កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានសហព័ន្ធអំពាវនាវ សម្តេច ហ៊ុន សែន អន្តរាគមន៍ ក្រោយ CAMSOC ដកកីឡាកាយវប្បកម្មចេញពីស៊ីហ្គេម ២០២៣
18, Jan 2023 , 5:49 pm        
រូបភាព
កីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជា ផាន់ ណារិទ្ធ ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុ អង់ទីដូពីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។
កីឡាករកាយវប្បកម្មជម្រើសជាតិកម្ពុជា ផាន់ ណារិទ្ធ ដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុ អង់ទីដូពីង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។
ដោយ:
លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា អំពាវនាវឱ្យសម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ ក្រោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដកកីឡាកាយវប្បកម្មចេញពីការប្រកួតស៊ីហ្គេម២០២៣។ មូលហេតុនៃការដកនេះ ក្រោយ CAMSOC ពិនិត្យឃើញកីឡាករមួយចំនួន ជាប់ពាក់ព័ន្ធការប្រើប្រាស់សារធាតុហាមឃាត់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កន្លងមក។ នេះបើតាមការបញ្ជាក់ពីលោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា ក្នុងពិធីសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៧ ខែមករា។

 
ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម លោក តឹក ប៊ុនវី បាននិយាយក្នុងពិធីសន្និសីទសារព័ត៌មានទាំងទឹកមុខសោកស្តាយជាខ្លាំងក្រោយពិនិត្យឃើញថា កីឡាករដែលឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ កន្លងមក មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុហាមឃាត់ Doping ( ស្តេរ៉យ បញ្ចុះជាតិទឹក) ដែលជាហេតុបណ្តាលឱ្យមានការត្រួតពិនិត្យពីស្ថាប័នជាតិ និងអន្តរជាតិ រហូតសម្រេចដកកីឡាកាយវប្បកម្ម ចេញពីការប្រកួតស៊ីហ្គេម២០២៣ ខាងមុខនេះ។
 

លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា។
 
លោក តឹក ប៊ុនវី និយាយថា៖«ខ្ញុំសូមទោសជាសាធារណៈ ចំពោះបងប្អូនកីឡាករដែលបានប្រឹងប្រែងហ្វឹកហាត់ដើម្បីចូលរួមប្រកួតស៊ីហ្គេម ដែលសង្ឃឹមថាយើងនឹងបានចូលរួមស៊ីហ្គេម ប៉ុន្តែឥឡូវឮ CAMSOC សម្រេ​ចទម្លាក់ប្រភេទកីឡាររបស់យើងចេញពីស៊ីហ្គេមហើយ»។ ប្រធានសហព័ន្ធបន្ថែមថា ខ្លួនពិតជាមានការសោកស្តាយមែនទែន ហើយឈឺចាប់។
 
ជាមួយនឹងការសោកស្តាយជាពន់ពេក លោក តឹក ប៊ុនវី ក៏បានសូមអំពាវនាវ សម្តេច ហ៊ុន សែន ជួយស្នើរសុំឱ្យគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ មេត្តាត្រួតពិនិត្យ ដកអ្នកដែលប្រព្រឹត្តខុសចេញ ហើយអ្នកដែលមិនខុសសូមអនុញ្ញាត​ឱ្យចូលប្រកួតវិញបាន។
 
«ខ្ញុំសូមសំណូមពរដល់សម្តេច ហ៊ុន សែន ជួយអន្តរាគមន៍ផង ព្រោះខ្ញុំបេះដូងជាអ្នកកីឡាខ្ញុំមានការសោកស្តាយជាខ្លាំង ដែលកីឡាកររបស់យើងបានធ្វើខុសនូវច្បាប់ដែលគេបានហាមឃាត់ទូទាំងពិភពលោក ខ្ញុំសោកស្តាយកីឡាករផ្សេងដែលគាត់អត់បានប្រព្រឹត្ត ហើយគាត់ត្រូវបានគណៈកម្មាធិការជាតិ CAMSOC សម្រេចដកចេញកីឡារកាយវប្បកម្មយើងពីស៊ីហ្គេម២០២៣»។ លោក តឹក ប៊ុនវី សូមណូបពរទៅកាន់សម្តេចនាយករដ្ឋមន្ត្រីដូច្នេះ៕
 
 

Tag:
 កីឡាកាយវប្បកម្ម
 ស៊ីហ្គេម២០២៣
 CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com