អន្តរជាតិ
Facebook និង Instagram នឹងបើកគណនីលោកដូណាល់ ត្រាំ ឱ្យដំណើរការឡើងវិញ រូបភាព៖ AFP
× ក្រុមហ៊ុនបណ្តាញសង្គម Meta នៅថ្ងៃទី២៥ ខែមករា បានអះអាងថា ខ្លួននឹងបើកគណនី Facebook និង Instagram របស់លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិកឱ្យដំណើរការឡើងវិញ ក្រោយផ្អាកចាប់តាំងពីឆ្នាំ២០២១។
ក្រោយមានបាតុកម្មនៅវិមានCapitol ក្នុងក្រុងវ៉ាស៊ីនតោន នៅដើមឆ្នាំ២០២១ ក្រុមហ៊ុនMeta បានផ្អាកដំណើរការគណនី Facebook និង Instagram របស់លោកដូណាល់ ត្រាំ អតីតប្រធានាធិបតីអាម៉េរិក។ យ៉ាងណាមិញ ក្រុមហ៊ុនអាម៉េរិកមួយនេះ នឹងបើកគណនីលោកត្រាំឱ្យដំណើរការឡើងវិញ ក្រោយលោកត្រាំប្រកាសចូលរួមការបោះឆ្នោតប្រធានាធិបតីអាម៉េរិក។
គណនី Facebook របស់លោកត្រាំ មានអ្នកតាមដានចំនួន ៣៤លាននាក់ និង Instagram មានចំនួន ២៣លាននាក់។ ការបើកគណនីឡើងវិញនេះ នឹងអនុញ្ញាតឱ្យលោកត្រាំ អាចស្វែងរកមូលនិធិសម្រាប់ការបោះឆ្នោតប្រធានាធិបតីអាម៉េរិក នៅឆ្នាំ២០២៤ ខាងមុខ។
យ៉ាងណាមិញ ក្រុមហ៊ុន Meta ក៏បានដាក់ការការពារផងដែរ ដើម្បីប្រឆាំងអតីតប្រធានាធិបតីអាម៉េរិករូបនេះ កុំឱ្យបង្កកំហុសឡើងវិញម្តងទៀត។
«ក្នុងការករណីលោកត្រាំសរសេរពីមាតិកាបែបវាយប្រហារបន្តទៀត មាតិកានោះ នឹងត្រូវបានលុបចោល ហើយគាត់នឹងប្រឈមការផ្អាកគណនីនៅចន្លោះពី មួយខែ ទៅពីរឆ្នាំ»។ លោក Nick Clegg ប្រធានកិច្ចការសកលរបស់ក្រុមហ៊ុន Meta បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រយៈពេលនៃការព្យួរគណនីនោះ អាស្រ័យលើភាពធ្ងន់ធ្ងរនៃការវាយប្រហារ។
កន្លងមកក្រុមហ៊ុន Meta ហាមឃាត់លោកត្រាំ មិនឱ្យចូលគណនីរបស់ Facebook និង Instagram បន្តទៀត។ នៅក្នុងខែវិច្ឆិកាកន្លងទៅ គណនី Twitter របស់លោកត្រាំ ក៏ត្រូវបានអនុញ្ញាតឱ្យដំណើរការវិញផងដែរ ។ ប៉ុន្តែមកទល់ពេលនេះ លោកត្រាំ មិនទាន់បានសរសេរមាតិកាអ្វីឡើយលើបណ្តាញសង្គមនោះ។
យ៉ាងណាមិញ លោកត្រាំ បានឆ្លើយតបលើបណ្តាញសង្គម Truth Social ថា ការបើកគណនីក្រុមហ៊ុន Meta ឡើងវិញ មិនគួរកើតឡើងម្តងទៀតចំពោះរូបលោកឡើយ និងមនុស្សផ្សេងទៀត ដែលមិនត្រូវទទួលទណ្ឌកម្មបែបនេះ។ បណ្តាញសង្គម Truth Social ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ Trump៕
Tag:
អាម៉េរិក
Facebook
Instagram
© រក្សាសិទ្ធិដោយ thmeythmey.com