អន្តរជាតិ
ប៉េកាំង ជំរុញឱ្យអាម៉េរិក-ជប៉ុនបោះបង់គំនិតបែបសង្រ្គាមត្រជាក់ និងកៀបសង្កត់ចិន
17, Jan 2023 , 12:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែមករា។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៦ ខែមករា។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៦ ខែមករា បានជំរុញឱ្យអាម៉េរិក និងជប៉ុនបោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់ និងឈប់កៀបសង្កត់លើការអភិវឌ្ឍរបស់ខ្លួន រួមទាំងឈប់ពង្រីកសកម្មភាពយោធា ដើម្បីឱ្យពិភពលោកមានសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

 
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ នៅថ្ងៃទី១៣ ខែមករាកន្លងមក បានជួបគ្នានៅក្នុងក្រុងវ៉ាស៊ីនតោន និងបានឯកភាពថាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានកើនឡើងបញ្ហាប្រឈមយ៉ាងខ្លាំង រួមទាំងសកម្មភាពមិនគោរពសណ្តាប់ធ្នាប់អន្តរជាតិរបស់ចិនថែមទៀត។ ត្រង់ចំណុចនេះ មេដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាពង្រឹងសម្ព័ន្ធភាពប្រទេសទាំងពីរ រួមទាំងការប្តេជ្ញារបស់អាម៉េរិកចំពោះការការពាររបស់ជប៉ុន និងរិះគន់ចិនលើសកម្មភាពនៅសមុទ្រចិនខាងកើត និងតៃវ៉ាន់ផង។ 
 
យ៉ាងណាមិញ ទង្វើរបស់ក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ ធ្វើឱ្យទីក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង និងជំរុញឱ្យប្រទេសទាំងពីរបោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់។ 
 
«យើងទទូចឱ្យអាម៉េរិក និងជប៉ុនបោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់ បញ្ឈប់គំនិតកៀបសង្កត់ចិន រួមទាំងការពង្រឹងសកម្មភាពយោធាដ៏គ្រោះថ្នាក់ និងការឃោសនាធ្វើឱ្យវឹកវរក្នុងពិភពលោក»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានក្នុងថ្ងៃទី១៦ ខែមករា។
 
បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន គ្មានប្រទេសណាមួយ អាចរារាំងការអភិវឌ្ឍរបស់ចិនបានឡើយ ហើយចិននឹងធ្វើគ្រប់យ៉ាង ដើម្បីការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍរបស់ខ្លួន។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល មន្រ្តីចិនរូបនេះ ក៏បានតបនឹងការពង្រឹងសកម្មភាពយោធាជប៉ុនមួយរយៈចុងក្រោយនេះផង។ លោក Wang បានលើកឡើងថា ជប៉ុនមិនបានមើលពីប្រវត្តិសាស្រ្តរបស់ខ្លួនឡើយ ហើយរដ្ឋាភិបាលប្រទេសមួយនេះ មានតែបង្កើនការចំណាយយោធាក្នុងរយៈពេល ១១ឆ្នាំជាប់គ្នា ហើយថែមទាំងកែប្រែគោលនយោបាយយោធាខ្លួនថែមទៀត។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានចោទជប៉ុនផងដែរថា មានចេតនាចង់នាំសម្ព័ន្ធយោធាណាតូមកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកថែមទៀត។ ត្រង់ចំណុចនេះ លោក វ៉ាង បានប្រាប់រដ្ឋាភិបាលក្រុងតូក្យូយ៉ាងច្បាស់ៗថា ប្រទេសណាដែលស្វែងរកការបំផ្លាញ និងបង្កហានិភ័យដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក​ នឹងត្រូវបានបដិសេធដោយប្រទេសនៅក្នុងតំបន់។ 
 
បន្ថែមពីជប៉ុន លោក Wang ក៏បានរិះគន់អាម៉េរិកជុំវិញសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ផង។ មន្រ្តីក្រសួងការបរទេសចិន បានយល់ថា អាម៉េរិកមិនបានខ្វល់ពីសណ្តាប់ធ្នាប់ ឬវិធានអ្វីឡើយ។  ផ្ទុយទៅវិញអាម៉េរិក ខ្វល់តែពីអនុត្តរភាពរបស់ខ្លួនប៉ុណ្ណោះ។ 
 
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន នៅថ្ងៃទី២៣ ខែធ្នូ កន្លងទៅបានអនុម័តកញ្ចប់ថវិកាសម្រាប់វិស័យការពារជាតិក្នុងទំហំ ៥១,២ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២៣។ នៅក្នុងឆ្នាំ២០២២ ការចំណាយលើយោធារបស់ជប៉ុនមានត្រឹមតែ ៤០,៦ពាន់លានដុល្លារប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០២៣​ ជប៉ុនបានបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២៦,៣ភាគរយឯណោះ៕ 
 

Tag:
 អាម៉េរិក
  ជប៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com