ជាតិ
សេដ្ឋកិច្ច
កម្ពុជា ប្រកាសជាផ្លូវការនូវការបោះលក់សញ្ញាបណ្ណបៃតងក្នុងទំហំ១,៥លានដុល្លារ ដោយហ្គោលដេនទ្រី 
ពិធីចុះបញ្ជីជាផ្លូវការនូវការបោះលក់សញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុនហ្គោលដេន ទ្រី នៅផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី១៩មករា។រូបថត៖ CSX
×![]()
ហ្គោលដេន ទ្រី (Golden Tree) បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅលើទីផ្សារមូលបត្រកម្ពុជា(CSX)ក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង។ ការចាប់ផ្តើមជំហ៊ានដំបូងរបស់ហ៊ុនអចលនទ្រព្យមួយនេះ គឺការកៀរគរមូលនិធិក្នុងទំហំទឹកប្រាក់១,៥លានដុល្លារ ពីការបោះផ្សាយនេះ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ មន្ត្រីជំនាញក្នុងវិស័យមូលបត្របាន អះអាងថា ការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ គឺជាការរួមចំណែករបស់វិស័យឯកជនជាមួយរដ្ឋាភិបាលដែលប្តេជ្ញាលើការកាត់បន្ថយឧស្ម័នកាបូនជាសកល។
ទីផ្សារមូលបត្រកម្ពុជា សម្រេចចុះបញ្ជីជាផ្លូវការនូវការបោះលក់សញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុនហ្គោលដេន ទ្រី នាថ្ងៃទី១៩មករា។ ការបោះលក់មូលបត្របំណុលបៃតងរបស់ក្រុមហ៊ុននេះ គឺមានទំហំទឹកប្រាក់ ប្រមាណ១,៥លានដុល្លារជាមួយអត្រាការប្រាក់៧ភាគរយក្នុងមួយឆ្នាំ និងមានឥណប្រតិទានក្នុងរយៈពេល៥ឆ្នាំ។
បើតាមលោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា ការសម្រេចនូវភាពជោគជ័យនៃការចុះបញ្ជីសញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី នេះ គឺបានបង្ហាញឱ្យឃើញថាវិស័យមូលបត្រកម្ពុជាកំពុងតែចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និង លើកកម្ពស់បរិស្ថានជាសកល ដើម្បីការអភិវឌ្ឍសង្គម និងពិភពលោកប្រកបដោយចីរភាព។
លោក សុហួរ បានបញ្ជាក់ថា៖ «នេះជាចំណុចស្រូបទាញមួយក្នុងបរិបទនាពេលបច្ចុប្បន្នដែលវិនិយោគិនបានផ្តោតការចាប់អារម្មណ៍កាន់តែខ្លាំងលើជ្រុងសេដ្ឋកិច្ច លើជ្រុងបរិស្ថាន លើជ្រុងសង្គម។ អ៊ីចឹងហើយ! បានជាយើងចូលរួមយុទ្ធនាការទប់ស្កាត់ការគំរាមគំហែងជាសកល ពីការប្រែប្រួលអាកាសធាតុជាមួយរដ្ឋាភិបាលដែលប្តេជ្ញាចិត្តលើការកាត់បន្ថយឧស្ម័នកាបូនឆ្នាំ២០១៣-២០៣០»។
សញ្ញាបណ្ណបៃតង ជាប្រភេទឧបករណ៍ជួញដូរហិរញ្ញវត្ថុថ្មី ដែលមានភាពទាក់ទាញ និងផ្តល់អត្ថប្រយោជន៍ច្រើនដល់សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលនឹងចូលរួមចំណែកជាវិជ្ជមាន ដល់បរិស្ថាន និងអាកាសធាតុ។
លោក ស៊ូ សុជាតិ អគ្គនាយកនិយ័តមូលបត្រកម្ពុជា បានលើកឡើងថា ការបោះផ្សាយសញ្ញាបណ្ណបៃតងដោយក្រុមហ៊ុនហ្គោលដេន ទ្រី គឺត្រឹមតែអនុវត្តស្របតាមគោលការណ៍ណែនាំសញ្ញាបណ្ណបៃតងរបស់កម្ពុជាប៉ុណ្ណោះទេ តែវាក៏ស្របតាមស្តង់ដារបទដ្ឋានរបស់អាស៊ាន ផងដែរ។ លោកបន្ថែមថា ចំំពោះការរៀបចំនិតីវិធីក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតងនេះ គឺកម្ពុជាទទួលបានការគាំទ្រផ្នែកជំនួយបច្ចេកទេស ពីធនាគារអភិវឌ្ឈន៍អាស៊ី (ADB)។
យោងតាមរបាយការណ៍ពីផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៨ បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា។ ក្នុងនោះ មាន៩ជាក្រុមហ៊ុនបោះផ្សាយមូលបត្រកម្មសិទ្ធ និង៩ទៀត គឺក្រុមហ៊ុនបោះលក់មូលបត្របំណុល ដែលក្រុមហ៊ុនទាំងនោះប្រមូលទុនពីផ្សារមូលបត្រកម្ពុជាបានប្រមាណ៣១៧លានដុល្លារ។ ជាមួយនឹងកំណើននៃចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីនេះ បរិមាណ និងទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម ក៏មានការកើនឡើងជាលំដាប់។ លោក ហុង សុហួរ បានបញ្ជាក់ ថា ទំហំជួញដូរប្រចាំថ្ងៃជាមធ្យមបានកើនដល់ប្រមាណ៥០ម៉ឺនដុល្លារ ខណៈចំនួនគណនីជួញដូរបានកើនដល់ ៣,៦ម៉ឺនគណនី ក្នុងឆ្នាំ២០២២៕
Tag:
មូលបត្រ
សញ្ញាបណ្ណបៃតង
© រក្សាសិទ្ធិដោយ thmeythmey.com