ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការភ្នំពេញ បដិសេធមិនឲ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំ
19, Jan 2023 , 3:59 pm        
រូបភាព
ពេលត្រូវបាននាំខ្លួនចេញពីសវនាការ ទៅកាន់ពន្ធនាគារវិញ កញ្ញា ឈឹម ស៊ីថរ ក្រឡេកមើល និងក្តាប់ដៃដែលសញ្ញាតស៊ូ ទៅកាន់អតីតក្រុមបុគ្គលិកណាហ្កាវើលដ៍ ដែលទៅគាំទ្រកញ្ញា នៅមុខតុលាការភ្នំពេញ។ រូបពីអង្គការលីកាដូ
ពេលត្រូវបាននាំខ្លួនចេញពីសវនាការ ទៅកាន់ពន្ធនាគារវិញ កញ្ញា ឈឹម ស៊ីថរ ក្រឡេកមើល និងក្តាប់ដៃដែលសញ្ញាតស៊ូ ទៅកាន់អតីតក្រុមបុគ្គលិកណាហ្កាវើលដ៍ ដែលទៅគាំទ្រកញ្ញា នៅមុខតុលាការភ្នំពេញ។ រូបពីអង្គការលីកាដូ
តុលាការរាជធានីភ្នំពេញ បានបើកសវនាការ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដើម្បីសម្រេចលើសំណើដែលកញ្ញា ឈឹម ស៊ីថរ មេសហជីពរបស់អតីតក្រុមបុគ្គលិកក្រុមហ៊ុនកាស៊ីណូ សុំនៅក្រៅឃុំបណ្តោះអាសន្ន។ អង្គការលីកាដូ ផ្សាយលើទំព័រហ្វេសប៊ុកថា ចៅក្រម បានបដិសេធនឹងសំណើរបស់កញ្ញា ដោយពុំបានបញ្ជាក់ពីហេតុផលឡើយ។



សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីមេធាវីទាំង២រូបរបស់កញ្ញា ឈឹម ស៊ីថរ ឡើយ។ អ្នកស្រីមេធាវី សាម សុគន្ធា ប្រាប់ថា អ្នកស្រី កំពុងជាប់រវល់ ហើយរុញឲ្យទៅសួរលោកមេធាវី សំ ចំរើន។ តែលោកមេធាវី សំ ចំរើន មិនលើកទូរស័ព្ទ។ កញ្ញា ឈឹម ស៊ីថរ ក៏មានវត្តមានក្នុងសវនាការនេះដែរ ហើយកញ្ញា ត្រូវបានដឹកទៅឃុំនៅពន្ធនាគារព្រៃសវិញ ក្រោយចប់សវនាការ។ 
  

អតីតក្រុមបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នានៅមុខតុលាការភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដើម្បីទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ។ រូបពីអង្គការលីកាដូ 

ដោយសារការដឹនាំ និងការចូលរួមធ្វើកូដកម្មជាមួយអតីតក្រុមបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សង្គម និងត្រូវចាប់ខ្លួនលើកដំបូងកាលពីដើមឆ្នាំ២០២២។ ជាប់ឃុំបានប្រមាណ២ខែ កញ្ញា ត្រូវដោះលែងនៅក្រៅឃុំបណ្តោះអាសន្ន តែនៅជាប់បទចោទដដែល។ 
 
ដល់ចុងឆ្នាំ២០២២ កញ្ញា ត្រូវចាប់ខ្លួនលើកទី២ បន្ទាប់ពីវិលមកពីប្រទេសអូស្រ្តាលី។ អយ្យការអមតុលាការភ្នំពេញ បកស្រាយថា កញ្ញា ត្រូវតុលាការ ហាមមិនឲ្យចេញក្រៅប្រទេស តែបែរជាចេញទៅអូស្ត្រាលី ដោយមិនបានសុំការអនុញ្ញាតពីតុលាការ ទើបត្រូវចាប់ខ្លួនឡើងវិញ។ 
 
ដោយឡែក អតីតក្រុមបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ ដែលនាំគ្នាតវ៉ាតាំងពីចុងឆ្នាំ២០២១មកនោះ នៅតែបន្តតវ៉ាដដែល។ គោលបំណងរបស់ពួកគេ គឺសុំឲ្យក្រុមហ៊ុនណាហ្កាវើលដ៍ ទទួលអ្នកដែលត្រូវបញ្ឈប់ពីការងារ ចូលធ្វើការវិញ។ ក្រៅពីការតវ៉ានឹងក្រុមហ៊ុនណាហ្កាវើលដ៍ ពេលខ្លះ ពួកគេ ក៏ងាកមកប្រមូលផ្តុំគ្នាដើម្បីទាមទារឲ្យដោះលែងកញ្ញា ឈឹម ស៊ីថរ ដែលជាមេសហជីពរបស់ពួកគេ៕ 
 

Tag:
 ឈឹម ស៊ីថរ
© រក្សាសិទ្ធិដោយ thmeythmey.com