កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គ្រូជម្រើសជាតិកង់ភ្នំ មានក្តីប្រាថ្នាក្រសោបមេដាយជូនជាតិកម្ពុជា ទាំងស៊ីហ្គេម២០២៣ និងស៊ីហ្គេម២០២៥
29, Jan 2023 , 6:57 pm        
រូបភាព
ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាទោចក្រយានកម្ពុជា ក្នុងព្រឹត្តិការណ៍ Royal Cup Thailand National Championship នៅថៃ។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីកីឡាទោចក្រយានកម្ពុជា ក្នុងព្រឹត្តិការណ៍ Royal Cup Thailand National Championship នៅថៃ។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា
ដោយ:
លោក អ៊ុច សុខវិបុល គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាលើកឡើថា វិញ្ញាសាកង់ភ្នំ មានគោលដៅខ្ពស់ក្នុងការប្រជែងមេដាយមាសនាស៊ីហ្គេម ២០២៣នៅកម្ពុជា និងស៊ីហ្គេម ២០២៥ នៅប្រទេសថៃ ព្រោះមានផែនការច្បាស់លាស់ និងលម្អិតស៊ីជម្រៅ លោក សុខវិបុល ប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមដូច្នេះ ក្រោយបញ្ចប់ការប្រកួតកីឡាកង់ភ្នំជុំទី១ ពានរង្វាន់ Royal Cup Thailand National Championship នៅប្រទេសថៃ ថ្ងៃទី២៩ ខែមករា។

 
កីឡាករកង់ភ្នំជម្រើសជាតិកម្ពុជា ឃឹម ម៉េងឡុង ទទួលបានចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសា​ XCO Men Elite ខណៈចំណាត់លេខ៤ បានទៅកីឡាករ ឆាន ឆៃហ្វុង។ វិញ្ញាសា​ XCO Men Under23 ចំណាត់ថ្នាក់លេខ៣ បានទៅកីឡាករ ឃឹម ម៉េងឡុង និងលេខ៤ បានទៅកីឡាករ ឆាន ឆៃហ្វុង។
 

កីឡាករ-កីឡាការិនីទោចក្រយានកម្ពុជា ចូលរួមប្រកួតពានរង្វាន់ Royal Cup Thailand National Championship នៅប្រទេសថៃ។ រូបពី សហព័ន្ធកីឡាទោចក្រយានកម្ពុជា

ចំណែកកីឡាការិនីកម្ពុជា ខេន ម៉ាឡៃ ទទួលបានចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសា XCO Women Elite និងវិញ្ញាសា XCO Women Under23 ទទួលបានចំណាត់ថ្នាក់លេខ៣។ រីឯវិញ្ញាសា Eliminate កីឡាករ ឃឹម ម៉េងឡុង ទទួលបានចំណាត់ថ្នាក់លេខ៣ កីឡាករ ឆាន ឆៃហ្វុង ឈរលេខ៧ និងកីឡាការិនី ឈរលេខ៦។
  
ជាមួយគ្នានោះដែរលោក អ៊ុច សុខវិបុល គ្រូបង្វឹកជម្រើសជាតិកម្ពុជា វាយតម្លៃចំពោះសមត្ថភាពអត្តពលិកកីឡាកង់ភ្នំកម្ពុជាថា មានភាពលូតលាស់លឿនគួរឱ្យកត់សម្គាល់ ជាពិសេសកាន់តែធ្វើបានល្អក្នុងព្រឹត្តិការណ៍លំដាប់កំពូលក្នុងប្រទេសថៃ ក្រោមផែនការ និងកិច្ចការជាក់លាក់ច្បាស់របស់សហព័ន្ធ។
 
លោក អ៊ុច សុខវិបុល និយាយថា៖«កីឡាករ-កីឡាការិនីរបស់យើងសុទ្ធសឹងតែមានវ័យក្មេងៗ  បន្ទាប់ពីបានបោះជំរំហ្វឹកហាត់រយ:ពេលជាងមួយឆ្នាំ  គឺមានការរីកលូត Performance លឿនប្រហាក់ប្រហែលនឹង កីឡាករ-កីឡាការិនី Elite បណ្តារប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍  ដែលមានការហ្វឹកហាត់ចន្លោះពី ៣-៥ឆ្នាំ»។ 
 
ថ្វីដ្បិតលទ្ធផលល្អក៏ពិតមែនប៉ុន្តែលោក សុខវិបុល នៅតែបន្តពង្រឹងសមត្ថភាពអត្តពលិកជម្រើសជាតិ ដើម្បីបន្តកិច្ចការបន្ទាប់ដោយមានទំនុកចិត្តខ្ពស់ឆ្ពោះទៅកាន់ក្តីស្រមៃ  និងគោលដៅមេដាយស៊ីហ្គេមនៅកម្ពុជា និងតទៅមុខទៀត។
 
«ការប្រកួតនៅថៃលើកនេះ​ យើងមើលឃើញពីគុណផលអត្តពលិកល្អ ទាំងបច្ចេកទេស តាក់តិកផ្លូវ ដែលនេះជាក្តីសង្ឃឹមឈានទៅដណ្តើមមេដាយស៊ីហ្គេមនៅកម្ពុជា។ ក្នុងគោលបំណងមិនមែនត្រឹមតែស៊ីហ្គេម ២០២៣នោះទេ  គឺគិតដល់លទ្ធផលស៊ីហ្គេមបន្ទាប់ទៀតនៅប្រទេសថៃ»។ លោក អ៊ុច សុខវិបុល បញ្ជាក់ដូច្នេះ។
 
គួបញ្ជាក់ថា កីឡាករ-កីឡាការិនីកម្ពុជា ៣រូបប្រកួតរយៈពេល២ថ្ងៃ(២៨-២៩ ខែមករា) ទទួលបានពានរង្វាន់ចំនួន៧ ពីការប្រកួតកីឡាទោចក្រយានវិញ្ញាសាកង់ភ្នំ ពានរង្វាន់ Royal Cup Thailand National Championship នៅប្រទេសថៃ៕
 

Tag:
 កីឡាទោចក្រយាន
 ស៊ីហ្គេម២០២៣
  RCTNC
© រក្សាសិទ្ធិដោយ thmeythmey.com