួមខេត្តបាត់់ដំបង នារាត្រីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២២​
ខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ១ ពីការប្រកួតប្រជែង«ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២»។ នេះបើតាមលទ្ធផលនៃការប្រកួតដែលចេញដោយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​។

 
កាលពីថ្ងៃទី៣១ធ្នូ ឆ្នាំ២០២២ ដល់ ថ្ងៃទី២មករា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត​​ និង ក្រសួងទេសចរណ៍ បានបើកឱ្យសាធារណជនចូលរួមបោះឆ្នោតគាំទ្រទីក្រុងដែលខ្លួនពេញចិត្តជាងគេបំផុត នៃកម្មវិធីប្រកួតប្រជែង«ទីក្រុងស្អាតដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២» តាមរយៈគេហទំព័រផ្លូវការ http:bestcountdowncity.cambodiaclancity.gov.kh/។ 
 
ជាលទ្ធផល គឺខេត្តបាត់ដំបង បានជាប់ជ័យលាភីលេខ១ ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ។ សម្រាប់ជ័យលាភីលេខ២ បានទៅលើខេត្តព្រះសីហនុ ខណៈខេត្តសៀមរាប ជាប់លេខ៣​។ ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពិធីប្រគល់ពានរង្វាន់ដល់ខេត្តជ័យលាភីទាំងបីនេះ នឹងប្រព្រឹត្តិឡើងក្នុង«ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត» នៅថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៣។ 
 
របាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២២ កម្ពុជាមានភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង២លាននាក់ បានដើរកម្សាន្តនៅតាមតំបន់គោលដៅនានានៅទូទាំងប្រទេស។ ក្នុងនោះ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរចំនួន ១៥៨ ១១០នាក់, ខេត្តព្រះសីហនុ គឺទទួលអ្នកទេសចរ៣៣៨ ៥៥២នាក់ និងខេត្តសៀមរាប ទទួលបានអ្នកទេសចរ ចំនួន៣៣៧ ៧៦៩នាក់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com