ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ អគាររដ្ឋបាលឃុំគោកខ្ពស់មានជម្រាល តែខ្វះបន្ទប់ទឹកសម្រាប់ជនមានពិការភាព
20, Jan 2023 , 7:59 am        
រូបភាព
  លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់
លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់
ដោយ៖ រ៉ត ណៅ (យុវជនឃុំគោកខ្ពស់) 
 
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ ៖ អគាររដ្ឋបាលឃុំគោកខ្ពស់ មានជម្រាលជនពិការមួយកន្លែង ដែលអាចសម្រួលដល់ការធ្វើដំណើរ របស់អ្នកមានពិការភាព។ ឃុំគោកខ្ពស់ ដែលស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ មានពលរដ្ឋដែលមានពិការភាពចំនួន ១១៦នាក់ ដែលភាគច្រើនជាអតីតកងទ័ព។ ដោយសារក្នុងឃុំមានពលរដ្ឋមានពិការភាពច្រើន ​​ អាជ្ញាធរឃុំគោកខ្ពស់ បានដាក់ផែនការសង់«បន្ទប់ទឹកជនពិការ»មួយកន្លែងទៀត ដើម្បីបង្កលក្ខណៈគ្រប់គ្រាន់ ដល់ពលរដ្ឋទាំងនោះមកទទួលរដ្ឋបាល នៅរដ្ឋបាលឃុំ។

 
លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ បានឱ្យដឹងថា ជម្រាលសម្រាប់ជនមានពិការភាព ត្រូវបានសង់ឡើងមួយកន្លែង​ ត្រង់ច្រកចេញ-ចូល សាលាឃុំ។ ជម្រាល​នេះ គឺគ្រប់គ្រាន់ឱ្យពលរដ្ឋដែលមានពិការភាព ធ្វើដំណើរឡើង-ចុះអគាររដ្ឋបាលឃុំដោយខ្លួនឯងបាន។ គោលដៅបន្ទាប់ លោក ចង់ បានបន្ទប់ទឹកសម្រាប់ជនមានពិការភាពមួយកន្លែងទៀត ដែលមានបង្កាន់ដៃ អាចឱ្យអ្នកមានពិការភាពប្រើប្រាស់បានកាន់តែងាយស្រួល។ 
 
ក្នុងចំណោមពលរដ្ឋដែលមានពិការភាពចំនួន១១៦នាក់នោះ មាន ៦នាក់ ដែលពិការភាពដល់ត្រូវប្រើរទះរុញ។ រាល់ការមកទទួលសេវាសាធារណៈ​នៅសាលាឃុំ ពួកគាត់ ត្រូវពឹងគ្រួសារ ឬសាច់ញាតិជូនមក។ សេវា ដែលពលរដ្ឋមានពិការភាពត្រូវការញឹកញាប់ គឺការបើកប្រាក់ឧបត្ថម្ភប្រចាំឆ្នាំ ដែលផ្ដល់ដោយរដ្ឋាភិបាល និងការធ្វើឯកសារពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាន
ជាដើម។
 
លោក វ៉ាន់ ប៉ិក ប្រាប់ដូច្នេះថា៖ «នៅសាលាឃុំនេះ ជនមានពិការភាពអត់ពិបាកធ្វើដំណើរទេដោយយើងបានរៀបចំជម្រាល តាមច្រកចេញ-ចូល រួចស្រេចហើយ។ អ៊ីចឹង អ្វីដែលយើងចង់ធ្វើគឺបង្គន់អនាម័យ សម្រាប់ជន(មាន)ពិការ(ភាព) ព្រោះឥឡូវយើងទាន់មានទេ។ បង្គន់​នេះមានសារៈសំខាន់ណាស់  ព្រោះអី វាមានបង្កាន់ដៃ និងជម្រាល
ដែលគាត់( អ្នកពិការ) អាចជ្រែងបាន អ៊ីចឹង បើបានមួយហ្នឹងទៀតកាន់តែងាយស្រួលដល់ពួកគាត់»។ 
 
ជុំវិញគម្រោងនេះឃុំមិនទាន់មានលទ្ធភាពធ្វើនៅឡើយ ដោយកង្វះខាតថវិកា។ ដូច្នេះ លោក វ៉ាន់ ប៉ិកអំពាវនាវដល់រដ្ឋាភិបាល អង្គការ និងសប្បុរសជន ផ្ដល់បន្ទប់ទឹកសម្រាប់ជនមានពិការភាពមួយកន្លែងដើម្បីពង្រឹងសេវាសាធារណៈជូនពលរដ្ឋដែលមានពិការភាព ក្នុងឃុំខ្លួនឱ្យទទួលបានការផ្តល់សេវារដ្ឋបាលកាន់តែប្រសើ។
មេឃុំរូបនេះ តាំងចិត្តបង្កើនការយកចិត្តទុកដាក់លើពលរដ្ឋដែលមានពិការភាពដូចពលរដ្ឋទូទៅ​ ពិសេស ការលើកលែងបង់ថ្លៃសេវា និងលឿនរហ័ស៕   
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជននិងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 ឧត្ដរមានជ័យ
  ​គោកខ្ពស់
  ​បន្ទាយអំពិល
  សេវាសាធារណៈ
 សាលាឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com