ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
«ឃុំ​កសិកម្ម​គំរូ» នឹង​មាន​មន្រ្តីសកម្ម​​ចាំជួយ​កសិករ​​
31, Jan 2023 , 8:59 am        
រូបភាព
ភ្នំពេញ៖ លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការក្រសួ​​ង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​ចាប់​ផ្ដើ​ម​អនុវត្ត​នៅ​ឃុំ​ចំនួន ១០ ដើម្បី​ឆ្ពោះ​ទៅ​អនុវត្ត​គម្រោង​ «ឃុំកសិកម្មគំរូ»នៅ​ទូទាំងប្រទេស​។ «ឃុំកសិកម្មគំរូ» ជា​ឃុំ​ដែល​មាន​មន្រ្តី​កសិកម្ម​សកម្ម​នៅ​ប្រចាំ​ការ​ក្នុង​ឃុំ ដើម្បី​ជួយ​ដល់​ប្រជាកសិករ​លើ​បញ្ហាទីផ្សារ និង​បច្ចេកទេស​នៃ​ការដាំដុះ​។



ដើម្បី​ជ្រាបច្បាស់ សូម​អញ្ជើញ​ទស្សនា​បទសម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នក​សារព័ត៌មាន​ថ្មីៗ ជា​មួយ​លោក យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដូចតទៅ៖

 
 
តាមរយៈ​ការ​បង្កើត«ឃុំកសិកម្មគំរូ»នេះ​ លោក យ៉ង សាំង​កុមារ យល់​ឃើញ​ដូច្នេះ៖ «ខ្ញុំ​យល់​ឃើញថា​ការ​ដែល​មាន​មន្រ្តី​កសិកម្ម​ថ្នាក់​ឃុំ​នៅ​ចាំ​បម្រើ​កសិករ​ នឹង​ជួយច្រើន ជាពិសេស​ជួយ​គាំទ្រ​ដល់​កសិករ​អាច​ទទួលបាន​ភាព​ជោគជ័យ​ក្នុងរបរកសិកម្ម​ និង​បាន​ប្រាក់ចំណូលខ្ពស់​»។ 
 
ដើម្បី​ឆ្ពោះ​ទៅ​កាន់ «ឃុំ​កសិកម្ម​គំរូ​» ដែល​អាច​ជួយ​លើក​កម្ពស់​ជវីភាព​ប្រជា​កសិករ​​ គឺ​ត្រូវ​ការ​មន្រ្តីកសិកម្ម១នាក់ ទៅ​២នាក់ក្នុង​មួយ​ឃុំ​​។ លោក យ៉ង សាំង​កុមារ បន្តថា ​ក្នុង«​ឃុំ​កសិកម្ម​គំរូ» ក៏​នឹង​រៀបចំ​ឱ្យ​មានក្រុម​​កសិករ​គំរូ​ ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ និង​សហគមន៍​កសិកម្ម​ ដែល​ផ្សារ​ភ្ជាប់​ជា​មួយ​ទីផ្សារផងដែរ​។​
  
រូបភាពពីលោក យ៉ង សាំងកុមារ
 
ទន្ទឹម​នឹង​នេះ គម្រោង «​ឃុំ​កសិកម្ម​គំរូ» ក៏​ត្រូវការ​មេ​ភូមិដែល​សកម្ម​ និង​មាន​ជំនាញ​ក្នុង​ការ​ងារ​កសិកម្ម​។ ជាមួយ​គ្នានេះ ដើម្បីឱ្យ​ការ​អនុវត្តគម្រោង​នេះ មាន​ប្រសិទ្ធភាព គឺ​មិន​អាច​ខ្វះ​បាន​នូវ​ការ​គាំទ្រពីខាង​ក្រៅ ដូចជា​មន្រ្តីជំនាញ​ពី​ថ្នាក់ស្រុក-​ខេត្ត​ ដែល​ជួយ​​គាំទ្រ​បច្ចេកទេស​ផ្សេង​ៗ។ 
 
«បញ្ហា​ទីផ្សារ,ទុន,ជី​,​ពូជ និងបច្ចេកទេស» ជា​បញ្ហា​ដែល​កសិករ​មួយចំនួន​បាន​ជួប​ប្រទះ។ ដើម្បី​សម្រួលការ​លំបាករបស់កសិករ លោក យ៉ង សាំងកុមារ លើក​ឡើង​បែបនេះ៖​«យើង​នឹង​បែង​ចែក​កសិករ​នៅ​ក្នុង​ឃុំ​ ជា​៣ក្រុមធំៗ មាន​កសិករ​ដាំ​ដុះ​សម្រាប់​ហូប​, កសិករ​ដាំហូប ហើយសល់ទុកលក់ និង​ក្រុម​កសិករ​ផលិត​សម្រាប់​លក់»។​
 
បើតាម​លោក​ យ៉ង​ សាំង​កុមារ​ ការងារ​ដាំដុះ​ផ្សារ​ភ្ជាប់នឹង​ជាទីផ្សារ​ជា​រឿង​សំខាន់ សម្រាប់កសិករដែល​ផលិត​ដើម្បីទីផ្សារ​។ គម្រោងនេះ នឹង​ជ្រើសរើស​កសិកម្មដែល​ស្ម័គ្រចិត្ត​ ដោយកសិករ​នឹង​​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ទីផ្សារ។​
  

រូបភាពពីលោក យ៉ង សាំងកុមារ
 
«វា​អាស្រ័យ​លើ​កត្តាមួយចំនួន​ដែរ។ ទី​១ ធនធានមនុស្ស​, ទី២ ធនធាន​ថវិកា​, ​ទី៣ ការ​ចូល​រួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ទី៤ គឺ​កសិករផ្ទាល់​​»។ នេះ​ជា​ការ​លើក​ឡើង​របស់​បណ្ឌិត យ៉ង សាំង​កុមារ ជុំវិញការធ្វើ​ឱ្យ​គម្រោង​​ «ឃុំ​​កសិកម្ម​គំរូ»ទទួល​បាន​ជោគជ័យ។​​
 
ក្នុង​ជំហាន​ដំបូង លោក យ៉ង សាំង​កុមារ នឹង​ចាប់​ផ្ដើម​អនុវត្ត​នៅឃុំ​ចំនួន ១០។ ឃុំដែល​អនុវត្តមុនគេ គឺ​ឃុំ​ ​ស្ថិត​ក្នុង​ស្រុក​ជើង​ព្រៃ ខេត្ត​កំពង់ចាម។​ ក្រៅ​ពីជួយ​ដល់​កសិករ​ដែល​ជួប​បញ្ហា​ គម្រោងនេះ ក៏​នឹង​ផ្ដល់​ឱកាស​ដល់​និស្សិត​កសិកម្ម ដែល​សិក្សា​នៅតាម​វិទ្យាស្ថាន និង​សាកលវិទ្យាល័យ ពាក់ព័ន្ធ​នឹង​កសិកម្មផងដែរ។ 
 
សូម​បញ្ជាក់ថា​ ក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨-២៩ ខែមករា គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយ ពង្រាយអ្នកបច្ចេកទេសកសិកម្ម តាមភូមិ-ឃុំ ប្រសិនបើបក្សរបស់ខ្លួន ឈ្នះឆ្នោត នៅអាណាត្តិទី៧ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៕​
 

Tag:
 កសិកម្ម
  យុវជន
  យ៉ង សាំងកុមារ
  ឃុំ​កសិកម្ម​គំរូ
© រក្សាសិទ្ធិដោយ thmeythmey.com