កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ៖ ឈ្នះពាន Australian Open លើកទី១០ ជាជ័យជម្នះដ៏ធំបំផុតក្នុងជីវិត 
×![]()
តារាវាយកូនបាល់ (Tennis) ពិភពលោកសញ្ជាតិស៊ែប៊ី Novak Djokovic ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ និយាយថាឈ្នះពានរង្វាន់កម្មវិធី Australian Open ហើយតាមស្មើកំណត់ត្រាឈ្នះ Grand Slam គូប្រជែង Rafael Nadal ម្តងទៀត ជាជ័យជម្នះដ៏ធំបំផុតក្នុងជីវិតរបស់គេ។ Djokovic បានយកឈ្នះកីឡាករ Stefanos Tsitsipas ក្នុងវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាវាយទោលបុរស។
នាជំនួបវគ្គផ្តាច់ព្រ័ត្រ Australian Open ក្នុងកីឡដ្ឋាន Melbourne Park នោះ Djokovic បានយកឈ្នះលើកីឡាករវ័យ ២៤ឆ្នាំសញ្ជាតិគ្រិកក្នុងលទ្ធផលដ៏តានតឹងចំនួន ៣សិត ៦-៣ ៧-៦(៤) និង ៧-៦(៥) ។
ជ័យជម្នះក្នុងប្រទេសអូស្ត្រាលីលើកនេះ បានក្លាយជាកំណត់ត្រាលើកទី១០ ហើយសម្រាប់កីឡាករវ័យ ៣៥ឆ្នាំ ដែលឈ្នះពាន Grand Slam នេះ ហើយតាមស្មើកំណត់ត្រារបស់ Rafael Nadal ដែលឈ្នះ Grand Slam ចំនួន ២២លើក។ ក្រោយឈ្នះពាន Grand Slam លើកទី២២នេះ Djokovic បានក្លាយជាកីឡាករវាយកូនបាល់លំដាប់លេខ ១ពិភពលោកឡើងវិញក្នុងវ័យ ៣៥ឆ្នាំ។
«មានតែក្រុមតែប៉ុណ្ណោះ និងគ្រួសារដែលដឹងថា យើងបានឆ្លងកាត់អ្វីខ្លះក្នុងរយៈពេល ៤ ឬ ៥សប្តាហ៍មកនេះ។ ខ្ញុំអាចនិយាយបានថានេះពិតជាការឈ្នះដ៏ធំបំផុតសម្រាប់ជីវិតរបស់ខ្ញុំ ដោយគិតទៅលើកាលៈទេសៈទាំងអស់នេះ។»។ Djokovic បាននិយាយប្រាប់អ្នកកាសែតបែបនេះក្រោយចប់ការប្រកួត។
Australian Open ឆ្នាំ ២០២៣ បានក្លាយជារឿងដ៏មិនធម្មតាមួយ និងជាការចង់ចាំមួយ សម្រាប់កីឡាករសញ្ជាតិស៊ែប៊ី ដោយរូបគេបានឆ្លងកាត់ការប្រកួតដ៏លំបាក ជាមួយបញ្ហាជាការរបួសសរសៃពួរ ។ កាលពីឆ្នាំ ២០២២ កីឡាករវ័យ ៣៥ឆ្នាំរូបនេះ ខកខានការប្រកួតកម្មវិធីដ៏ធំនៅអូស្ត្រាលីនេះ ដោយសារតែបញ្ហានៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលរូបគេបានបដិសេធ ហើយត្រូវបានអូស្ត្រាលីបណ្តេញចេញពីប្រទេស។
កីឡាករសញ្ជាតិស៊ែប៊ីបន្ថែមដូច្នេះថា៖«នៅពេលខ្ញុំទៅកាន់ទីកន្លែងរបស់ខ្ញុំ ទឹកមុខរបស់ខ្ញុំចាប់ផ្តើមផ្លាស់ប្តូរដោយមានទឹកភ្នែកស្រកចុះមក ហើយដែលម្តាយខ្ញុំនិងប្អូនខ្ញុំបានមកឱបខ្ញុំ។ ព្រោះថាមកដល់ពេលនេះ ខ្ញុំមិនដែលបណ្តោយខ្លួនឱ្យរវល់រឿងក្រៅទីលាននោះទេ ហើយការជម្នះផ្សេងៗលើបញ្ហារបួស បានធ្វើឱ្យខ្ញុំបានផ្តោតអារម្មណ៍ខ្លាំងបើទោះវាបានរំខានក្តី ហេតុដូចនេះទើបខ្ញុំរំភើបខ្លាំងបែបនេះ។»។
មិនត្រឹមតែបញ្ហារបួសនោះឡើយ ប៉ុន្តែកីឡាកររូបនេះក៏ត្រូវដោះស្រាយបញ្ហានានា ក្នុងនោះបញ្ហាឪពុកខ្លួន លោក Srdjan Djokovic ត្រូវបានគេឃើញថា បានបង្ហាញគោលជំហរគាំទ្រប្រទេសរុស្ស៊ី ដោយបានកាន់ទង់ជាតិរុស្ស៊ីចូលក្នុងកីឡដ្ឋានប្រកួត អំឡុងពេល Djokovic ប្រកួតប៉ះគ្នាជាមួយកីឡាករអាម៉េរិក Tommy Paul ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com