អន្តរជាតិ
ទឹកជំនន់នៅក្រុងAuckland៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ថាមកពីបម្រែបម្រួលអាកាសធាតុ
30, Jan 2023 , 5:19 pm        
រូបភាព
ជំនន់ទឹកភ្លៀងក្នុងក្រុង Auckland នូវែលសេឡង់។ រូបភាព Xinhua
ជំនន់ទឹកភ្លៀងក្នុងក្រុង Auckland នូវែលសេឡង់។ រូបភាព Xinhua
ក្រុង Auckland ដែលស្ថិតនៅភាគខាងជើងនូវែលសេឡង់ កំពុងរងជំនន់ទឹកភ្លៀង ដែលធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃទី២៧ ខែមករាមក។ នាយករដ្ឋមន្រ្តីថ្មីនូវែលសេឡង់ លោក Chris Hipkins ថាការបម្រែបម្រួលអាកាសធាតុជាផ្នែកមួយដែលធ្វើឱ្យក្រុង Auckland មានទឹកជំនន់បែបនេះ។

 
ចាប់តាំងពីថ្ងៃទី២៧ ខែមករាមក ក្រុង Auckland មានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបានធ្វើឱ្យមានទឹកជំនន់យ៉ាងខ្លាំងនៅក្នុងក្រុង។ ដោយសារគ្រោះមហន្តរាយនេះ មនុស្សយ៉ាងហោចណាស់៤នាក់ បានស្លាប់បាត់បង់ជីវិត និងប្រមាណ៣៥០នាក់ ត្រូវការកន្លែងស្នាក់នៅជាបន្ទាន់។ 
 
តាមកញ្ចក់ទូរទស្សន៍ TVNZ ក្នុងថ្ងៃទី៣០ ខែមករា លោក Chris Hipkins នាយករដ្ឋមន្រ្តីនូវែលសេឡង់ថ្មី បានអះអាងថា បម្រែបម្រួលអាកាសធាតុ មានតួនាទីយ៉ាងសំខាន់ ដែលបង្កឱ្យមានហេតុការណ៍ដ៏អាក្រក់បែបនេះ។ 
 
«វាកើតឡើងម្តងក្នុងព្រឹត្តិការណ៍រយៈពេល ១០០ឆ្នាំ ហើយយើងហាក់ដូចជាបានទទួលផលអាក្រក់ជាច្រើននៅពេលនេះ»។ លោក Hipkins បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា លោកសង្ឃឹមប្រជាជនបានឃើញ និងដឹងថាបម្រែបម្រួលអាកាសធាតុ គឺមានពិត។ 
 
ត្រង់ចំណុចនេះ ប្រមុខរដ្ឋាភិបាលនូវែលសេឡង់ បានប្តេជ្ញារៀបចំចំណាត់ការបន្ថែមទៀតចំពោះបម្រែបម្រួលអាកាសធាតុនៅពេលខាងមុខ ហើយនូវែលសេឡង់ នឹងធ្វើគ្រប់យ៉ាង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនេះ នាយករដ្ឋមន្រ្តីនូវែលសេឡង់ ក៏បានទទួលមតិរិះគន់ពីប្រជាជនក្នុងតំបន់ផង ជុំវិញបញ្ហាជំនន់ទឹកភ្លៀងនេះ។ 
 
ខណៈក្រុង Auckland កំពុងរងជំនន់ទឹកភ្លៀងស្រាប់ ក្រុងមួយនេះ ត្រូវបានរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្តទៀត ក្នុងសប្តាហ៍នេះ ដែលអាចធ្វើឱ្យកាន់តែមានទឹកជំនន់ធ្ងន់ធ្ងរបន្ថែម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ 
 
អភិបាលក្រុង Auckland នៅថ្ងៃទី៣០ ខែមករា បានបង្ហោះសារលើបណ្តាញសង្គម Twitter ថា ដោយមានទឹកជំនន់ស្រាប់ ភ្លៀងធ្លាក់ធម្មតា ត្រឹមរយៈពេលប៉ុន្មានថ្ងៃខាងមុខ ក៏អាចបង្កឱ្យក្រុងស្ថិតនៅភាគខាងជើងមួយនេះ រងការខូតខាតដែរ។ 
 
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យអាកាសយានដ្ឋានក្រុង Auckland ត្រូវបិទបណ្តោះអាសន្ន ខណៈផ្សារទំនើប និងកន្លែងផ្សេង រងទឹកជំនន់យ៉ាងខ្លាំង៕ 
 

Tag:
 នូវែលសេឡង់
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com