កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ គុនខ្មែរក៏មាន​វិញ្ញាសាសម្តែង​គុនគ្រូ​ផងដែរ ហើយ​កម្ពុជារីករាយ​បង្ហាត់​សមាជិកផ្សេងទៀត
27, Jan 2023 , 5:03 pm        
រូបភាព
វិញ្ញាសាគុនគ្រូ ដែលជាអត្តសញ្ញាណកីឡាជាតិខ្មែរមួយ ក៏ត្រូវបានដាក់បញ្ចូលជាប្រភេទវិញ្ញាសាសិល្បៈសម្តែងក្នុងប្រភេទកីឡាគុនខ្មែរនេះសម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡា​ស៊ីហ្គេមលើកទី ៣២ ហើយកម្ពុជារីករាយក្នុង​បង្ហាត់សមាជិកនៃកីឡាគុនខ្មែរអន្តរជាតិដែលចូលរួមប្រកួត​។ នេះបើតាមការលើកឡើងរបស់អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន នា​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃទី​២៦ ខែមករា។

 
បន្ទាប់តែពីបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំគុនខ្មែរអន្តរជាតិ ដោយ​មានការចូលរួមពីភាគីចំនួន៨ប្រទេស រួម​មាន ឥណ្ឌូណេស៊ី, ហ្វីលីពីន, ឡាវ, វៀតណាម, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងជាពិសេសថៃ​ លោក វ៉ាត់ ចំរើន បាន​អះអាងពី​ការសម្រេចព្រមព្រៀងគ្នាដាក់ប្រភេទកីឡាគុនខ្មែរបញ្ចូលទៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ជាផ្លូវការ។ 


 រូបភាព៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ(CAMSOC)
អ្វីដែលពិសេសលើសពីនេះទៅទៀត កម្ពុជាក៏នឹងមានបញ្ចូលវិញ្ញាសាសម្តែងសិល្បៈគុនខ្មែរ ឬក៏ហៅថាគុនគ្រូ ចូលទៅក្នុងប្រភេទកីឡាគុនខ្មែរនេះ ព្រមទាំងការតុបតែងខ្លួននាពេលប្រកួតឱ្យស្របទៅតាមលក្ខណៈបែបអត្តសញ្ញាណជាតិផងដែរ។
 
 
ថ្លែងនាសន្និសីទសារព័ត៌មាន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បាន​បញ្ជាក់ថា សិល្បៈសម្តែងគុនខ្មែរ ឬ គុនគ្រូ ជាផ្នែកមួយដែលមាននៅក្នុងកីឡាគុនខ្មែរ បន្ទាប់តែពី យុទ្ធគុន យុទ្ធសាស្រ្តប្រយុទ្ធ ឬក៏យុទ្ធវិធី ហើយ គុនគ្រូនេះ ទទួលបានការយល់ព្រមដាក់បញ្ចូលជាវិញ្ញាសារប្រកួតពីបណ្តាប្រទេសជាសមាជិកគុនខ្មែរអន្តរជាតិនៅព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២។
 
«ដើម្បីលើកទឹកចិត្តដល់កីឡាគុនខ្មែរ និងជាវប្បធម៌ អរិយធម៌គុនខ្មែរ ដែល​យើងហៅថាជាកីឡាអត្តសញ្ញាណជាតិ អត្តសញ្ញាណរបស់បុព្វបុរសជាតិ យើងមានបញ្ចូលវិញ្ញាសាសម្តែង ដែលយើងហៅថាគុនគ្រូ។ […] វិញ្ញាសាគុនគ្រូ មានឯកត្តជនបុរស និងនារី អ៊ីចឹងប្រទេសទាំងអស់បានឯកភាពគ្នាថា គាត់នឹងហាត់បើសិនជាយើងជួយគាត់ បង្ហាត់គាត់អំពីរៀបគុនគ្រូនេះ ដើម្បីយកប្រកួតប្រជែងនៅពេលស៊ីហ្គេម»។ អគ្គលេខាធិការ CAMSOC បានអះអាងយ៉ាង​ដូច្នេះ។
  


ទាក់ទងទៅនឹងគោលបំណងនៃការដាក់បញ្ចូលវិញ្ញាសាគុនគ្រូនេះទៀតសោត លោកវ៉ាត់ ចំរើន បានពន្យល់ថា គឺដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់​ និងដើម្បីថែរក្សាអត្តសញ្ញាណនូវកីឡាគុនខ្មែរដែលមានវិញ្ញាសាសម្តែងសិល្បៈគុនគ្រូនេះ។
 
គួររំលឹកដែរថា មុនពេលឈានដល់ការបើកកិច្ចប្រជុំសម្រេចនេះ រឿងរ៉ាវទាក់ទងទៅនឹងការដាក់ឈ្មោះកីឡាគុនខ្មែរនៅស៊ីហ្គេមបានក្លាយជារឿងដ៏ក្តៅកគុករវាងមតិសាធារណៈជនកម្ពុជា និងថៃ ដោយបញ្ហាចម្បងបានកើតឡើងនោះគឺថា ភាគីថៃធ្លាប់បានបដិសេធមិនបញ្ជូនអត្តពលិកខ្លួនមកចូលរួមលើប្រភេទកីឡាគុនខ្មែរនៅកម្ពុជាឡើយ៕
 
 
 
 

Tag:
 ស៊ីហ្គេម
  CAMSOC
  គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com