កីឡាជាតិ
ជាតិ
ហាត់លើព្រិលទឹកកក១២ថ្ងៃ កីឡាករស្គែតវ័យ១៤ឆ្នាំ ខឹម ច័ន្ទស័ក្ដ ឈ្នះមេដាយមាស នៅកូរ៉េខាងត្បូង
20, Jan 2023 , 4:44 pm        
រូបភាព
កីឡាករ ខឹម ច័ន្ទស័ក្ដ ម្ចាស់មេដាយមាស ព្រឹត្តិការណ៍ Dream Program 2023 នៅប្រទេសកូរ៉េខាងត្បូង
កីឡាករ ខឹម ច័ន្ទស័ក្ដ ម្ចាស់មេដាយមាស ព្រឹត្តិការណ៍ Dream Program 2023 នៅប្រទេសកូរ៉េខាងត្បូង
កីឡាករស្គែតកម្ពុជា ខឹម ច័ន្ទស័ក្ដ ម្ចាស់មេដាយមាសព្រឹត្តិការណ៍ប្រកួត Dream Program 2023 លើវិញ្ញាសាស្គីក្តាទឹកកក និយាយថាខ្លួនបានទទួលបទពិសោធន៍ ជិះស្គីលើបន្ទះក្តាទឹកកក (Snowboard) ត្រឹមរយៈពេលជិត២សប្ដាហ៍នៅប្រទេសកូរ៉េខាងត្បូង មុនថ្ងៃប្រកួតមកដល់។ បើទោះជាមានការលំបាកព្រោះ មិនធ្លាប់ហ្វឹកហាត់ និងប្រកួតសោះលើផ្ទៃទឹកកក ប៉ុន្តែកីឡាករវ័យ ១៤ឆ្នាំរូបនេះ សម្រេចលទ្ធផលល្អ ដែលធ្វើឲ្យគណៈកម្មការៀបចំការប្រកួតសរសើរពីទេព្យកោសល្យរបស់ខ្លួន ដោយផ្តល់មេដាយមាស។



កីឡាករ ខឹម ច័ន្ទស័ក្ដ បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួតនៅប្រទេសកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ Dream Program 2023 លើវិញ្ញាសា ស្គីលើបន្ទះក្តាទឹកកក ពិបាកយ៉ាងខ្លាំងព្រោះជាការប្រកួតដំបូងរបស់ខ្លួន លើផ្ទៃទឹកកក។ កីឡាកររូបនេះ បន្ថែមថា ការប្រកួតនេះ គឺខុសគ្នាទាំងស្រុងក្នុងប្រទេសកម្ពុជា ព្រោះខ្លួនមិនធ្លាប់ទទួលបទពិសោធន៍លើផ្ទៃទឹកកកសោះ។ យុវជនវ័យ ១៤ឆ្នាំរូបនេះ ហ្វឹកហាត់នៅទីនោះ ត្រឹមតែរយៈពេល ១២ថ្ងៃប៉ុណ្ណោះ ហើយបានជោគជ័យលើការប្រកួត ដែលធ្វើឲ្យគ្រូបង្វឹកនៅទីនោះ ស្ងើចសរសើរយ៉ាងខ្លាំងលើសមត្ថភាពកីឡាករកម្ពុជា។
  

កីឡាករ ខឹម ច័ន្ទស័ក្ដ បង្ហាញពីរបៀបជិះស្គែត
 
«ការហ្វឹកហាត់ មានការលំបាកច្រើន ម្យ៉ាងវិញទៀត ខ្ញុំមិនដែលលេងស្គីទឹកកកផង។ គ្រូបង្វឹកនៅកូរ៉េខាងត្បូងនោះ បានប្រាប់ថាមិនដែលលេងស្គីទឹកកកទេ ប៉ុន្ដែមានសមត្ថភាពអាចលេងបានល្អជាងគេ។»។ កីឡាករ ខឹម ច័ន្ទស័ក្ដ ថាគ្រូបង្វឹកកូរ៉េខាងត្បូងសរសើរខ្លួនដូច្នេះ។
 
ម្ចាស់មេដាយមាសនេះ ក៏បានបន្ដទៀតថា ការប្រកួតតម្រូវឲ្យកីឡាករចូលរួមត្រូវ ជិះពីលើភ្នំចុះមក។ តាមការបញ្ជាក់របស់យុវជនកម្ពុជានេះ ភ្នំ ដែលជាកន្លែងជិះស្គីប្រកួតនោះ មិនមានកម្ពស់ខ្ពស់ទេ។ ហើយមានភ្លូវបត់ចុះឡើងយ៉ាងលំបាក។ ម្យ៉ាងវិញទៀត ការប្រកួត តម្រូវឲ្យអ្នកចូលរួមត្រូវសម្រេចទី ដោយប្រើល្បឿនលឿនជាងគេ។ 
  

កីឡាករ ខឹម ច័ន្ទស័ក្ដ បង្ហាញពីរបៀបជិះស្គែត
 
ដើម្បីសម្រេចបានជ័យជម្នះនេះ យុវជនរូបនេះ បានប្រឹងហ្វឹកហាត់យ៉ាងម៉ត់ចត់។ ម្យ៉ាងវិញទៀតនោះ កម្រិតកីឡាករបរទេស ក៏ប្រហាក់ប្រហែលកម្ពុជា ផងដែរ។ យុវជន ខឹម ច័ន្ទស័ក្ដ បានបញ្ជាក់ដូច្នេះថា៖«ការប្រកួតនេះ ជាបទពិសោធន៍ថ្មីសម្រាប់ខ្ញុំ ហើយពេលខ្ញុំហ្វឹកហាត់ជិះ ដួលច្រើនលើក ហើយក៏រៀងឈឺខ្លួនផងដែរ។»។
 
គួរបញ្ជាក់ផងដែរថា កីឡាករ ខឹម ច័ន្ទស័ក្ដ គឺជាសមាសភាព ១ក្នុងចំណោម កីឡាករ-កីឡាការិនីកម្ពុជា ៣នាក់ ដែលបានចេញទៅប្រកួតព្រឹត្តិការណ៍ Dream Program 2023 ដែលធ្វើចាប់ពីថ្ងៃទី៥-១៧ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងព្យុងឆាង នៃប្រទេសកូរ៉េខាងត្បូង ដោយមានវត្តមានប្រទេសចំនួន៣២ប ណ្តាទ្វីបនានាដែលបញ្ជូនអ្នកចូលរួម ចំនួនសរុប១៣០នាក់។

សមាសភាពអត្ដពលិក ៣រូបនេះ មាន៖កញ្ញា សោភ័ណ្ឌ ពេជ្រវិច្ឆិកា, យុវជន វឌ្ឍនៈ សុខគុណ និងខឹម ច័ន្ទស័ក្ត។ ដោយឡែក យុវជន ខឹម ច័ន្ទស័ក្ដ បានហ្វឹកហាត់កីឡាស្គែតនេះ អស់រយៈពេល ៣ឆ្នាំ និងបានចូលរួមជាមួយសហព័ន្ធកីឡាស្គែតកម្ពុជា ចាប់ពីដើមឆ្នាំ២០២២៕ 
 

Tag:
 ស្គែត
  ខឹម ច័ន្ទស័ក្ដ
© រក្សាសិទ្ធិដោយ thmeythmey.com