សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិនគ្រប់គ្រងទីផ្សារផលិតអាគុយរថយន្តអគ្គិសនីពិភពលោក ដោយនាំមុខអាម៉េរិកនិងអឺរ៉ុប
26, Jan 2023 , 9:29 pm        
រូបភាព
កម្មករកំពុងដំឡើងថ្មលីចូម-អ៊ីយ៉ុងសម្រាប់រថយន្តអគ្គិសនីនៅរោងចក្រមួយក្នុងខេត្ត Zhejiang ប្រទេសចិន ។ រូបភាព ៖ Reuter ។
កម្មករកំពុងដំឡើងថ្មលីចូម-អ៊ីយ៉ុងសម្រាប់រថយន្តអគ្គិសនីនៅរោងចក្រមួយក្នុងខេត្ត Zhejiang ប្រទេសចិន ។ រូបភាព ៖ Reuter ។
ខណៈដែលពិភពលោកកំពុងឈានចូលដល់យុគសម័យនៃការប្រើប្រាស់រថយន្តអគ្គិសនី ការផលិតថ្ម​ អាគុយបានក្លាយទៅជាអាទិភាពសម្រាប់ប្រទេសជាច្រើន។ ដើម្បីបំពេញតម្រូវការខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក បច្ចុប្បន្នចិនបាននាំមុខបណ្តាប្រទេសផ្សេងៗក្នុងការផលិតថ្ម អាគុយរថយន្តអគ្គិសនី។

 
បើតាមទិន្នន័យ និងការព្យាករពីការវាយតម្លៃខ្សែច្រវាក់ផ្គត់ផ្គង់ថ្មលីចូម-អ៊ីយ៉ុង​របស់ BloombergNEF ដែលបង្ហាញពីសមត្ថភាពផលិតថ្ម អាគុយរថយន្តអគ្គិសនីរបស់ប្រទេសនាំមុខគេក្នុងឆ្នាំ ២០២២ និង ២០២៧ ចិនមានសមត្ថភាពផលិតថ្ម អាគុយរថយន្តអគ្គិសនី ច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោករួមបញ្ចូលគ្នាកាលពីឆ្នាំ២០២២ ។ 
 
ជាមួយនឹងសមត្ថភាពជិត៩០០ជីហ្គាវ៉ាត់ម៉ោង (GWh) ដែលស្មើនឹង ៧៧ភាគរយនៃសមត្ថភាពថាមពលសរុបទូទាំងពិភពលោក បច្ចុប្បន្ននេះចិនមានក្រុមហ៊ុន៦ ក្នុងចំណោមក្រុមហ៊ុនផលិតថ្ម អាគុយរថយន្តអគ្គិសនីធំជាងគេទាំង១០នៅលើពិភពលោក។ ចិនក៏ជាទីផ្សាររថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកដែលដណ្តើមទីផ្សារបានចំនួន ៥២ភាគរយនៃការលក់ទូទាំងពិភពលោកក្នុងឆ្នាំ ២០២១។
 
ប៉ូឡូញជាប់ចំណាត់ថ្នាក់ទី២ ក្នុងសមត្ថភាពផលិតថ្មរថយន្តអគ្គិសនីនៅឆ្នាំ ២០២២ ទោះបីជាសមត្ថភាពរបស់វាមានត្រឹមតែជិតមួយភាគដប់នៃប្រទេសចិនក៏ដោយ។ ប៉ូឡូញគឺជាទីតាំងរបស់រោងចក្រទំនើប Wroclaw របស់ក្រុមហ៊ុន LG Energy Solution ដែលជារោងចក្រថាមពលថ្មរថយន្តអគ្គិសនីធំជាងគេនៅអឺរ៉ុប និងជារោងចក្រធំបំផុតមួយនៅក្នុងពិភពលោក។ សរុបមក បណ្តាប្រទេសអឺរ៉ុបមានត្រឹមតែ ១៥ភាគរយនៃសមត្ថភាពផលិតថ្មរថយន្តអគ្គិសនីសាកលសរុបក្នុងឆ្នាំ ២០២២។
 
ថ្វីត្បិតតែនៅឆ្ងាយពីចិន ប៉ុន្តែអាម៉េរិកក៏ជាប្រទេសផលិតថ្មនាំមុខគេមួយរបស់ពិភពលោកផងដែរ។ គិតត្រឹមឆ្នាំ ២០២២ ប្រទេសនេះមានរោងចក្រថ្មធំចំនួន៨ កំពុងដំណើរការ ដែលភាគច្រើនមានទីតាំងនៅភាគភាគលិច និងខាងត្បូងនៃប្រទេស។ នៅឆ្នាំ ២០២៧ សមត្ថភាពផលិតថ្មសកលត្រូវបានព្យាករថានឹងកើនឡើង៨ដង។ បើតាមការព្យាករ នៅឆ្នាំនេះចិននៅនឹង​បន្ត​ជា​អ្នក​នាំ​មុខ​បន្ទាប់​ដោយ​អាម៉េរិក អាល្លឺម៉ង់ និង​ហុងគ្រី។
 
សមត្ថភាពរបស់អាម៉េរិកត្រូវបានគេព្យាករថានឹងកើនឡើងជាង១០ដងក្នុងរយៈពេល៤ឆ្នាំខាងមុខ។ ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់យានយន្តអគ្គិសនីពីច្បាប់កាត់បន្ថយអតិផរណាថ្មីដែលបានអនុម័តកាលពីឆ្នាំ២០២២ នឹងជំរុញការផលិតអាគុយអគ្គិសនីនៅក្នុងប្រទេសកើនឡើង។ ទន្ទឹមនេះក្រុមហ៊ុន Ford ក្រុមហ៊ុន General Motors ក្រុមហ៊ុនអាស៊ីរួមមាន Toyota ក្រុមហ៊ុន SK Innovation និង LG Energy Solution ដែលទាំងអស់នេះបានប្រកាសពីការវិនិយោគលើការផលិតថ្មនៅអាម៉េរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
 
ចំណែកឯអឺរ៉ុបវិញ រោងចក្រផលិតថ្មរថយន្តអគ្កិសនីបច្ចុប្បន្ន និងអនាគតនៅអឺរ៉ុបគឺមកពីបណ្តាក្រុមហ៊ុនបរទេស និងអឺរ៉ុប រួមទាំងក្រុមហ៊ុន Volkswagen របស់អាល្លឺម៉ង់ CATL របស់ចិន និងក្រុមហ៊ុន SK Innovation របស់កូរ៉េខាងត្បូង។
 
បើតាម Bloomberg ដើម្បីប្រកួតប្រជែងជាមួយចិន អាម៉េរិកត្រូវវិនិយោគទឹកប្រាក់៨៧ពាន់លានដុល្លារ ខណៈអឺរ៉ុបចំនួន ១០២ពាន់លានដុល្លារ ដើម្បីអាចបំពេញតម្រូវការក្នុងស្រុកជាមួយនឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុកនៅឆ្នាំ ២០៣០៕
 

Tag:
 ចិន អាម៉េរិក អឺរ៉ុប អាគុយ ថ្ម រថយន្តអគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com