អន្តរជាតិ
ប្រមុខណាតូ ជំរុញឱ្យកូរ៉េខាងត្បូងបង្កើនការផ្តល់ជំនួយយោធាទៅអ៊ុយក្រែន
31, Jan 2023 , 3:29 pm        
រូបភាព
ប្រមុខសម្ព័ន្ធយោធាណាតូ ​(NATO) លោក Jens Stoltenberg នៅថ្ងៃទី៣០ ខែមករា បានជំរុញឱ្យកូរ៉េខាងត្បូង បង្កើនការផ្តល់ជំនួយយោធាទៅអ៊ុយក្រែន ដែលកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីរសំណាក់រុស្ស៊ី។

 
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg កំពុងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូង ដោយផ្តើមពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ មករា មុននឹងទៅជប៉ុន។ ដំណើរទស្សនកិច្ចរបស់ប្រមុខសម្ព័ន្ធយោធាណាតូ ធ្វើឡើងគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ីទាំងពីរ ស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន និងការកើនឡើងនៃការប្រកួតប្រជែងរបស់ចិន។ 
 
ថ្លែងនៅវិទ្យាស្ថាន Chey Institute for Advanced Studies ក្នុងក្រុងសេអ៊ូល លោក Stoltenberg បានអរគុណភាគីកូរ៉េខាងត្បូង ដែលបានផ្តលជំនួយមិនមែនអាវុធទៅអ៊ុយក្រែន ហើយបានជំរុញឱ្យក្រុងសេអ៊ូលធ្វើបែបនោះបន្ថែមទៀត ខណៈអ៊ុយក្រែនត្រូវការជាចាំបាច់នូវគ្រាប់កាំភ្លើង។ កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល ធ្លាប់បានអះអាងថា ច្បាប់របស់ខ្លួនបានប្រឆាំងនឹងការផ្តល់ជំនួយយោធាទៅភាគីមានជម្លោះ។ 
 
អគ្គលេខាធិការអង្គការណាតូ បានបន្តទៀតថា អាល្លឺម៉ង់ ស៊ុយអែត និងន័រវែសក៏មានគោលនយោបាយស្រដៀងកូរ៉េខាងត្បូងដែរ ប៉ុន្តែប្រទេសទាំងនោះ បានផ្លាស់ប្តូរវា។​
 
«ប្រសិនបើយើងមិនចង់ឱ្យរបបផ្តាច់ការ និងការជិះជាន់ទទួលជ័យជម្នះ ពេលនោះ គឺប្រជាជនអ៊ុយក្រែនត្រូវការអាវុធ ហើយនេះជាការពិត»។ លោក Stoltenberg បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៣០ ខែមករា។ 
 
ក្នុងថ្ងៃទី២៩ ខែមករា លោក Stoltenberg ក៏បានជួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោកផាក ជីនផង ដោយភាគីទាំងពីរ បានជជែកពីកិច្ចសហប្រតិបត្តិការ កូរ៉េខាងជើង និងញ្ហាផ្សេងៗ។ លោក ផាក បានប្រាប់ប្រមុខអង្គការណាតូថា ដោយមានបញ្ហាប្រឈមសកលមិនធ្លាប់មានពីមុនមក រដ្ឋាភិបាលក្រុងសេអ៊ូលជឿថា សាមគ្គីភាពរវាងប្រទេសដែលមានតម្លៃរួមគ្នាលើសេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ គឺពិតជាសំខាន់ណាស់។ ចំណែក លោក Stoltenberg ក៏បានប្រាប់ប្រមុខការទូតកូរ៉េខាងត្បូង ជុំវិញក្តីបារម្ភកូរ៉េខាងជើងផ្តល់ជំនួយយោធាទៅរុស្ស៊ីផង។ 
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានKCNA នៅថ្ងៃទី២៩ ខែមករា កូរ៉េខាងជើង បានចាត់ទុកទស្សនកិច្ចរបស់ប្រមុខអង្គការណាតូ ជាការផ្តើមនៃការប្រឈមមុខ និងសង្រ្គាម ដោយវាជាការនាំពពកខ្មៅនៃសង្រ្គាមត្រជាក់ថ្មីមកតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ 
 
គួររំឭកថា នៅក្នុងឆ្នាំ២០២២ កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំអង្គការណាតូ។ បញ្ហានេះ ត្រូវបានចិនរិះគន់យ៉ាងខ្លាំង និងថាប្រទេសទាំងពីរមានបំណងចង់នាំយកអង្គការណាតូមកតំបន់អាស៊ី-ប៉ាស៊ីហ្វិកថែមទៀត៕ 
 

Tag:
 ណាតូ
  កូរ៉េខាងត្បូង
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com