ជាតិ
សេដ្ឋកិច្ច
អន្តរក្រសួង រកដំណោះស្រាយ​លើបញ្ហាសំណង់ជាប់គាំង នៅខេត្តព្រះសីហនុ​
20, Jan 2023 , 8:59 pm        
រូបភាព
កិច្ចប្រជុំលើកដំបូងរវាងស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ នៅក្រសួងសេដ្ឋកិច្ច នារសៀលថ្ងៃទី១៩មករា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុក លោក ឡុង ឌីម៉ង់
កិច្ចប្រជុំលើកដំបូងរវាងស្ថាប័នពាក់ព័ន្ធក្នុងការដោះស្រាយគម្រោងវិនិយោគជាប់គាំងនៅខេត្តព្រះសីហនុ នៅក្រសួងសេដ្ឋកិច្ច នារសៀលថ្ងៃទី១៩មករា ឆ្នាំ២០២២។ រូបថត៖ ហ្វេសប៊ុក លោក ឡុង ឌីម៉ង់
ភាពជាប់គាំងនៃសំណង់អគារយ៉ាងស្អេក នៅទឹកដីខេត្តព្រះសីហនុ ត្រូវបានក្រសួងនិងស្ថាប័នពាក់ព័ន្ធនានា ចាប់ផ្តើមប្រជុំគ្នារកដំណោះស្រាយហើយនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៩មករា។​ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាកិច្ចប្រជុំលើកដំបូងរវាងអន្តរស្ថាប័ននេះ គឺបានជជែកគ្នានិងប្រមូលធាតុចូលពីគ្រប់ភាគី ដើម្បីរកយន្តការឬវិធីសាស្ត្ររួមណាមួយ ក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពជាមួយលទ្ធផលល្អ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកស្តាប់កិច្ចសម្ភាសលោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុជាមួយកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗដូចខាងក្រោម៖ 



 
ដើម្បីរកបាននូវវិធីសាស្ត្រដែលល្អក្នុងការដោះស្រាយ លើបញ្ហាជាប់គាំងសំណង់នៅខេត្តព្រះសីហនុ គណៈកម្មការដោះស្រាយបញ្ហាគម្រោងវិនិយោគជាប់គាំងនៅក្នុងខេត្តព្រះសីហនុ នឹងចាប់ផ្តើមអត្តសញ្ញាណកម្ម​លើសំណង់អគារមួយៗឬ ក៏ប្រវត្តិនៃសំណង់អគារទាំងនោះ ដើម្បីរៀបចំផែនការសកម្មភាពក្នុងការសុំ គោលការណ៍អនុវត្តពីរាជរដ្ឋាភិបាល។ បើតាមលោក​ឡុង ឌីម៉ង់  ការធ្វើអត្តសញ្ញាណកម្មនៃសំណង់អគារជាប់គាំងទាំងនោះ នឹងកំណត់លើចំនួនអគារដែលមានទំហំវិនិយោគចាប់ពី១លានដុល្លារឡើងទៅ, កំណត់លើអគារដែលជាប់គាំងការសាងសង់មុនឬក្រោយឆ្នាំ២០១៧ រួមការកំណត់អត្តសញ្ញាណកម្មផ្សេងៗលើសំណង់អគារទាំងនោះ។ 
 
គួរជម្រាបថា ការដ្ឋានសំណង់ប្រមាណ១១០០កន្លែងនៅខេត្តព្រះសីហនុដែលកំពុងជាប់គាំងការសាងសង់មកទល់បច្ចុប្បន្ន មានភាគច្រើនម្ចាស់ទីតាំងគឺជាជនជាតិខ្មែរ។ រីឯគម្រោងសំណង់អគារនានា គឺជាការវិនិយោគផ្ទាល់របស់ជនជាតិចិន។ បញ្ហានេះបានកើតឡើងបន្ទាប់ពីការចាកចេញរបស់វិនិយោគិនចិន ព្រោះតែការបិទហ្គេមអនឡាញ និងវិបត្តិកូវីដ-១៩ នារយៈពេល៣ឆ្នាំមកនេះ៕ 
 
 

Tag:
 សំណងជាប់គាំង​
  ព្រះសីហនុ
  លោក ឡុង ឌីម៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com