ជាតិ
រឿងចរាចរណ៍នៅជ្រោយចង្វា! សម្តេច ហ៊ុន​ សែន ឲ្យរដ្ឋមន្ត្រី​ហៅអ្នកកាសែតទៅណែនាំ
26, Jan 2023 , 9:20 am        
រូបភាព
ដោយ: រួបរួម
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពីធីចែកសញ្ញាបត្រ​ដល់និស្សិត​សាកលវិទ្យាល័យ​វេស្ទើនជាង៣ពាន់នាក់នាព្រឹកនេះ ស្នើ​ឲ្យរដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ហៅអ្នក​កាសែតអនឡាញ​ដែលផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ទៅអប់រំណែនាំដើម្បីពង្រឹង​សមត្ថភាព ដោយមិន​ត្រូវបណ្តោយ​ជ្រុលនោះឡើយ។ សម្តេចបាន​លើកឡើង​បែបនេះ ដោយភ្ជាប់ករណីដែលបាន​សុះសាយពេញបណ្តាញ​សង្គម ស្តីពី​អ្នកកាសែតអនឡាញ និងបុរស​ម្នាក់ដែលទៅជួយលើកម៉ូតូ ក្នុងហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍មួយនៅជ្រោយចង្វា។



«ឈប់បាន​ឈប់់ទៅ មិន​ដឹង លោក ខៀវ កាញ្ញារីទ្ធ ដោះស្រាយយ៉ាងម៉េចឡើយ»។ នេះជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល ដោយ​បាន​កោត​សរសើរបុរសដែលបាន​ទៅជួយ​លើកម៉ូតូ ហើយ​សម្តែងការហួស​ចិត្ត​ចំពោះ​កាយវិការ​របស់អ្នកសារព័ត៌មានអនឡាញ។

«មិន​សូមទោស​ប៉ូលិស បែរជាសូមទោសអ្នកកាសែត​ តើអ្នកកាសែតមាន​សិទ្ធិអី?»។ សម្តេច ហ៊ុន សែន ហួសចិត្ត ដោយបាន​ឃើញអ្នកកាសែត​ដែលបាន​ដើរតួជំនួស​នគរបាល​យុត្តិធម៌។ សម្តេច​ថា អ្នក​សារព័ត៌មាន​មិនមែនជានគរបាល​យុត្តិធម៌នោះឡើយ។

សម្តេច​បាន​ស្នើឲ្យ​លោក ខៀវ កាញារីទ្ធ ហៅអ្នកកាសែតទៅណែនាំ ប៉ុន្តែមិនអាច​ឈាន​ដល់​ការ​ដកអាជ្ញាបណ្ណ ឬដាក់ពាក្យបណ្តឹង ដោយ​ការ​លើកឡើង​របស់មតិមួយចំនួននោះឡើយ។

សម្តេចរំលឹកដល់រដ្ឋមន្ត្រីក្រសួងព័ត៌មានថា សូមកុំឲ្យអ្នកសារព័ត៌មាន​ក្លាយជានគរបាលចរាចរណ៍ ឬនគរបាល​យុត្តិធម៌៕

© រក្សាសិទ្ធិដោយ thmeythmey.com