ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ មេប៉ុស្តិ៍នគរបាលគោកខ្ពស់ តាំងចិត្តលុបបំបាត់ល្បែងស៊ីសងក្នុងឃុំខ្លួន
18, Jan 2023 , 7:59 pm        
រូបភាព
 លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ និងក្រុមយុវជនរបស់ អង្កការ YCC។
លោក វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ និងក្រុមយុវជនរបស់ អង្កការ YCC។
​ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនឃុំគោកខ្ពស់) 

ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ សកម្មភាពនៃការលេងល្បែងស៊ីសង នៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ត្រូវបានកាត់បន្ថយគួរឱ្យកត់សម្គាល់ នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការផ្សព្វផ្សាយពីចាត់វិធានការតឹងរឹងលើអ្នកប្រព្រឹត្ត​ និងការបង្ក្រាបជាបន្តបន្ទាប់ពីអាជ្ញាធរ។ ដោយឡែកមានតែការចោកឆ្នោតមួយប៉ុណ្ណោះ ដែលពិបាកបង្រ្កាបជាងគេ ទោះបីអាជ្ញាធរ ព្រមានជាច្រើនលើកច្រើនសាក៏ដោយ។ ពាក់ព័ន្ធបញ្ហានេះ លោក​ វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការលុបបំបាត់ សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងសហគមន៍របស់ខ្លួន។

 
 បើតាម លោក វ៉ាង ម៉ាប់ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការលេងល្បែងស៊ីសង នៅឃុំគោកខ្ពស់ ត្រូវបានថយចុះយ៉ាងគំហុក ដោយសារសមត្ថកិច្ចចុះអប់រំ និងផ្សព្វផ្សាយញឹកញាប់។ សព្វថ្ងៃ ការលេងល្បែងស៊ីសង មានតែលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ដូចជាអាប៉ោង ខ្លាឃ្លោក បៀរ និងឆ្នោតជាដើម។ ប៉ុន្តែល្បែងទាំងនោះ លេងច្រើន តែថ្ងៃសម្រាក និងបុណ្យទានប៉ុណ្ណោះ។ 
 
ដោយឡែក ល្បែងឆ្នោតនៅតែជាបញ្ហារសើប សម្រាប់ភូមិសាស្រ្តឃុំគោកខ្ពស់នៅឡើយ ដោយសារ​ល្បែងនេះ បានលួចលាក់លេងស្ងាត់ៗ។ ពាក់ព័ន្ធបញ្ហាឆ្នោតនេះ ប៉ុស្តិ៍នគរបាលគោកខ្ពស់ ធ្លាប់បានចេញលិខិតព្រមានជាច្រើនដងរួចមកហើយ ប៉ុន្តែអ្នកល្មើសហាក់មិនរាងចាល។ លោក វ៉ាង ម៉ាប់ ប្រាប់ដូច្នេះថា៖«កន្លែងនេះ អត់មានបើកល្បែងស៊ីសងបានទេ។ ប៉ុន្តែយើងមានបញ្ហាប្រឈមមួយ គឺករណីឆ្នោត។ បញ្ហានេះខ្ញុំបានធ្វើកិច្ចសន្យាបញ្ឈប់ហើយ តែជួនកាលគាត់លួចលេង។ ល្បែងផ្សេងពីហ្នឹង គាត់លេងតែថ្ងៃបុណ្យទានទេ»។
 
ការលេងល្បែងស៊ីសង អាចនាំឱ្យខាតពេលវេលា ប៉ះពាល់ដល់សេដ្ឋកិច្ចសង្គម-គ្រួសារ ជាពិសេស បង្កជាអំពើហិង្សា ចោរកម្មជាដើម។ ដើម្បីបញ្ចៀសកុំឱ្យមានបញ្ហាអសន្តិសុខណាមួយកើតឡើង ដែលបណ្តាលមកពីសកម្មភាពលេងល្បែងស៊ីសងនេះ លោក​ វ៉ាង ម៉ាប់ នាយប៉ុស្តិ៍នគរបាលគោកខ្ពស់ បានតាំងចិត្តយ៉ាងមោះមុត ក្នុងការលុបបំបាត់ល្បែងស៊ីសង ឱ្យអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ពីក្នុងឃុំគោកខ្ពស់ តាមរយៈការផ្សព្វផ្សាយ និងអប់រំ តាមសហគមន៍៕ 
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ល្បែងស៊ីសង
  សន្តិសុខ
  ឧត្ដរមានជ័យ
  ​បន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com