ជាតិ
សង្គមជាតិ
វិមាន​រំលឹក​គុណ​យុទ្ធជន​ពលី​ក្នុង​សង្គ្រាម​លោក​លើក​ទី១ សង់​ជា​ថ្មី​ក្រោយរលាយបាត់រូបរាងជិត​​៥០​ឆ្នាំ​
28, Jan 2023 , 9:29 pm        
រូបភាព
ភ្នំពេញ​៖ ​វិមាន​រំលឹក​ដល់​​ទាហានកម្ពុជា និង​​បារាំង ដែល​បាន​ពលី​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ត្រូវ​បាន​​សាង​សង់ឡើង​វិញ ក្រោយ​ពី​បាន​រលាយ​បាត់​រូប​រាង​ជិត​​៥០​ឆ្នាំ​។​ វិមានដែល​មាន​រចនាបទ​ដើម​ ​នឹង​សាង​សង់នៅ​លើ​ទី​តាំង​ដដែល​ គឺ​នៅ​មុខ​ស្ថាន​ទូត​បារាំង​ ខាង​ត្បូង​រង្វង់​មូល​គល់​ស្ពាន​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ​ ដើម្បី​ឧទ្ទិសដល់​ទាហាន​កម្ពុជា និង​​បារាំង ដែល​បាន​ពលី​ដើម្បី​ប្រទេស​បារាំង​។

 
វិមាន​​​រំលឹក និង​ឧទ្ទិស​​​ដល់​​ទាហាន​កម្ពុជា​និង​បារាំង​ ​ដែល​បាន​ពលីក្នុង​សង្គ្រាម​លោក​លើក​ទី​១ ត្រូវ​បាន​សាង​សង់​ឡើងដំបូង ​ក្នុង​ឆ្នាំ​១៩២៥​ ហើយ​វិមាន​នោះ​ត្រូវ​បាន​របប​ប៉ុលពត ​ដាក់​គ្រាប់​បែក​បំផ្ទុះ​កាល​ពី​ឆ្នាំ​១៩៧៧។ វិមាន​ដែល​ខ្មែរ​ក្រហម​បាន​កម្ទេចចោល​​ បាន​ចារ​ឈ្មោះ​យុទ្ធជនកម្ពុជា ​និង​បារាំង​​ទាំង​អស់​ ដែល​បាន​ពលី​ជីវិត​ដើម្បី​ប្រទេស​បារាំង​​។ ឈ្មោះ​​យុទ្ធជន​ជាង​១៨៤​នាក់​ ត្រូវ​បាន​ចារ​នៅ​ក្នុង​ថ្មម៉ាបពណ៌​ផ្កាឈូក ហើយ​ក្នុង​នោះ​មាន​៣៣​នាក់ ​ជា​ជនជាតិ​បារាំង​ និង​១៥១​នាក់​ជា​ជន​ជាតិ​កម្ពុជា​។
 
លោក Olivier Becht រដ្ឋ​មន្ត្រី​ប្រតិភូអមរដ្ឋ​មន្ត្រី​អឺរ៉ុប និង​កិច្ច​ការ​បរទេស​ ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស  ភាពទាក់​ទាញ និង​ជន​ជាតិ​បារាំង​នៅ​ក្រៅ​ប្រទេស​ នៃ​សាធារណរដ្ឋ​បារាំង​ បាន​លើក​ឡើង​ក្នុង​ពិធីក្រុង​ពលី និង​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាង​សង់​ឡើង​វិញ “វិមាន​រំលឹក​ដល់​អ្នក​ដែល​បាន​ទទួល​អនិច្ចកម្ម​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១ ពី​ឆ្នាំ​១៩១៤-១៩១៨ ថា​បើទោះ​បីវិមាន​រំលឹក​គុណ​នោះ ត្រូវ​​បាន​ដាក់​គ្រាប់​បែក​កម្ទេច​ដោយ​ខ្មែរ​ក្រហម​ក្ដី​ ក៏​ការ​ប្ដេជ្ញាចិត្ត​របស់​យុទ្ធជន​កម្ពុជា​ មិ​ន​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ឡើយ​។ 
   

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

លោកថា​ស្លាក​រំលឹក​ដល់​យុទ្ធជន​ទាំង​នោះ ត្រូវ​បាន​សាង​សង់​ឡើងថា​ថ្មី​ ​ក្នុង​វិទ្យាស្ថាន​ទូត​បារាំង ដែល​មាន​ឈ្មោះយុទ្ធជន​ទាំង​អស់​ខាង​លើ​។ មក​ដល់​ពេល​នេះ​បំណែក​ដែល​នៅ​សេស​សល់​ ពី​ការ​បំផ្លាញត្រូវ​បាន​រក្សា​ទុក​ក្នុង​សារមន្ទីរ​ជាតិ​ភ្នំពេញ​។
 
លោក​បន្ថែម​ថា ​យុវជន​កម្ពុជា​មួយ​ចំនួន បាន​បញ្ជូន​ទៅ​ប្រទេស​បារាំង ដើម្បី​បម្រើ​ការ​ងារ​តាម​រោង​ចក្រ​ និង​បំពេញ​ការ​ងារ​ផ្នែក​រដ្ឋបាល​ អ្នក​ខ្លះ​ទៀត​ចាប់​ពី​ឆ្នាំ​១៩១៦ បាន​ចូល​រួម​ក្នុង​កង​វីរៈ​សេនាតូច​ឥណ្ឌូចិន​ ក្នុង​នោះ​មាន​គិលានុបថាក និង​អ្នក​បើក​បរ​ផង​ដែរ។ ពួក​គេ​បាន​ចូល​រួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​បូពារ តាំង​ពី​ឆ្នាំ​១៩១៦ ដោយ​នៅ​សឺម៉ាំងដឺដាមក្នុង​ឆ្នាំ​១៩១៧ និង​នៅ​វ៉សក្នុង​ឆ្នាំ​១៩១៨​។ 
 
«ទី​កន្លែង​នេះ(វិមាន​រំលឹក​គុណ) ​ជា​ទីតាំង​រំលឹក​ប្រវត្តិសាស្ត្រ​រួម​ ក៏​ដូច​ជា​គូស​បញ្ជាក់​នូវ​គុណ​តម្លៃ​ ដែល​ប្រទេស​ទាំង​ពីរ​មាន​រួម​គ្នា​។ គិត​ដល់​ពេល​នេះ​១៦០ហើយ ​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​បារាំង​។ ១៩១៨ បារាំង​បាន​ឈ្នះសង្គ្រាម ​​ដោយ​សារ​តែ​កម្លាំង​តស៊ូ របស់​ទាហាន​កម្ពុជានិង​បារាំង​។ យុទ្ធជន​កម្ពុជា​ប្រមាណ​២​ម៉ឺន​នាក់​ បាន​ចូល​រួម​ក្នុង​សង្គ្រាម​ ដែល​មួយ​រយ​ឆ្នាំ​ក្រោយ​មក​ គេ​នៅ​តែ​ហៅ​ថា​មហាសង្គ្រាម​ ឬ​សង្គ្រាម​លោក​លើក​ទី​១»​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក Olivier Becht។
 
ក្នុង​ពិធី​ក្រុង​ពលី និង​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាង​សង់​ឡើង​វិញនោះ ​លោក ជា សុផារ៉ា ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់ ក៏​បាន​ថ្លែង​ថា វិមាន​រំលឹក​ដល់​​អ្នក​ដែល​ទទួលអនិច្ចកម្ម​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១នេះ ជា​ការ​​រំលឹកដល់​​ជយ​ជំនះ ​របស់​បារាំង​លើ​អាល្លឺម៉ង​ក្នុង​សង្គ្រាម​លោក​លើក​ទី១​។​ និងជា​ការ​​រំលឹក​ដល់ ​ពលីកម្ម​របស់​យុទ្ធជន​ស្ម័គ្រ​ចិត្ត​កម្ពុជា ដើម្បី​ជួយ​​​ច្បាំង​បារាំងដែរ​។ 
  

គណៈអធិបតី បាច​ផ្កាទៅក្នុងរណ្ដៅបឋមសិលា

លោក​បន្ថែម​ថាវិមាន​នោះ ​ក៏​ជា​ការ​អរគុណ​ដល់​កម្ពុជា ពិសេស​ចំពោះ​ព្រះ​មហាក្សត្រ ព្រះ​ករុណា​ព្រះ​បាទ​ ស៊ី សុវត្ថិ ដែល​បាន​បញ្ជូន​កង​ជីវពល​ខ្មែរ ទៅ​ជួយ​ធ្វើ​សង្គ្រាម​បារាំង ដល់​ទឹក​ដីបារាំង​នៅ​ចន្លោះ​ឆ្នាំ​១៩១៦-១៩១៨។ លោក​ថា​កង​ជីវពល​របស់​កម្ពុជា ដែល​បាន​បញ្ជូន​ចេញ​ទៅ​ច្បាំង​នៅ​បារាំង​ ក្នុង​សម័យ​កាល​នោះ ភាគ​ច្រើ​ន​ជា​យុវជន គ្មាន​បទ​ពិសោធ​ក្នុង​សង្គ្រាម​ ដោយ​ត្រូវ​ប្រឈម​នឹង​អាកាស​ធាតុ​ត្រជាក់យ៉ាង​ខ្លាំង​ ជា​លើក​ទីមួយ​ក្នុង​ជីវិត​​របស់​ពួក​គេ។​
 
ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់ បន្ថែម​៖«​ពិធី​សម្ពោធវិមាន​កាល​ពី​​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​១៩២៥ ត្រូវ​បាន​រៀប​ចំ​យ៉ាង​ឱឡារឹក ​និង​ឧត្ដង់​ឧត្តម​បំផុត ជា​មួយ​នឹង​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់ របស់​ព្រះរាជាកម្ពុជា ព្រះ​បាទ​ ស៊ី សុវត្ថិ និង​លោក​ ម៉ាក់​ហ្សាល់ ម៉ាក់​ឡាំង ទេសាភិបាល​បារាំង ប្រចាំ​ឥណ្ឌូចិន​ និង​លោក ហ្វ្រង់​ស្វ័រ ប៊ូដុង ទេសាភិបាល​បារាំង​ប្រចាំ​កម្ពុជា។ និង​មាន​វត្តមាន​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ មុនីវង្ស ព្រះ​រាជទាយាទ​ផង​ដែរ​»។
 
ក្នុង​ពីធី​ក្រុង​ពលី​កា​លពី​ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ​២០២៣ លោក​ Olivier Becht ក៏​បាន​រំលឹក​អំពី​សង្គ្រាម​​រវាង​អ៊ុយ​ក្រែន​ និង​រុស្សីផង​ដែរ​ ដែល​លោក​ហៅថា​ រុស្សី​បាន​កំពុង​បន្ត​ឈ្លាន​ពាន​ប្រទេស​អ៊ុយ​ក្រែន ប្រកប​ដោយ​ភាព​ព្រៃ​ផ្សៃ​និង​ហឹង្សា​មិន​ធ្លាប់​មាន​។​ លោក​ថា បើ​ទោះ​​បី​ជា​​សង្គ្រាម​លោក​លើក​ទី​១ មាន​ការ​​បំផ្លេច​បំផ្លាញ និង​ការ​ឈឺ​ចាប់យ៉ាង​ធំ​ធេង​ និង​ចំនួន​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ ដោយ​សារ​សង្គ្រាម​នេះ មាន​ច្រើន​ហួស​ពី​ការ​ស្មាន​ក្ដី ក៏​​​សង្គ្រាម​នោះ​នៅ​តែ​កើត​ឡើងជា​បន្តបន្ទាប់ ​​នៅ​ពេល​ខាង​ក្រោយ​ទៀត​។
  

រណ្ដៅបឋមសិលា នៃវិមានរំលឹកដល់អ្នកដែលបានទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១

ទោះ​ជាយ៉ាងណា លោក​រដ្ឋ​មន្ត្រី​ប្រតិភូអមរដ្ឋ​មន្ត្រី​អឺរ៉ុប និង​កិច្ច​ការ​បរទេស​ ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស បាន​អះអាង​ថា បារាំង​នឹង​បន្ត​ស្ថិត​នៅ​ក្បែរ​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​កម្ពុជា​ក្នុង​ការ​​ចូល​រួម​របស់​កម្ពុជា ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​។
 
លោក​ថាបារាំង​ បាន​​ចូល​រួម​ចំណែក​តាំង​ពី​យូរ​ណាស់​មក​ហើយ ដើម្បី​ពង្រឹង​សមត្ថភាព​​កង​យោធាកម្ពុជា​។ ហើយ​បារាំង​​មាន​មោទកភាព​ ក្នុងការ​​ចូល​រួម​ចំណែក​បណ្ដុះ​បណ្ដាល​ទាហាន​កម្ពុជា ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​ ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព។ ទាហាន​មួយ​ខៀវ​កម្ពុជា​​ប្រមាណ​៨០០​នាក់ ក្នុង​នោះ​មាន​ទាហាន​ជា​ស្ត្រី​ភាគ​ច្រើន កំពុង​បំពេញ​ការ​ងារ​ ជា​ពិសេស​ក្នុង​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ដូច​ជា​ម៉ាលី សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល និង​លីបង់​។
 
វិមាន​ជា​ច្រើន​ត្រូវ​បាន​សាង​សង់​ឡើង​ ក្នុង​ទសវត្សរ៍​ក្រោយ​សង្គ្រាម​។ នៅ​ប្រទេស​បារាំង​មាន​វិមាន​ចំនួន​ ៣៥,០០០ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ ដើម្បី​ឧទ្ទិស​ដល់​យុទ្ធជន។ 
លោក ជា សុផារ៉ា លើក​ឡើង​ថា ការ​សាង​សង់​នេះ​ជា​ការ​បង្ហាញ ​ការ​រឹត​ចំណង​មិត្ត​ភាព​ មេត្រី​ភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​​យូរ​អង្វែង​ និង​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​បារាំង ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត​។ វិមាន​ថ្មី​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ ដែល​ជា​បេះដូង​នៃ​មជ្ឈមណ្ឌល​សន្តិសុខ​នយោបាយ សេដ្ឋកិច្ច​ សង្គម​ វប្បធម៌ ទេសចរណ៍​និង​កាទូត​ ដែល​មាន​វ័យ​ចំណាស់​ជិត​៦០០​ឆ្នាំ​កន្លង​មក​ហើយ​នោះ ទទួល​បាន​មក​វិញ​នូវ​ផ្នែក​មួយ​នៃ​ប្រវត្តិសាស្ត្រ ដែល​បាន​បាត់​បង់​ជិត​៥០​ឆ្នាំ​កន្លង​ផុត​ទៅ​។  
 

គម្រោង​សាង​សង់ឡើង​វិញ វិមាន​រំលឹក​ដល់​អ្នក​ដែល​បាន​ទទួល​អនិច្ចកម្ម​ ក្នុង​សង្គ្រាម​លោក​លើក​ទី​១ នឹង​ត្រូវ​​អនុវត្តិ​ក្នុង​រយៈ​ពេល​៨ខែ ​ដោយ​ប្លង់​ស្ថាប័ត្យកម្ម​ យក​តាម​ប្លង់​ដើម គូរ​ដោយ​លោក ប៉ូល ឌូសគ័ងទាំង​ស្រុង​។ ឃឿន​របស់​វិមាន​មាន​ទម្រង់​៨​ជ្រង់​ មាន​៤​ថ្នាក់ ធ្វើ​អំពី​បេតង់​ ក្រាល​ថ្មក្រានីត ដោយ​មាន​ទំហំ​ខឿន​សរុប​១៤.២២ម៉ែត្រ​ គុណ​នឹង​១៤​.២២ម៉ែត្រ​។ កម្ពស់​សរុប ១២​.​៧៤ម៉ែត្រ​។ ថ្នាក់​ទី​១ កម្ពស់​០,៦៧​ម៉ែត្រ​ លម្អ​ដោយ​សួន​ច្បារ។ ថ្នាក់​ទី​២ កម្ពស់​១.១៧ម៉ែត្រ​។ ថ្នាក់​ទី​៣ កម្ពស់ ១.៣៨ និង​ថ្នាក់​ទី​៤ កម្ពស់​១.៦៧​ម៉ែត្រ​។ 
 
មាន​រូប​សំណាក​សត្វ​តោ ធ្វើ​អំពី​លង់ហិនចំនួន​៤ ក្នុង​ទម្រង់​រចនាបថខ្មែរ ដោយ​ល្បាក់​ទម្រ​ធ្វើ​អំពី​បេតុង ដោយ​ស្ថិត​នៅ​តាម​ជ្រុង​ទាំង​៤ នៅ​លើ​ខឿន​ថ្នាក់​ទី១។ ល្បាក់​ទម្រ​កន្តឹង​ មាន​ទម្ររាង​សញ្ញា​លេខ​បូក​បួន​ជ្រុង​ ធ្វើ​អំពី​បេតុង មាន​កម្ពស់​២.៩៦ម៉ែត្រ​ បញ្ចប់​ដោយ​បិទ​ថ្មក្រានីត។ ចន្លោះ​ជ្រុង​ទាំង​៤ មាន​លម្អ​ដោយ​ក្បាល​ដំរីខាង​ក្រោម និង​នាគ​ក្បាល​៧​ខាង​លើ ភ្ជាប់​ទៅ​នឹង​ផ្នែក​ខាង​ក្រោម ​នៃ​តួកន្ដឹង​។ តួកណ្ដឹង​មាន​រាង​មូល​ មាន​លំនាំ​តាម​តួចេតិយព្រះ​បាទ​ពញាយ៉ាត ធ្វើ​អំពី​លង់ហិនមាន​កម្ពស់ ៤.៧៤ម៉ែត្រ​ រំលេច​ដោយ​ចម្លាក់​លាន​ មាន​រូប​ភាព​ប្រជា​ជន​ខ្មែរ ក្នុង​កាយ​វិកា​អបអរ​សាទរ​ដល់​ទាហាន​ខ្មែរ​បានរាំង ព័ទ្ធជុំវិញ​តួកន្ដឹង។
 
នៅ​ផ្នែក​លើ​បង្អស់​មាន​រូប​ទាហាន​២​នាក់​ ដោយ​ម្នាក់ជា​ទាហាន​ខ្មែរ និង​ម្នាក់​ទៀត​ជា​ទាហាន​បារាំង ធ្វើ​ពី​លង់​ហិន មាន​កម្ពស់ ៣.៣៩ម៉ែត្រ​។ នៅ​ក្នុង​ដៃ​មាន​កាន់​ស្លឹក​កន្ទួត​ ឬ​ស្លឹក​អូលីវ តំណាង​ឱ្យ​សន្តិភាព​។ មាន​សន្លឹក​សីម៉ា ផ្នែកមុខវិមាន​នៃ​រូប​សំណាក។ មាន​ស្លាក​ឈ្មោះ​ជាប់​ជា​មួយ​ចម្លាក់​ទម្រ​តួកន្ដឹង​ ដោយ​ឆ្លាក់​ឈ្មោះ​យុទ្ធជន​ដែល​បាន​ពលីជីវិត​ចំនួន​១៨៤​នាក់៕ 
 
 

Tag:
 សង្គ្រាម​លោក​លើក​ទី១
  វិមាន​រំលឹកគុណ
 
© រក្សាសិទ្ធិដោយ thmeythmey.com