កីឡាអន្តរជាតិ
អន្តរជាតិ
លោក Philippe Troussier នឹងដឹកនាំក្រុមជម្រើសជាតិវៀតណាម បន្ដពីលោក Park Hang Seo
21, Jan 2023 , 4:30 pm        
រូបភាព
គ្រូបង្វឹក Philippe Troussier ក្នុងសន្និសីទសារព័ត៌មានសម្រាប់ការប្រកួតរបស់ក្រុម U19 វៀតណាមឆ្នាំ 2019។ រូបថតពី VnExpress-Hoang Tung
គ្រូបង្វឹក Philippe Troussier ក្នុងសន្និសីទសារព័ត៌មានសម្រាប់ការប្រកួតរបស់ក្រុម U19 វៀតណាមឆ្នាំ 2019។ រូបថតពី VnExpress-Hoang Tung
កុងត្រារបស់លោក Philippe Troussier គ្រូបង្វឹកសញ្ជាតិបារាំង និងក្រុមជម្រើសជាតិវៀតណាម  បានឈានមកដល់ការព្រមព្រៀងជាបឋម។ លោក Philippe នឹងត្រូវដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បន្ទាប់ពីលោក Park Hang Seo ដែលនឹងចប់កុងត្រា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

 
 
យោងទៅលើការផ្សាយរបស់ VNexpress ការជជែកពីកិច្ចព្រមព្រៀងដឹកនាំក្រុមជម្រើសជាតិវៀតណាម រវាងលោក Philippe និងសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានឈានទៅរកចំណុចវិជ្ជមាន ដោយគ្រូបង្វឹកសញ្ជាតិបារាំងនេះ នឹងចូលមកដឹកនាំបន្ទាប់ពី លោក Park Hang Seo ដែលចប់កិច្ចសន្យានៅថ្ងៃទី៣១ ខែមករា។
 
ជាជាក់ស្ដែក ការចរចាគ្នាចំពោះកិច្ចសន្យានេះ បានប្រព្រឹត្តទៅយ៉ាងល្អ ព្រោះលោក Philippe ក៏ចង់ដឹកនាំក្រុមជម្រើសជាតិវៀតណាមដែរ។ អ្វីដែលត្រូវបារម្ភនោះមិនមែនជាពេលវេលាដឹកនាំ ឬសមត្ថភាពដឹកនាំទេ ប៉ុន្ដែគឺប្រាក់បៀវត្សរ៍ សម្រាប់គ្រូបង្វឹកនេះ។ ចំពោះតម្លៃប្រាក់បៀវត្សរ៍ ក្នុងមួយខែប៉ុន្មាន VNexpress មិនបានបញ្ជាក់នោះទេ។
 
គ្រូបង្វឹកវ័យ ៦៧ឆ្នាំរូបនេះ ធ្លាប់ធ្វើជាទីប្រឹក្សាយុទ្ធសាស្ត្រ និងបន្ទាប់មកជានាយកបច្ចេកទេសនៅមូលនិធិលើកកម្ពស់ទេពកោសល្យបាល់ទាត់វៀតណាម (PVF) Academy ក្នុង២០១៨។ មួយឆ្នាំក្រោយមក លោក Philippe Troussier ត្រូវបានតែងតាំងជាគ្រូបង្វឹក U-19 ហើយបានជួយ VFF មានក្រុមបាល់ទាត់យុវជនក្រោម១៩ឆ្នាំ មានលក្ខណៈគ្រប់គ្រាន់ ក្នុងការប្រកួត U-19 AFC Championship។ 
 
លោក Philippe ត្រូវបានគេទទួលស្គាល់ច្រើន ជាពិសេសគឺការទទួលស្គាល់កាន់តែខ្លាំង ពី សហព័ន្ធបាល់ទាត់អាស៊ី (AFC) អំឡុងពេល រូបលោកដឹកនាំនៅប្រទេសជប៉ុន (១៩៩៨-២០០២) ឈ្នះ AFC Asian Cup 2000។ នៅក្នុងអាណត្តិដឹកនាំ ឆ្នាំ១៩៩៨-២០០២នេះ ក្រុមជម្រើសជាតិជប៉ុន បានឡើងទៅវគ្គ ១៦ក្រុម នៃព្រឹត្តិការណ៍ FIFA World Cup 2002។ 
 
លុះចូលមកដល់ឆ្នាំ២០២០ គ្រូបង្វឹករូបនេះ ត្រូវបានAFC ឲ្យកត់សម្គាល់ថា ជាគ្រូបង្វឹកដែលល្អជាងគេ ក្នុងការដឹកនាំប្រកួតពានរង្វាន់អាស៊ី៕

Tag:
 បាល់ទាត់
  Philippe Troussier
  Park Hang Seo
© រក្សាសិទ្ធិដោយ thmeythmey.com