ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ មេឃុំគោកខ្ពស់ សរសើរពលរដ្ឋឃុំខ្លួន ដែលមានស្មារតីចូលរួមអភិវឌ្ឍសហគមន៍
×
ដោយ៖ វ៉ាន់ រ៉ាឌី (យុវជនគោកខ្ពស់)
ស្រុកបន្ទាយអំពិល, ឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋឃុំគោកខ្ពស់ បានចូលរួមយ៉ាងសស្រាក់សស្រាំ ជាមួយអាជ្ញាធរភូមិ-ឃុំ ក្នុងការអភិវឌ្ឍសហគមន៍។ មិនតែប៉ុណ្ណោះ ពួកគេមានចំណេះដឹង និងក្លាហានក្នុងការបញ្ចេញមតិយោបល់ ឬកែលម្អ រាល់ចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំ។
ឃុំគោកខ្ពស់ មានប្រជាពលរដ្ឋចំនួន ១ ៨៣១គ្រួសាររស់នៅ។ ពីមួយឆ្នាំទៅមួយឆ្នាំ ចំណេះដឹងរបស់ពលរដ្ឋឃុំគោកខ្ពស់ មានការកើនឡើង ដែលចំណេះដឹងទាំងនោះ បានផ្ដល់ភាពងាយស្រួលដល់ការអភិវឌ្ឍសហគមន៍។ នេះជាការសង្កេតឃើញរបស់លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់។
លោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់
សម្រាប់លោកមេឃុំគោកខ្ពស់ ការកើនឡើងនៃចំណេះដឹង និងការអប់រំរបស់ពលរដ្ឋនៅក្នុងឃុំ បានធ្វើឱ្យការផ្តល់សេវារដ្ឋបាលសាធារណៈ ការរៀបចំសណ្តាប់ក្នុងឃុំ ជាពិសេសបទល្មើលដូចជាគ្រឿងញៀន ចោរកម្ម ក្មេងទំនើងជាដើមក៏ត្រូវបានកាត់បន្ថយដែរ។ លោក វ៉ាន់ ប៉ិក បន្ថែមដូច្នេះថា៖ «ពីមុនយើងថាប្រជាពលរដ្ឋយើងចេះដឹងតិចតួច តែឥឡូវ សម័យជឿនលឿនហើយ មិនដូចមុនទៀតទេ។ ក្មេងជំនាន់ក្រោយនេះ សុទ្ធតែបានរៀនសូត្រច្រើន។ កាលណាពលរដ្ឋមានចំណេះដឹងច្រើន យើង(អាជ្ញាធរ) អត់សូវមានកង្វល់នោះទេពាក់ព័ន្ធនឹងការធ្វើសេវាដល់ពួកគាត់។ អ្វីដែលយើងសប្បាយខ្លាំង គឺមានយុវជនខ្លះ បានធ្វើការងាររដ្ឋ និងឯកជនល្អៗ។ ហើយអ្នកខ្លះ យើងស្នើសុំឱ្យជួសជុលផ្លូវ គឺចូលរួមជាមួយយើង»។
ក្នុងនាមជា ថ្នាក់ដឹកនាំឃុំ លោក វ៉ាន់ ប៉ិក បានបង្ហាញការសាទរយ៉ាងខ្លាំង ដែលពលរដ្ឋមានស្មារតី ចូលរួមអភិវឌ្ឍភូមិ-ឃុំ ឱ្យមានភាពរីកចម្រើន។ លោក វ៉ាន់ ប៉ិក លើកទឹកចិត្តដល់ពលរដ្ឋ ក្នុងទទួលយកចំណេះដឹងថ្មីៗ និងនាំមកអភិវឌ្ឍសហគមន៍ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ឧត្ដរមានជ័យ
ឃុំគោកខ្ពស់
អភិវឌ្ឍន៍ឃុំ
© រក្សាសិទ្ធិដោយ thmeythmey.com