រដ្ឋាភិបាលហ្វីលីពីននៅថ្ងៃទី២៧ ខែមករា បានលើកឡើងថា ខ្លួនមានបំណងប្តឹងជំទាស់ចំពោះការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការបើកការស៊ើបអង្កេតឡើងវិញលើយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់រដ្ឋបាលមុន ដែលបានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់។
សំណុំរឿងស៊ើបអង្កេតលើយុទ្ធនាការបង្ក្រាបគ្រឿងញៀនរបស់រដ្ឋាភិបាលហ្វីលីពីន ត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេបើកការស៊ើបអង្កេតទាំងពីឆ្នាំ២០១៩មកម្ល៉េះ។ ប៉ុន្តែការស៊ើបអង្កេតនេះបានផ្អាកវិញ ក្រោយពេលអតីតប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ដែលបានអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនក្នុងឆ្នាំ២០១៦ សន្យាពិនិត្យឡើងវិញករណីរំលោភបំពានដែលត្រូវបានចោទប្រកាន់ក្នុងការបង្រ្កាបរបស់អាជ្ញាធរ។
យ៉ាងណាមិញនៅថ្ងៃទី២៦ ខែមករា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានប្រកាសថា ខ្លួននឹងបន្តការស៊ើបអង្កេតឡើងវិញលើបញ្ហាយុទ្ធនាការប្រឆាំងគ្រឿងញៀននេះ ព្រោះមិនពេញចិត្តការស៊ើបអង្កេតរបស់រដ្ឋាភិបាលហ្វីលីពីន។ តបការប្រកាសរបស់ ICC នេះ ប្រធានមេធាវីនៃរដ្ឋាភិបាលហ្វីលីពីនលោក Menardo Guevarra បានឆ្លើយតបថា ហ្វីលីពីននឹងលើកបញ្ហានេះទៅអង្គជំនុំជម្រះបណ្តឹងឧទ្ធរណ៍របស់ ICC។
«យើងចង់សង្កត់ធ្ងន់ថា ដំណើរការស៊ើបអង្កេត និងតុលាការក្នុងស្រុករបស់យើងផ្ទាល់ គួរតែមានអាទិភាពជាងការស៊ើបអង្កេតរបស់ ICC»។ លោក Guevarra ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។
បើតាមព័ត៌មានផ្លូវការ ចាប់តាំងពីអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនមក មនុស្សចំនួន៦,១៨១នាក់ត្រូវបានសម្លាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន។ យ៉ាងណាមិញ ក្រុមសិទ្ធិមនុស្សបានអះអាង ចំនួនអ្នកស្លាប់អាចមានចំនួនរហូតដល់ទៅ៣ម៉ឺននាក់ឯណោះ ខណៈអ្នកស្លាប់ខ្លះអាចជាជនរងគ្រោះស្លូតត្រង់។ លើសពីនេះ ក្រុមសិទ្ធិមនុស្សក៏បានបង្ហាញការព្រួយបារម្ភពីអំពើពុករលួយដែលកើតមានក្នុងចំណោមកងកម្លាំងសន្តិសុខដែលអនុវត្តយុទ្ធនាការនេះផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតី Ferdinand Marcos Jr. ដែលជាប់ឆ្នោតកាលពីឆ្នាំមុនបានប្តេជ្ញាបន្តអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀននេះ ប៉ុន្តែដោយផ្តោតលើការបង្ការ និងមណ្ឌលផ្ដាច់គ្រឿងញៀនវិញ។
ស្របពេលដែលរដ្ឋាភិបាលហ្វីលីពីនបង្ហាញការមិនពេលចិត្ត ក្រុមសិទ្ធិមនុស្សបានស្វាគមន៍សេចក្តីប្រកាសរបស់ ICCថ្មីៗនេះ ហើយបានអះអាងថាការសម្លាប់ពលរដ្ឋដោយគ្មានមូលដ្ឋាននេះក៏កំពុងបន្តក្រោមការដឹកនាំរបស់លោក Marcos Jr. ផងដែរ។
កន្លងមក មន្ត្រីប៉ូលិសបីនាក់ប៉ុណ្ណោះ ត្រូវបានកាត់ទោសពីបទឃាតកម្មក្នុងការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀន ខណៈដែលប៉ូលិសម្នាក់ទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារកាលពីខែវិច្ឆិកាឆ្នាំមុន ពីរៀបចំព័ស្តុតាង និងធ្វើទារុណកម្មក្មេងជំទង់ពីររហូតដល់ស្លាប់ក្នុងការបង្ក្រាបគ្រឿងញៀន៕