កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo នឹងបង្ហាញខ្លួន ឱ្យក្រុមតារាអារ៉ាប៊ីសាអូឌីតលើកដំបូងទល់ PSG 
×![]()
Cristiano Ronaldo នឹងត្រូវបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតមិត្តភាព ឱ្យក្រុមតារានៃក្លិបនៅអារ៉ាប៊ីសាអូឌីតទល់ក្រុមយក្សបារាំង Paris Saint Germain គិតចាប់តាំងពីចូលរួមជាមួយក្រុម Al Nassr នៅដើមឆ្នាំ ២០២៣ មក។ ក្រុមតារាបាល់ទាត់ Riyadh ST XI ដែលបានបូកបញ្ចូលគ្នានឹងដឹកនាំដោយ Ronaldo ជាប្រធានក្រុម ដើម្បីតទល់ PSG ដែលមាន Lionel Messi, Neymar និង Kylian Mbappe ជាដើម។
កីឡាករវ័យ ៣៧ឆ្នាំ សញ្ជាតិព័រទុយហ្កាល់នឹងដឹកនាំក្រុមដែលរួមបញ្ចូលគ្នារវាងក្រុម Al Nassr ជាមួយ Al Hilal នៃលីគកំពូលអារ៉ាប់ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Riyadh Season Cup 2023។ ការប្រកួតមិត្តភាពដណ្តើមពានរង្វាន់នេះ ក៏នឹងក្លាយជាការជួបគ្នាលើកចុងក្រោយបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់រវាង Ronaldo និង Messi ផងដែរ។
ចំណោមកីឡាករដែលបង្ហាញខ្លួនប្រកួត ក៏មានកីឡាករមកពីក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត Salem Al-Dawsari ដែលជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះលើអាហ្សង់ទីអំឡុងវគ្គចែកពូលនៃព្រឹត្តិការណ៍ World Cup 2022 ហើយក៏មានកីឡាករ Saud Abdulhamid ដែរ។
សម្រាប់ការប្រកួតដែលជាការជួបគ្នារវាងតារាបាល់ទាត់ឆ្នើមលើពិភពលោកទាំងពីរដែលធ្វើឡើងក្នុងទីក្រុង Riyahd ត្រូវបានខាងអ្នករៀបចំការប្រកួតរាយការណ៍ថា មានការស្នើសុំទិញសំបុត្រតាមបណ្តាញអ៊ិនធឺណិតច្រើនជាង ២លានដង។
បច្ចុប្បន្នសម្រាប់ការដេញថ្លៃសំបុត្រមាសដែលមានឈ្មោះថា «Beyond Imagination» សម្រាប់ទស្សនាការប្រកួត បូករួមជាមួយលក្ខខណ្ឌពិសេសជាច្រើនដែលនឹងបានជួបកីឡាករសំខាន់ក្នុងការប្រកួតទាំងពីរ និងចូលរួមអបអរពានរង្វាន់ជាមួយក្រុមឈ្នះ។ សំបុត្រមួយនេះកំពុងតែស្ថិតក្នុងការដេញថ្លៃក្នុងតម្លៃ ២,៦៦លានដុល្លារ ដោយម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ AqarOne លោក Mushref Al-Ghamdi ហើយការដេញថ្លៃនេះនឹងបញ្ចប់នៅថ្ងៃទី១៧ ខែមករា។
ចំណែក Ronaldo វិញ ការប្រកួតទល់ PSG និងក្លាយជាការបង្ហាញវត្តមានដំបូងរបស់គេលេងឱ្យក្លិបនៅអារ៉ាប៊ីសាអូឌីត ចាប់តាំងពីគេបានផ្លាស់ទៅទឹកដីតំបន់អារ៉ាប់មួយនេះ។ ចូលរួមជាមួយ Al Nassr ដែលប៉ាន់ស្មានថា Ronaldo នឹងទទួលបានថ្លៃពលកម្ម ២១៣លានដុល្លារក្នុងមួយឆ្នាំ បានខកខាន ២ប្រកួតសម្រាប់ Al Nassr ដោយសារលើសកូតាកីឡាករបរទេស។
បន្ទាប់តែពីការប្រកួតរបស់ Ronaldo ទល់នឹងក្រុម PSG បានបញ្ចប់រួចទៅម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យរូបនេះនឹងបង្ហាញខ្លួនលេងឱ្យ Al Nassr សម្រាប់ការប្រកួតប្រជែងលីគកំពូល Saudi Pro League វិញម្តងនៅថ្ងៃទី២២ ខែមករា ដោយលេងទល់ក្រុម Al Ettifaq៕
Tag:
Cristiano Ronaldo
PSG
© រក្សាសិទ្ធិដោយ thmeythmey.com