អន្តរជាតិ
ប្រមុខ WTO ព្រមានពីហានិភ័យនៃការធ្វើពាណិជ្ជកម្មដោយផ្អែកតាមនយោបាយ
20, Jan 2023 , 8:29 pm        
រូបភាព
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក Ngozi Okonjo-Iweala ។ រូបថត Xinhua
អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក Ngozi Okonjo-Iweala ។ រូបថត Xinhua
ពីវេទិកាសេដ្ឋកិច្ចពិភពលោកនៅ Davos ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោកស្រី Ngozi Okonjo-Iweala ព្រមានពីហានិភ័យនៃការស្វែងរកដៃគូពាណិជ្ជកម្មដោយផ្អែកតាមនយោបាយជាជាងគិតគូរពីផលប្រយោជន៍សេដ្ឋកិច្ច។ បើតាមលោកប្រមុខ​WTO ប្រទេសជាមិត្ត​នៅ​ថ្ងៃនេះ​មិន​ច្បាស់ថានឹងជាមិត្តនៅថ្ងៃក្រោយនោះឡើយ។

 
ថ្លែងក្នុងសន្និសីទកាសែតក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅទឹកដីស្វ៊ីស លោកស្រី Ngozi Okonjo-Iweala បានជំរុញឱ្យមានការប្រុងប្រយ័ត្នក្នុងការធ្វើពាណិជ្ជកម្ម ឬការបង្កើតប្លុកពាណិជ្ជកម្ម។ លោកស្រីក៏បានលើកឡើងពីតម្រូវការក្នុងការស្វែងរកឱកាសពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ​ជាមួយ​ប្រទេស និងតំបន់ខ្លះដែលរហូតមកដល់ពេលនេះមិនសូវទទួលបានការ​ធ្វើពាណិជ្ជកម្មជាមួយ​គេឯងអ្វីសោះ។
 
ការបង្កើតប្លុកពាណិជ្ជកម្មដែលមានតែប្រទេសមានគោលដៅដូចគ្នា ឬនិន្នាការដូចគ្នាបែបប្រជាជធិបតេយ្យ ឬកុម្មុយនីស្តផ្ដាច់ការ កំពុងកម្រើកខ្លាំងជុំវិញពិភលោក។ រឿងជាក់ស្ដែង សង្រ្គាម​អ៊ុយក្រែន​បាន​ជំរុញឱ្យក្រុមហ៊ុនលោកខាងលិចចាកចេញយ៉ាងប្រញាប់ប្រញាល់ពីរុស្ស៊ីក្រោយតាំងទីអស់រយៈ​ពេល​ជាច្រើនឆ្នាំ។ ស្រដៀងគ្នា លោកខាងលិច ក៏ងាកទៅរកទីផ្សារឥណ្ឌាដែលជាប្រទេសមានប្រជាធិបតេយ្យធំជាងគេជំនួសសម្រាប់ចិនដែលមានបញ្ហាសិទ្ធិមនុស្ស និងកង្វល់ផ្សេងៗទៀត។
 
«នរណាជាមិត្ត? អ្នក​មិន​ប្រាកដ​ថា​ពួកគេ​នឹង​ក្លាយ​ជា​មិត្ត​នៅ​ថ្ងៃ​ស្អែក​នោះ​ទេ។ ពួកយើង​ធ្លាប់បាន​ឃើញ​ឧទាហរណ៍​នៃ​រឿង​នេះ»។ លោកស្រី Okonjo-Iweala ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters បែប​នេះរួចបន្ដថា ដៃគូពាណិជ្ជកម្មមិនគួរមានតែនៅអាស៊ីទេ។ វាគួរតែមាននៅអាមេរិកឡាទីន និង​អាហ្រ្វិក ដែលប្រទេសនៅទីនោះអាចផ្ដល់ផលិតកម្មបានយ៉ាងល្អ។ 
 
ជាមួយគ្នានេះ លោកស្រី Okonjo-Iweala បានទទួលស្គាល់ថា WTO ចាំបាច់ត្រូវកែទម្រង់ដំណើរការ និងស្ថាប័នរបស់ខ្លួនដើម្បីប្រាកដថា វាអាចជំរុញពាណិជ្ជកម្មសេរីប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែ​លោក​ស្រីបានអំពាវនាវដល់ប្លុកពាណិជ្ជកម្មកុំបោះបង់ចោល WTO និងប្រព័ន្ធផ្អែកលើច្បាប់​របស់​អង្គការមួយនេះ៕
 
 
 
 

Tag:
 WTO
© រក្សាសិទ្ធិដោយ thmeythmey.com