ជាតិ
យុវជនសកម្ម សេវាល្អ
​កោះកុង៖ អនុវិទ្យាល័យ ពន្លឺវិជ្ជា មិនទាន់មាន​សៀវភៅអានសម្បូរបែបសម្រាប់សិស្ស​នៅឡើយ
29, Jan 2023 , 1:59 pm        
រូបភាព
ដោយ៖ ស៊ឹម ឆាន់ (យុវជនឃុំអណ្តូងទឹក)
 
ស្រុកបូទុមសាគរ, កោះកុង៖  ​ នៅអនុវិទ្យាល័យពន្លឺវិជ្ជា ដែលស្ថិតក្នុងភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ នៅមិនទាន់បណ្ណាល័យសមរម្យ ដែលអនុញ្ញាតឱ្យសិស្សដែល​ស្វែងយល់បន្ថែមកាន់តែសម្បូរបែបនៅឡើយ។ បណ្ណាល័យបច្ចុប្បន្ន មានត្រឹមតេសៀវភៅសិក្សាគោល ​សៀវភៅរឿងនិទាន និងសៀវភៅបំណិនជីវិត ចាស់ដែលសេសសល់ពីការបរិច្ចាគរបស់សប្បុរជនកាលពីប្រមាណ១០ឆ្នាំប៉ុណ្ណោះ។ នេះបើតាមលោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា។

 
បើតាមលោកនាយកសាលាដដែល សៀវភៅដែលមាននៅក្នុងបណ្ណាល័យសាលាបច្ចុប្បន្ននេះ គ្រាន់តែផ្នែកមួយជំរុញឱ្យសិស្សឆ្លៀតពេលអានកម្សាន្តបន្តិចបន្តួច នៅម៉ោងចេញលេងរបស់សិស្សប៉ុណ្ណោះ។ ​លោក ម៉ែន ចាន់ បន្ថែមដូច្នេះ៖ «សៀវភៅនេះ ក្រោយៗនេះ គឺយើងមានតែសៀវភៅគោលសម្រាប់រៀនទេ។ សៀវភៅផ្សេងៗទៀត យើងសល់តាំងពីឆ្នាំ២០១៣ ឬ ២០១៤​ ដោយសារយើងអត់មានកញ្ចប់ថវិកា សម្រាប់ទិញសៀវភៅរឿង(និទាន) សៀវភៅផ្សេងៗទៀតទេ។ សៀវភៅដែលមាន(សេសសល់) គឺយើងបានការឧបត្ថម្ភពីសប្បុរសជនសម័យមុនមកទេ។ យើងចេះតែថែរក្សា ខ្លះដាច់រហែក ខ្លះបាត់ទៅ»។


លោក ម៉ែន ចាន់ នាយកអនុវិទ្យាល័យ ពន្លឺវិជ្ជា ដែលស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ។

ទោះជាបណ្ណាល័យនៅក្នុងសាលា មិន​មែនជាបណ្ណាល័យស្តង់ដារក៏ពិតមែន ប៉ុន្តែសម្រាប់លោកនាយកអនុវិទ្យាល័យ យល់ថាបណ្ណាល័យនេះ ក៏នឹងចូលរួមបង្កើតទម្លាប់ឱ្យសិស្សចូលចិត្តអាន និងបង្កើនការស្រាវជ្រាវរបស់ពួកគេផងដែរ​។ «បណ្ណាល័យនេះ គឺមានប្រ​យោជន៍​ណាស់ បើយើងគិតទៅ។ មានប្រយោជន៍របៀបម៉េច? ទី១ បង្កើនការអានរបស់ក្មេង! បង្កើនការអាន បង្កើនការស្រាវជ្រាវ ស្វែងយល់នូវអ្វីដែល ពេលខ្លះគ្រូបង្រៀន គាត់ដាក់ (លំហាត់)ហើយគាត់អត់ប្រាប់។ អ៊ីចឹងមានន័យថា (ចម្លើយ) មាននៅក្នុងបណ្ណាល័យនេះ។ ដើម្បីផ្តល់ជាគំនិត ដើម្បីឱ្យពួកគាត់(សិស្ស) ស្វែងយល់ ហើយស្រាវជ្រាវ ហើយមើលបន្ថែម។ មួយទៀតវាជាការលំហែខួរក្បាល។ ពេលខ្លះពួកគាត់(សិស្ស) រៀនៗទៅ ដល់ម៉ោងហ្នឹងទៅ គាត់(សិស្ស) មើលជារឿងនិទាន គាត់(សិស្ស) មើលឯកសារផ្សេងៗដែលគាត់ចង់ដឹង»។ 
 

ជីវ ស្រីនីត សិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យពន្លឺវិជ្ជា។

ជីវ  ស្រីនីត  សិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យពន្លឺវិជ្ជា មើលឃើញថា នៅក្នុងបណ្ណាល័យសាលា មិនសូវមានសៀវភៅអានប៉ុន្មានទេ។ យុវសិស្សរូបនេះ ចង់បានសៀវភៅសិក្សាច្រើនមុខបន្ថែមទៀត ដើម្បីឱ្យសិស្សានុស្សចូលអាន និងស្រាវជ្រាវ។ «នៅបណ្ណាល័យ អត់សូវមាន (សៀវភៅ)ទេ។ មានតែមួយមុខ ពីរមុខ។ អត់មានច្រើនមុខទេ។ ខ្វះខាតសៀវភៅក្នុងការអាន។ ចង់ឱ្យមានសៀវភៅអានរឿងច្រើន ព្រោះអត់មានសៀវភៅអានរឿង ពិបាក»។


អៀង បុប្ផា ​សិស្សថ្នាក់ទី៨ម្នាក់ទៀត ​នៅអនុវិទ្យាល័យពន្លឺវិជ្ជា។

អៀង បុប្ផា ជាសិស្សថ្នាក់ទី៨ម្នាក់ទៀត ​នៅអនុវិទ្យាល័យពន្លឺវិជ្ជា។ បុប្ផា ក៏ចង់ឱ្យមានការកែលម្អបណ្ណាល័យនៅក្នុងសាលារៀនរបស់ខ្លួនដែរ។ សម្រាប់ បុប្ផា ដែលឧស្សាហ៍ចូលអានសៀវភៅនៅបណ្ណាល័យ បានលើកឡើងពីការស្នើរបស់នាងដូច្នេះថា៖« ខ្ញុំចង់បានសៀវភៅរឿងប្រលោមលោក និងសៀវភៅរឿងនិទានឱ្យច្រើន ព្រោះពួកខ្ញុំត្រូវសរសេរសំណេរ ត្រូវការអានសៀវភៅរឿងច្រើន»។ 
 
​សូមជម្រាបថា អនុវិទ្យាល័យ ពន្លឺវិជ្ជា ដែល​ស្ថិតនៅភូមិកណ្តោល ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង​ មានសិស្សសរុប១១៩នាក់ ក្នុងនោះស្រីមាន៦៥នាក់ កំពុងសិក្សា ពីថ្នាក់ទី៧ ដល់ទី៩៕


សៀវភៅនៅក្នុងបណ្ណាល័យនៃអនុវិទ្យាល័យពន្លឺវិជ្ជា ដែលរៀបចំឡើងនៅក្នុងបន្ទប់រៀនមួយបន្ទប់។
 
​អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

សិស្សានុសិស្សចូលអានសៀវភៅ នៅក្នុងបណ្ណាល័យនៅម៉ោងចេញលេង។

 

Tag:
 អប់រំ
  សៀវភៅ
  បណ្ណាល័យ
© រក្សាសិទ្ធិដោយ thmeythmey.com