អន្តរជាតិ
យោធាមីយ៉ាន់ម៉ា ប្រកាសច្បាប់បោះឆ្នោតដ៏តឹងរ៉ឹង មុនពេលរៀបចំការបោះឆ្នោត
27, Jan 2023 , 8:29 pm        
រូបភាព
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព AFP
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព AFP
យោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់បោះឆ្នោតដ៏តឹងរ៉ឹងមួយ មុនពេលប្រទេសមួយនេះ រៀបចំបោះឆ្នោតថ្នាក់ជាតិលើកដំបូង ក្រោយមានរដ្ឋប្រហារនៅក្នុងឆ្នាំ២០២១។ ច្បាប់ថ្មីនេះ ត្រូវបានដាក់ជំនួសច្បាប់ចាស់ ដែលបានប្រកាសឱ្យប្រើនៅក្នុងឆ្នាំ២០១០។

 
កន្លងមក យោធាមីយ៉ាន់ម៉ា បានប្រកាសថា នឹងរៀបចំការបោះឆ្នោតសភាជាថ្មី ក្រោយមានរដ្ឋប្រហារយោធា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ មុនពេលរៀបចំការបោះឆ្នោតសភា យោធាមីយ៉ាន់ម៉ា បានប្រកាសឱ្យប្រើប្រាស់ច្បាប់បោះឆ្នោតថ្មី ដែលមានលក្ខណៈតឹងរ៉ឹងយ៉ាងខ្លាំងចំពោះបក្សប្រឆាំង។ 
 
តាមរយៈច្បាប់បោះឆ្នោត ដែលត្រូវបានចុះហត្ថលេខាដោយលោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា និងត្រូវបានចុះផ្សាយលើសារព័ត៌មាន Global New Light of Myanmar នៅថ្ងៃទី២៧ ខែមករា រាល់បក្សនយោបាយ ត្រូវតែមានសមាជិករហូតដល់ ១០ម៉ឺននាក់ ក្នុងរយៈពេល៣ខែនៃការចុះឈ្មោះ និងត្រូវមានប្រាក់ប្រាក់ ៤៥៥០០ដុល្លារ។ ចំនួនទឹកប្រាក់នេះ ត្រូវតម្កល់នៅធនាគាររដ្ឋ Myanma Economic Bank។ 
 
ច្បាប់បោះឆ្នោតថ្មីនោះ ក៏បានហាមឃាត់ផងដែរ ចំពោះបុគ្គល ឬបក្សនយោបាយណាមួយ ដែលមានពាក់ព័ន្ធនឹងបុគ្គល ឬអង្គការ ដែលត្រូវបានចាត់ទុកជាភេរវករ ឬប្រព្រឹត្តសកម្មភាពភេរវកម្ម។ ត្រង់ចំណុចនេះ សមាជិករដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ឬត្រូវស្គាល់ថាជារដ្ឋាភិបាលស្រមោល ទំនងមិនអាចចូលរួមបានឡើយ ដោយសារយោធា បានចាត់ទុកសមាជិករដ្ឋាភិបាលមួយនេះ ជាភេរវករ។ 
 
មិនតែប៉ុណ្ណោះ ច្បាប់បោះឆ្នោតថ្មីនេះ បានចែងថា បក្សនយោបាយ ដែលមានស្រាប់ ត្រូវតែទៅចុះឈ្មោះ ក្នុងរយៈពេល ២ខែនៃការប្រកាស ឬមិនអាចចូលរួមការបោះឆ្នោតដោយស្វ័យប្រវត្ត។ លើសពីនេះ បក្សនយោបាយ ក៏ប្រឈមនឹងការរំលាយ ឬព្យួរក្នុងរយៈពេល ៣ឆ្នាំផងដែរ ប្រសិនបើមិនគោរពតាមច្បាប់បោះឆ្នោតថ្មី។ 
 
បក្សនយោបាយ មិនត្រូវបានអនុញ្ញាតឱ្យដាក់បណ្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតឡើយ។ 
 
គួររំឭកថា យោធាមីយ៉ាន់ម៉ា តែងតែអះអាងថា ការបោះឆ្នោតនៅក្នុងឆ្នាំ២០២០ ដែលបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ (NLD) របស់លោកស្រីអ៊ុងសាន ស៊ូជី ទទួលបានសំឡេងគាំទ្រដ៏ច្រើន គឺមានការក្លែងបន្លំ៕ 
 
 
 

Tag:
 មីយ៉ាន់ម៉ា
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com