ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង​៖ មេប៉ុស្ដិ៍ឃុំអណ្ដូងទឹក អះអាងថា​​ គ្មានចោរកម្ម និងអសន្តិសុខ ​ក្នុងឃុំឡើយ ​
19, Jan 2023 , 6:59 pm        
រូបភាព
 លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក
លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក
ដោយ៖ វុធ អ៊ីត (យុវជនអណ្ដូងទឹក)

ស្រុកបទុមសាគរ, កោះកុង៖ កន្លងមកនៅក្នុងឃុំអណ្ដូងទឹកមិនដែលមានករណីចោរកម្ម និងបញ្ហាអសន្តិសុខនៅពេលយប់នោះទេ ព្រោះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរភូមិឃុំ តែងតែយកចិត្តទុក និងចុះល្បាតជារៀងរាល់ថ្ងៃ។ នេះជាការបញ្ជាក់របស់លោក ប៉ែន ហម មេប៉ុស្ដិ៍អណ្ដូងទឹក។

 
មេប៉ុស្ដិ៍រូបនេះ លើកឡើងថា ប៉ុស្ដិ៍រដ្ឋបាលអណ្ដូងទឹក មិនទាន់មានផែនការការពារសុវត្ថិភាពជូនស្រ្តី និងកុមារនៅពេលយប់នោះទេ ប៉ុន្តែកម្លាំងការពារ បានចុះល្បាតការពារសុវត្ថិភាពជូនពលរដ្ឋទូទៅនៅក្នុងឃុំតែម្ដង។ លោក ហម បន្តថា ប្រសិនបើមានពលរដ្ឋទៅពេទ្យពេលយប់ ហើយបារម្ភពីសុវត្ថិភាព ត្រូវទូរស័ព្ទទៅអាជ្ញាធរមូលដ្ឋាន និងទាក់ទងទៅប៉ុស្ដិ៍ដោយផ្ទាល់ ក្រុមការងារ ឬអាជ្ញាមូលដ្ឋាន នឹងទៅយកពួកគេ ឬជូនទៅដល់ទីតាំងគោលដៅ។ លោក ប៉ែន ហម បានបញ្ជាក់ថា៖ «បើពួកគាត់ពោះធំឬត្រូវសម្រាលកូនពេលយប់ ទៅពេទ្យពេលយប់ប្រលប់ ហើយគាត់​ក្រីក្រផ្ដល់ព័ត៌មានទៅអាជ្ញាធរមិនបានគឺប្រាប់ខាងប៉ុស្ដិ៍ ហើយប៉ុស្ដិ៍នឹងរាយការណ៍ទៅខាងមណ្ឌលសុខភាព»។
  

ភ្លើងបំភ្លឺផ្លូវនៅឃុំអណ្ដូងទឹក

ជុំវិញការធ្វើដំណើរពេលយប់របស់ស្រ្តី និងកុមារ លោក ហម ក៏មានការបារម្ភពីសុវត្ថិភាពរបស់ពួកគេ នៅតាមតំបន់ងងឹត ដែលពុំទាន់ភ្លើងបំភ្លឺផ្លូវផងដែរ បើទោះបីមេប៉ុស្ដិ៍រូបនេះ បានសង្កេតឃើញថា នៅក្នុងឃុំពុំដែលមានបញ្ហាអសន្តិសុខកើតឡើងក្ដី។ លោកបន្តថា នៅក្នុងឃុំអណ្ដូងទឹក កន្លែងងងឹតមានតិចតួចបំផុត មិនច្រើននោះទេ ព្រោះមេឃុំបានដាក់ភ្លើងបំភ្លឺផ្លូវបានច្រើនផងដែរ។ លោកមេប៉ុស្ដិ៍បានបញ្ជាក់ថា កន្លងមកនៅក្នុងឃុំអណ្ដូងទឹក មិនដែលជួបបញ្ហាអសន្តិសុខពេលយប់នោះទេ ព្រោះមានការចូលរួមពីប្រជាពលរដ្ឋ ហើយក្មេងៗ និងយុវជន ភាគច្រើនមានការ​យល់ដឹងច្រើន។
 
បើតាមលោក ឃៀង យិង មេឃុំអណ្ដូងទឹកបច្ចុប្បន្ន បានដាក់ភ្លើងសូឡាបំភ្លឺផ្លូវចំនួន ៤៧៦អំពូលរួចរាល់ហើយ ដោយអំពូលទាំងនោះបានមកពីការចូលរួមពីប្រជាពលរដ្ឋការអង្គាសពីសប្បុរសជន និងមានការយកចិត្តទុកដាក់ពីអភិបាលស្រុកបូទុមសាគរផ្ទាល់។ 
  

លោក ឃៀង យិង មេឃុំអណ្ដូងទឹក 

លោក ឃៀង យិង មេឃុំអណ្ដូងទឹកបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២១ មានភាពខុសគ្នាពីឆ្នាំ២០២២ដោយសារកាលពីឆ្នាំមុននៅក្នុងឃុំការដាក់ភើងបំភ្លឺផ្លូវបានតិច ហើយបច្ចុប្បន្នអាជ្ញាធរបានពង្រាយអំពូលសូឡាបានចំនួន ៧ភូមិ សរុបមាន ៤៧៦អំពូល ដែលអាជ្ញាធរបំពាក់ នៅទីតាំងគោលដៅធំៗពោលគឺកន្លែងដែលងងឹតខ្លាំង។ 
 
លោក ឃៀង យិង បញ្ជាក់ដូច្នេះ៖ «ដាក់សូឡាតាមផ្លូវ ធ្វើឱ្យមានសោភណ្ឌភាពតាមផ្លូវល្អនៅក្នុងឃុំក៏ប្រសើរជាងមុន កាត់បន្ថយហានិភ័យចោរលួច ចោរឆក់ ហើយក្មេងខិលខូចក៏អត់មានប្រជាពលរដ្ឋមានភាពកក់ក្ដៅ»។
 
លោកមេឃុំបញ្ជាក់ថាការដាក់ភ្លើងបំភ្លឺផ្លូវ ជួយកាត់បន្ថយភាពងងឹងនៅតាមផ្លូវ កាត់បន្ថយករណីចោរកម្មព្រមទាំងផ្ដល់ភាពងាយស្រួលដល់សិស្ស និងប្រជាពលរដ្ឋដែលធ្វើដំណើរនៅពេលយប់៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 

(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ការពារសុវត្ថិភាព
  មេប៉ុស្ដិ៍អណ្ដូងទឹក
© រក្សាសិទ្ធិដោយ thmeythmey.com