ជាតិ
ទេសចរណ៍ពិសេសទៅកាន់ក្រុងរ៉ូម ម៉ូណាកូ និងប៉ារីសរបស់ព្រះភិក្ខុ សាន សុជា និងលោក គួច ម៉េងលី
17, Jan 2023 , 5:43 pm        
រូបភាព
ព្រះភិក្ខុ សាន សុជា និង​លោក គួច ម៉េងលី មុនពេល​ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ។ រូបថត ហ្វេសប៊ុក លោក គួច ម៉េងលី
ព្រះភិក្ខុ សាន សុជា និង​លោក គួច ម៉េងលី មុនពេល​ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ។ រូបថត ហ្វេសប៊ុក លោក គួច ម៉េងលី
ដោយ: រួបរួម
ពីក្រុងរ៉ូម បុរីវ៉ាកង់ បន្តទៅដល់បុរីក្សត្រម៉ូណាកូ និងបញ្ចប់នៅក្រុងប៉ារីស។ ទាំងនេះ ជាកម្មវិធីនៃដំណើរទេសចរណ៍ពិសេសរបស់ព្រះភិក្ខុ សាន សុជា និងលោកវេជ្ជបណ្ឌិត គួច ម៉េងលី រួមជាមួយបូជាចារ្យកាតូលិក លោក Will Conquer (លោកឪ គង់ វៀល) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា។ ដំណើរទេសចរណ៍ពិសេសនេះ ជាការសិក្សាឈ្វេងយល់ និងជាការចែករំលែកពីសារសំខាន់នៃតួនាទីសាសនាក្នុងការផ្លាស់ប្តូរអាកប្បកិរិយា ជាពិសេសតាមរយៈប្រព័ន្ធបណ្តាញសង្គម។

 
ក្នុងដំណើរទេសចរណ៍៥ថ្ងៃនៅអឺរ៉ុបដែលមានឈ្មោះថា Rome Monaco Paris (RMP) Friendship Tour នេះ ព្រះភិក្ខុ សាន សុជា, លោក គួច ម៉េងលី និងលោក Will Conquer មានកម្មវិធីទស្សនាទីកន្លែងសំខាន់ៗជាច្រើន ជាពិសេសការផ្តល់កិត្តិយសចូលគាល់សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis)នៅបុរីវ៉ាទីកង់ និងព្រះអង្គម្ចាស់ អាល់ប៊ឺតទី២នៃម៉ូណាកូ (Prince Albert II of Monaco)។
 
ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ជាព្រះគ្រូធម្មាចារ្យដ៏ល្បីល្បាញមួយព្រះអង្គ ដែលពលរដ្ឋខ្មែរស្គាល់ច្បាស់តាមរយៈការសម្តែងព្រះធម្មទានទេសនា និងការពន្យល់ព្រះធម៌ផ្សេងៗតាមវិទ្យុ និងតាមបណ្តាញសង្គម ហើយព្រះអង្គក៏ជាស្ថាបនិក និងជាប្រធាសមាគមធម្មកឋិកកម្ពុជាផងដែរ។ គង់នៅក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ប៉ុន្តែព្រះអង្គមានទំនាក់ទំនងជាប្រចាំជាមួយពុទ្ធបរិស័ទនៅកម្ពុជា និងទូទាំងពិភពលោក។
 
 
ចំណែកឯ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ កាលពីចុងឆ្នាំ២០២២ លោកត្រូវបានសម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ចេញព្រះរាជប្រកាសនីយប័ត្រផ្តល់គោរម្យងារកិត្តិយស ជា «បញ្ញាមេធាភិរ័ក្ខសិរី មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍» ដោយសារសកម្មភាពសប្បុរស និងការចែករំលែកចំណេះដឹងផ្សេងៗក្នុងសង្គម។
 
លោក Will Conquer ដែលគេស្គាល់ជាទូទៅថា លោកឪ គង់ វៀល ជាជនជាតិបារាំងកាត់អាម៉េរិក។បច្ចុប្បន្នលោកកំពុងបំពេញបេសកកម្មជាបូជាចារ្យសាសនទូតនៅកម្ពុជា នៃក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP)។ ក្នុងបទសម្ភាសជាមួយព័ត៌មានព្រះសហគមន៍ «អ្នកនាំសារ» ប្រចាំខែសីហា ឆ្នាំ២០២០ ក្រៅសិក្សាភាសាខ្មែរ និងឈ្វេងយល់ពីវប្បធម៌-អរិយធម៌ខ្មែរ បូជាចារ្យកាតូលិករូបនេះ ក៏ចូលចិត្តឈ្វេងយល់អំពីជំនឿសាសនា និងការប្រគំឧបករណ៍តន្ត្រីផងដែរ។
 
តាមកម្មវិធីដែលបានព្រៀងទុក នៅក្រុងរ៉ូម ប្រទេសអ៊ីតាលី ភ្ញៀវពិសេសពីកម្ពុជា នឹងទស្សនាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រ Foro Romano និង Campo Marzo ហើយបន្តទៅកាន់ Dicastery for Interreligious Dialogue, Crypt and Basilica of Saint Peter, សារមន្ទីរវ៉ាទីកង់ និង Sistine Chapel ជាបន្តបន្ទាប់។
 
នៅថ្ងៃទី១៩ ខែមករា ព្រះភិក្ខុ សាន សុជា និងលោក គួច ម៉េងលី បានក្លាយជាភ្ញៀវដ៏កម្រពីកម្ពុជា ដែលទទួលបានព្រះរាជនុញ្ញាតចូលគាត់សម្តេចប៉ាប ហ្រ្វង់ស៊ីស នៅវិមាន Casa Santa Marta នៃបុរីវ៉ាទីកង់ ហើយបន្តដោយទស្សនកិច្ចឧទ្យានឯកជននៃបុរីរដ្ឋមួយនេះ។ នៅទីនោះ ក៏មានកាឌីណាល់កាតូលិកជាច្រើនអង្គទៀត ដែលចាប់អារម្មណ៍សិក្សាឈ្វេងយល់ពីពុទ្ធសាសនានៅកម្ពុជាផងដែរ។
 
នាថ្ងៃដដែល បូជាចារ្យកាតូលិក Will Conquer នឹងចូលរួមជាពិសេសក្នុងសន្និសីទសាសនាអាស៊ីស្តីពី «ពុទ្ធសាសនា និងកាតូលិក៖ ឱកាសនៃការរួបរួមគ្នា» (Buddhism & Catholism: Opportunities for Convergence) នៅសាកលវិទ្យាល័យ Pontifical University of Saint Thomas Aquinas ក៏ដូចជាការថ្លែងផ្សេងៗទៅកាន់អ្នកចូលរួមនៅ Pontifical North American College។
 
បូជាចារ្យកាតូលិក Will Conquer និង​អ្នកឧកញ៉ា គួច ម៉េងលី នាជំនួបកន្លងមក។ រូបថតហ្វេសប៊ុក Will Conquer

ឈានដល់ថ្ងៃទី២០ ខែមករា អ្នកចូលរួមពីកម្ពុជា បន្តទៅកាន់បុរីក្សត្រម៉ូណាកូ ដែលជាទីកំណើតរបស់លោកឪ គង់ វៀល។ នៅទីនោះ នឹងមានព្រឹត្តិការណ៍សប្បុរសធម៌មួយដើម្បីជួយដល់ជនភៀសខ្លួន។ លោក គួច ម៉េងលី ដែលឆ្លងកាត់បទពិសោធន៍ជាជនភៀសខ្លួនម្នាក់ផងដែរនោះ នឹងបរិច្ចាគថវិកាចំនួន៥០០០ដុល្លារទៅកាកបាទក្រហមអ៊ីរ៉ាលី និងការីតាស់ម៉ូណាកូ ដើម្បីជួយដល់ជនភៀសខ្លួន។

បន្ទាប់មកអ្នកចូលរួមពីកម្ពុជា នឹងមានជំនួបជាមួយលោកស្រី Brigitte Boccone-Pagès ប្រធានក្រុមប្រឹក្សាជាតិម៉ូណាកូ និងបន្តដោយអាហារពេលល្ងាចជាមួយលោក Dominique-Marie David មេដឹកនាំសាសនាកាតូលិកប្រចាំម៉ូណាកូ (Archbishop of Monaco)។
 
នៅថ្ងៃទី២១ ខែមករា លោក គួច ម៉េងលី និងព្រះភិក្ខុ សាន សុជា មានកម្មវិធីចូលគាល់ព្រះអង្គម្ចាស់នៃម៉ូណាកូ Albert II។ នេះក៏ជាការទទួលភ្ញៀវ និងជំនួបលើកដំបូងផងដែររបស់ស្តេចនៃក្សត្របុរីម៉ូណាកូជាមួយព្រះសង្ឃពុទ្ធសាសនា។ អ្នកចូលរួមបន្តដោយការទស្សនាសារមន្ទីរ Ocean Museum និងដំណើរចរណ៍តាមទូកលើម៉េឌីទែរ៉ាណេ។ 
 
នៅថ្ងៃទី២២ ខែមករា ដែលជាថ្ងៃចុងក្រោយ ភ្ញៀវពិសេសពីកម្ពុជាបន្តដំណើរដល់ក្រុងប៉ារីស ប្រទេសបារាំង ដោយចាប់ផ្តើមជាមួយនឹងដំណើរកម្សាន្តទៅកាន់ Trocadero, Tour Eiffel, Champs-Elysees, សារមន្ទីរ Louvre, Opera, Academie Francaise, Sorbonne, Quartier Latin ជាដើម។
 
នៅពេលរសៀល សាស្ត្រាចារ្យ Olivier de Bernon ដែលនិយាយភាសាខ្មែរយ៉ាងស្ទាត់ជំនាញ នឹងធ្វើមគ្គទេសក៍ សម្រាប់ការទស្សនាសារមន្ទីរ Guimet ហើយបន្តជួបសហគមន៍ខ្មែរ ជាពិសេសជំនួបជាមួយសាស្ត្រាចារ្យ ឃីង ហុកឌី (Khing Hoc Dy) ដែលនឹងដឹកនាំកិច្ចពិភាក្សាពីសារសំខាន់នៃការដឹកនាំព្រះពុទ្ធសាសនានៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។
 
ក្រោមការរៀបចំក្រុមសាសនទូតក្រៅប្រទេសនាទីក្រុងប៉ារីស (MEP) លោក Will Conquer, ព្រះភិក្ខុ សាន សុជា និងលោក គួច ម៉េងលី និមន្ត និងអញ្ជើញជាវាគ្មិនកិត្តិយសក្នុងសន្និសីទលើប្រធានបទ «ព្រឹត្តិការណ៍កម្ពុជា៖ ការកែប្រែជំនឿ, នេក្ខម្មបារមី និងបរិស្ថានវិទ្យា» (Evenement CAMBODGE: Conversion, detachement spiritual et ecologie)។
 
 
សូមបញ្ជាក់ថា ក្រុមសាសនទូត MEP (Missions Etrangères de Paris) ចាប់ផ្តើមបេសកកម្មរបស់ខ្លួនតាំងពីឆ្នាំ១៦៥៨មកម្ល៉ះ នៅបណ្តាប្រទេសក្នុងទ្វីបអាស៊ី មានដូចជា ថៃ វៀតណាម ចិន កម្ពុជា ឥណ្ឌា ឡាវ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា ជាដើម។ បេសកម្មរបស់របស់ MEP ជាការពង្រឹងសហគមន៍កាតូលិក រួមទាំងការចូលរួមចំណែកជួយវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងៗនៅបណ្តាប្រទេសទាំងនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com