កីឡាជាតិ
ជាតិ
ប្រណាំងម៉ូតូភ្នំនៅខេត្តមណ្ឌលគីរី៖ កីឡាករកម្ពុជាឈ្នះមេដាយប្រាក់ ឯថៃបានមេដាយមាស
17, Jan 2023 , 7:59 pm        
រូបភាព
កីឡាករ ជា លីឃៀង ក្នុងពេលប្រកួតកីឡាប្រណាំងម៉ូតូភ្នំ។ រូបពី ជា លីឃៀង
កីឡាករ ជា លីឃៀង ក្នុងពេលប្រកួតកីឡាប្រណាំងម៉ូតូភ្នំ។ រូបពី ជា លីឃៀង
ដោយ:
កីឡាករ ជា លីឃៀង ទទួលបានចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ ខណៈកីឡាករថៃ Ratchanon Seapat ឈ្នះមេដាយមាស ពីការប្រកួតកីឡាប្រណាំងម៉ូតូភ្នំ(12 Motor Park Enduro cross challenge 2023) ដែលធ្វើនៅខេត្តមណ្ឌលគីរី។

 
វិញ្ញាសាម៉ូតូភ្នំ កម្រិតA កីឡាករ ជា លីឃៀង ពាក់ស្លាកលេខA117 មកពីក្រុមKean moto Shop ទទួលបានចំណាត់ថ្នាក់លេខ២ ដោយប្រើថេរវេលា ២២នាទី និង៣៤វិនាទី តាមពីក្រោយកីឡាករថៃ Ratchanon Seapat ពាក់ស្លាកលេខA11 មកពីក្រុម Team Thai ទទួលបានចំណាត់ថ្នាក់លេខ១ ដោយប្រើថេរវេលា ២២នាទី និង០៨វិនាទី ខណៈលេខ៣ បានទៅកីឡាករកម្ពុជា Boy ពាក់ស្លាកលេខA711 មកពីក្រុម Wolfver ប្រើថេរវេលា ២២នាទី និង៤៣វិនាទី។
 
ចំណែកវិញ្ញាសាម៉ូតូភ្នំ កម្រិតB ចំណាត់ថា្នក់លេខ១ បានទៅកីឡាករថៃ Nouveau Thaibaut ពាក់ស្លាកលេខB20 មកពីក្រុមតោក្រហម Kazumina ប្រើថេរវេលា ១៨នាទី និង២១វិនាទី ខណៈលេខ២ បានទៅកីឡាករកម្ពុជា ស្លា សីហា ពាក់ស្លាកលេខB4 មកពីក្រុម Kheang Moto Shop ប្រើថេរវេលា ១៨នាទី និង៥៦វិនាទី និងលេខ៣ បានទៅកីឡាករកម្ពុជា យៀ តុងលី ពាក់ស្លាកលេខB11 មកពីក្រុម Cheang Sal ប្រើថេរវេលា ១៩នាទី និង៣៨វិនាទី។
 
វិញ្ញាសាម៉ូតូភ្នំកម្រិតយុវជន លេខ១ បានទៅកីឡាករ ផានិត ពាក់ស្លាកលេខKID2 មកពីក្រុមKhna Bike shop ប្រើថេរវេលា ០៥នាទី និង៣៨វិនាទី លេខ២ បានទៅកីឡាករ វីរៈ ករុណា ពាក់ស្លាកលេខKID1 មកពីក្រុមDunlup ប្រើថេរវេលា ០៥នាទី និង៤៣វិនាទី និងលេខ៣ បានទៅកីឡាករ អ៊ុន ឡុង ពាក់ស្លាកលេខKID3 មកពីក្រុមDerm krasang ប្រើថេរវេលា ០៥នាទី និង៤៤វិនាទី។
 
ក្រោយបញ្ចប់ការប្រកួត លោក ឈឹម នរិន្ទ ស្ថាបនិករៀបចំការប្រកួតកីឡាប្រណាំងម៉ូតូភ្នំអះអាងថា ការរៀបចំការប្រកួតនេះគឺមានគោលបំណងផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយឱ្យងាកមកលេងកីឡាឱ្យបានច្រើន និងជៀសឆ្ងាយពីអំពើអបាយមុខ។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៧ ខែមករា លោក ឈឹម នរិន្ទ និយាយថា៖«សម្រាប់វិស័យម៉ូតូនៅកម្ពុជាខ្ញុំយល់ឃើញថាល្អ ព្រោះការរៀបចំគឺស្របទៅតាមសហព័ន្ធដែលបានកំណត់ ហើយណាមួយវិស័យម៉ូតូនេះបានជំរុញឱ្យប្អូនៗជំនាន់ក្រោយចាប់យកវិស័យកីឡាបានច្រើន ជៀសវាងការប្រើប្រាស់គ្រឿងញៀន»។
 
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រណាំងម៉ូតូភ្នំ (12 Motor Park Enduro cross challenge 2023) នឹងធ្វើនៅថ្ងៃទី១៣-១៥ ខែមករា ក្នុងខេត្តមណ្ឌលគីរី មានរយៈចម្ងាយផ្លូវនៃការប្រកួត ២០គីឡូម៉ែត្រ ដែលមានកីឡាករចូលរួមប្រកួតចំនួន៨០នាក់ មកពីបណ្តាប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង ថៃ វៀតណាម កម្ពុជា៕
 

Tag:
 កីឡាប្រណាំងម៉ូតូ
 ជា លីឃៀង
© រក្សាសិទ្ធិដោយ thmeythmey.com