ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ មេប៉ុស្ដិ៍អណ្ដូងទឹក ប្រាប់ពលរដ្ឋឱ្យយល់ពីអត្ថប្រយោជន៍នៃ​អត្រានុកូលដ្ឋាន ដែល​ជាឯកសារគោល
27, Jan 2023 , 12:59 pm        
រូបភាព
ដោយ៖ ឈិន យួន (យុវជនអណ្ដូងទឹក)

ស្រុកបទុមសាគរ, កោះកុង៖  អត្រានុកូលដ្ឋាន មានសារសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋម្នាក់ៗដែលវាគឺជាឯកសារគោលមួយ មិនអាចខ្វះ​បាន។ លោក ប៉ែន ហម មេប៉ុស្ដិ៍អណ្ដូងទឹក បានបញ្ជាក់ថានៅពេល​ប្រជាពលរដ្ឋមកធ្វើ​ឯកសារផ្សេងៗជាមួយប៉ុស្ដិ៍ គឺតម្រូវឱ្យភ្ជាប់ជាមួយនូវសំបុត្រកំណើតឬសំបុត្របញ្ជាក់កំណើត ដើម្បីទុកជាឯកសារគោលសម្រាប់បំពេញ និងផ្ទៀងផ្ទាត់​។

 
​ការធ្វើសៀវភៅស្នាក់នៅ លិខិតបញ្ជាក់កិរិយាមារយាទនិងការធ្វើអត្តសញ្ញាណបណ្ណ គឺជាសេវាដែលប្រជាពលរដ្ឋនៅក្នុងឃុំអណ្តូងទឹក នៃស្រុកបូទុមសាគរមានតម្រូវការច្រើនជាងគេ។ រាល់ការធ្វើឯកសារ​ដែលពាក់ព័ន្ធជាមួយប៉ុស្ដិ៍រដ្ឋបាលអណ្ដូងទឹកគឺត្រូវតែភ្ជាប់មកនូវ​សំបុត្រកំណើតច្បាប់ចម្លងដែលជាឯកសារ​គោល និងលិខិតពាក់ព័ន្ធផ្សេងទៀត។បើគ្មានសំបុត្រកំណើតទេ មន្ត្រីប៉ុស្ដិ៍មិនធ្វើជូននោះទេ។ លោក ប៉ែន ហម ​ បញ្ជាក់ដូច្នេះ។
 

លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក

ក្រៅពីសំបុត្រកំណើត អត្តសញ្ញាណបណ្ណក៏សំខាន់ដែរសម្រាប់សម្គាល់ពលរដ្ឋម្នាក់ៗ។ បើតាមមេប៉ុស្ដិ៍អណ្ដូងទឹក ក្នុងករណីពលរដ្ឋបាត់អត្តសញ្ញាណបណ្ណ ហើយទៅស្នើឱ្យប៉ុស្ដិ៍ធ្វើ​ថ្មី គឺត្រូវឆ្លងកាត់ការសួរនាំច្រើន ថាតើពួកគេបាត់មែន ឬយ៉ាងណា? និងសន្យាមិនធ្វើឱ្យបាត់ម្ដងទៀតនោះទេ។ លោក ប៉ែន ហម បានបានណែនាំពួកគេយ៉ាងដូច្នេះ ៖« ត្រូវថែរក្សាឱ្យបានល្អ
កុំដាក់របស់ពិតទៅតាមខ្លួនអី ត្រូវដាក់របស់កូពីតាមខ្លួនវិញ ជៀសវាងបាត់ ហើយពិបាកធ្វើព្រោះចំណាយពេលយូរ»។
 
មេប៉ុស្ដិ៍រូបនេះ បានរៀបរាប់ថា នៅពេលដែលបាត់អត្តសញ្ញាណបណ្ណ មិនមែនដាក់បណ្ដឹងហើយអាចទៅថតបានភ្លាមនោះទេ គឺប្រើពេលយូណាស់។ ដូច្នេះត្រូវរក្សាឱ្យបានត្រឹមត្រូវ។ បើដាក់ពាក្យបណ្ដឹងមកប៉ុស្ដិ៍ គឺត្រូវរៀបចំឯកសារចុះហត្ថលេខា ហើយបញ្ជូនទៅខេត្ត ហើយខេត្តបញ្ជូនទៅក្រសួងទៀត ទើបធ្វើចេញជារូបរាងអត្តសញ្ញាណបណ្ណ ដោយចំ​ណា​យ​ពេ​លចន្លោះពី ៣ទៅ ៤ខែ ទើបបញ្ជូនមកដល់ម្ចាស់ដើមវិញ។ 
 
«ខ្ញុំឃើញពលដ្ឋប្រឈមរាល់ថ្ងៃដោយសារមិនយកចិត្តទុកដាក់ រឿងផ្ទាល់ខ្លួនលើអត្តសញ្ញាណបណ្ណ។ ខ្ញុំតែងតែប្រាប់និងណែនាំពេលដែលយកអត្តសញ្ញាណបណ្ណពីខ្ញុំទៅ គឺត្រូវទុកឱ្យបានល្អ ការពារកុំឱ្យបាត់ព្រោះវាសំខាន់ណាស់ វាដូចជាលេខសម្គាល់ខ្លួន»។
 
នេះបើតាមលោក ប៉ែន ហម។លោកបន្ថែមបែបនេះប្រសិនបើបាត់អត្តសញ្ញាណបណ្ណ ហើយជនខិលខូចរើសបានយកទៅប្រព្រឹត្តិអំពើខុសនឹងច្បាប់នោះគឺជាបញ្ហាដែលតុលាការហៅម្ចាស់ដើមមុនគេ។ ដូច្នេះត្រូវទុកដាក់ឱ្យបានល្អ។បើតាម លោក ប៉ែន ហម ​ឃុំអណ្ដូងទឹកមានប្រជាពលរដ្ឋ ១ ៦០៧គ្រួសារ ស្មើនឹង ៦ ០៣៤នាក់។ ជាមធ្យមពលរដ្ឋចន្លោះពី៤ ទៅ ៥នាក់ បានមក​ធ្វើឯកសារដែលពាក់ព័ន្ធនៅប៉ុស្ដិ៍រដ្ឋបាលឃុំអណ្តូងទឹក៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជានិងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះគឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 

Tag:
 អត្តសញ្ញាណបណ្ណ
© រក្សាសិទ្ធិដោយ thmeythmey.com