អន្តរជាតិ
ក្រុងបាងកក ស្នើប្រជាជនឱ្យស្នាក់នៅផ្ទះ ដោយសារកម្រិតខ្យល់ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ កម្រិតខ្បល់នៅក្នុងក្រុងបាងកកក្នុងឆ្នាំ២០១៩។ រូបភាព AFP
× គុណភាពខ្យល់ក្នុងក្រុងបាងកក បានស្ថិតក្នុងកម្រិតគ្រោះថ្នាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលក្រុងបាងកក (BMA) នៅថ្ងៃទី២៦ ខែមករា និងបានជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ និងកាត់បន្ថយការងារនៅក្រៅផ្ទះ ក្នុងថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា។
តាមសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញសង្គម Facebook រដ្ឋបាលក្រុងបាងកក (BMA) បានអះអាងថា កម្រិតគ្រោះថ្នាក់នៃការបំពុលខ្យល់ PM2.5 គឺមាននៅក្នុងថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា ក្នុងក្រុងបាងកក និងខេត្តក្បែរនោះ។ PM2.5 ជាភាគល្អិតតូចៗនៅក្នុងខ្យល់ ដែលមានអង្កត់ផ្ចិតតូចជាង ២,៥ មីក្រូម៉ែត្រ ឬប្រហែល ៣ ភាគរយនៃអង្កត់ផ្ចិតរបស់សក់មួយសរសៃ។ ដោយសារតែជាភាគល្អិតតូចខ្លាំង PM2.5 អាចបង្កឱ្យមានជំងឺផ្លូវដង្ហើម និងមហារីកជាដើម។
«សាធារណៈជនត្រូវបានលើកទឹកចិត្តឱ្យមានផែនការធ្វើកិច្ចការ និងសកម្មភាពរបស់ខ្លួន។ ជាពិសេសនៅក្នុងតំបន់ដែលកម្រិតខ្យល់ឈានដល់ស្ថានភាពគ្រោះថ្នាក់ រដ្ឋបាលក្រុងស្នើឱ្យកាត់បន្ថយ ឬចៀសវាងសកម្មភាពខាងក្រៅ»។ រដ្ឋបាលក្រុងបាងកក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញថ្ងៃទី២៦ ខែមករា ដោយបន្តជំរុញឱ្យពាក់ម៉ាស់ ប្រសិនបើមានករណីចាំបាច់ចេញមកខាងក្រៅ។
ទន្ទឹមនេះ រដ្ឋបាលក្រុងបាងកក បានបន្ថែមទៀតថា កម្រិតគ្រោះថ្នាក់ PM2.5 ក៏ត្រូវបានរំពឹងមាននៅក្នុងក្រុងបាងកក និងបរិវេទនោះ នៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈផង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។
ដោយថៃតែងប្រឈមនឹងកម្រិតគ្រោះថ្នាក់នៃការបំពុលខ្យល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទីប្រឹក្សាបរិស្ថានរបស់អភិបាលក្រុងបាងកក លោក Pornprom Vikitsreth បានអះអាងថា នៅក្នុងឆ្នាំនេះ ថៃបានចូលរួមយ៉ាងសកម្មក្នុងការដាក់ចេញយុទ្ធសាស្រ្តមួយចំនួន ដូចជាលើកទឹកចិត្តឱ្យប្រជាជនប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈឱ្យបានញឹកញាប់ នៅពេល PM2.5 មានកម្រិតគ្រោះថ្នាក់។
តាមការបញ្ជាក់របស់លោក Pansak Thiramongkol ប្រធានការិយាល័យគ្រប់គ្រងសំឡេង និងគុណភាពខ្យល់ របស់នាយកដ្ឋានគ្រប់គ្រងការបំពុល គុណភាពខ្យល់ធ្លាក់ចុះ តែងកើតមាននៅក្នុងរដូវត្រជាក់ និងអូសបន្លាយដល់ខែមេសា។
តាមការស្រង់មតិដោយក្រសួងសុខាភិបាលថៃ ចំនួនអ្នកជំងឺ ដែលរងគ្រោះដោយសារជំងឺផ្លូវដង្ហើម ជំងឺស្បែក និងរលាកភ្នែក បានកើនឡើងនៅទូទាំងប្រទេស ក្នុងរយៈពេល៣សប្តាហ៍។ បើតាមវេជ្ជបណ្ឌិត Ekachai Piensriwatchara អគ្គនាយករងនៃនាយកដ្ឋានសុខភាព ចំនួនអ្នកជំងឺដែលរងគ្រោះពីការបំពុលខ្យល់បានកើនដល់ ៩ម៉ឺននាក់ នៅក្នុងខែមករា បើធៀបនឹង១១ម៉ឺននាក់ នៅក្នុងខែធ្នូ ឆ្នាំ២០២២៕
© រក្សាសិទ្ធិដោយ thmeythmey.com