ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ឆ្នាំ២០២២ ឃុំគោកខ្ពស់ សង់ផ្លូវបេតុងបានមួយខ្សែ ប្រវែង៨០០ម៉ែត្រ
23, Jan 2023 , 12:59 pm        
រូបភាព
ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនគោកខ្ពស់) 

ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ នៅឆ្នាំ២០២២ ឃុំគោកខ្ពស់ ដែលស្ថិតក្នុង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានសម្រេចការសាងសង់ផ្លូវបេតុង មួយខ្សែប្រវែង ៨០០ម៉ែត្រ កាត់ភូមិគោកខ្ពស់។ សមិទ្ធផលថ្មីនេះ បានជួយសម្រួលដល់ធ្វើដំណើររបស់ពលរដ្ឋ ជាពិ​សេស ការងារដឹកជញ្ជូនកសិផលរបស់កសិករ។



លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ បានឱ្យដឹងថា នៅឆ្នាំ២០២២-២០២៣ ឃុំគោកខ្ពស់ មានផែនការអភិវឌ្ឍលើហេដ្ឋាចរនាសម្ព័ន្ធមួយចំនួន ដែលបម្រើដល់ការរស់នៅរបស់ពលរដ្ឋ។ ជាក់ស្ដែងឆ្នាំ២០២២ ឃុំ សម្រេចសាងសង់ផ្លូវបេតុង មួយខ្សែ ប្រវែង៨០០ម៉ែត្រ ត្រង់ចំណុចភូមិគោកខ្ពស់ ដែលចំណាយថវិកាអស់ប្រមាណ ២០០លានរៀល។ ផ្លូវមួយខ្សែនេះ បានផ្ដល់ប្រយោជន៍យ៉ាងច្រើន ដល់ការធ្វើដំណើររបស់ពលរដ្ឋ ជាពិសេស បម្រើដល់ការងារដឹកជញ្ជូនកសិកម្ម យ៉ាងលឿនរហ័ស។ 


លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។ 
 
នេះគឺសញ្ញាមួយល្អ ដែលឃុំគោកខ្ពស់ អាចកាត់បន្ថយផ្លូវក្រួសក្រហម ទៅបេតុង។ សព្វថ្ងៃ ឃុំគោកខ្ពស់ មានផ្លូវបេតុង មួយខ្សែប៉ុណ្ណោះ តែឃុំ បានដាក់គោលដៅសាងសង់ផ្លូវបេតុង បន្ថែមទៀត នៅឆ្នាំ ២០២៣។ នេះជាការបញ្ជាក់របស់ លោក វ៉ាន់ ប៉ិក ដោយបន្ថែមដូច្នេះថា៖«ការធ្វើផ្លូវបេតុងនេះ គឺយើងចង់កាត់បន្ថយផ្លូវក្រាលក្រួសក្រហម។ ម្យ៉ាងទៀត ផ្លូវនេះ ជាប់បានយូរ និងងាយស្រួលធ្វើដំណើរ។ កាលណាប្រទេសជាតិកាន់តែ រីកចម្រើន ឃុំ តែងតែមានការអភិវឌ្ឍ។ អ៊ីចឹង យើងចង់ប្រែក្លាយពីផ្លូវ ដែលមានដីស មកក្រួសក្រហម និងពីក្រួសក្រហម មកបេតុង ឬកៅស៊ូជាដើម»។ 
 
លោក វ៉ាន់ ប៉ិក បង្ហាញក្ដីរីករាយ នៅពេលឃើញសម្រេចបានការអភិវឌ្ឍជាបន្តបន្ទាប់។ ជាមួយគ្នានេះ លោកមេឃុំក៏បាន ស្នើដល់ពលរដ្ឋ និងម្ចាស់រថយន្តអាជីវកម្មដឹកដី កុំដឹកលើសទម្ងន់ និងរួមគ្នាថែរក្សាផ្លូវឱ្យបានយូរអង្វែង៕ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 
 

Tag:
 ផ្លូវ
  ហេដ្ឋារចនាសម្ព័ន្ធ
  ឧត្ដរមានជ័យ
  បន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com