ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ មេប៉ុស្ដិ៍សង្កាត់សំរោង ពន្យល់មូលហេតុដែលធ្វើឱ្យហិង្សាក្នុងគ្រួសារនៅសង្កាត់ថយចុះ 
មេប៉ុស្ដិ៍សង្កាត់សំរោង លោក អឿន ពៀត ពេលផ្តល់សម្ភាសដល់អ្នកសារព័ត៌មានសហគមន៍ នៃសង្កាត់សំរោង កាលពីចុងខែធ្នូឆ្នាំ២០២២កន្លងទៅ។
×![]()
ដោយ៖ សំ រស្មី (យុវជនក្រុងសំរោង)
ក្រុងសំរោង, ឧត្តរមានជ័យ៖ អំពើហិង្សាគ្រួសារ នៅសង្កាត់សំរោង ក្នុងឆ្នាំ២០២២ បានកើតឡើងចំនួន ២ករណី ដែលសុទ្ធសឹងតែបណ្ដាលមកពី ការប្រើប្រាស់គ្រឿងស្រវឹង។ បើតាមលោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង ការដោះស្រាយករណីហិង្សានេះ គឺអាជ្ញាធរបានបានចុះអន្តរាគមន៍ដោយផ្ទាល់ ដើម្បីជួយសម្របសម្រួលពួកគេ កុំឱ្យបង្កហិង្សាបន្តទៀត។ ប៉ុន្តែបើពួកគេមិនព្រមសម្របសម្រួលគ្នា សមត្ថកិច្ចនឹងហៅទៅរដ្ឋបាលប៉ុស្ដិ៍ ដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា។ នេះបើតាមលោក អឿន ពៀត។
យ៉ាងណាក៏ដោយ លោក អឿន ពៀត សង្កេតឃើញថាការប្រើប្រាស់អំពើហិង្សានៅក្នុងសង្កាត់ ក៏មានការថយចុះគួរឱ្យកត់សម្គាល់ ព្រោះការយល់ដឹងរបស់ពលរដ្ឋកើនឡើង។ «ឆ្នាំ២០២២ ពុំសូវមានហិង្សានោះទេ ព្រោះប្រជាពលរដ្ឋនៅក្នុងសង្កាត់មានចំណេះដឹងពីច្បាប់ច្រើនជាងមុន ហើយអាជ្ញាធរមូលដ្ឋាន តែងតែណែនាំជុំវិញករណីហិង្សានេះ។ សមត្ថកិច្ចបានចុះអប់រំជាប្រចាំ រាល់ពេលមានកម្មវិធីនៅក្នុងមូលដ្ឋាន»។ លោកមេប៉ុស្តិ៍សង្កាត់សំរោងលើកឡើងដូច្នេះ។
សម្រាប់លោក អឿន ពៀត ដើម្បីកាត់បន្ថយហិង្សានៅក្នុងសង្កាត់ គឺទាមទារការចូលរួមពីមេភូមិ ប្រជាពលរដ្ឋ និងកម្លាំងប្រជាការពារភូមិទាំងអស់ នៅក្នុងការផ្សព្វផ្សាយពីផលប៉ះពាល់ ដែលបណ្តាលមកពីការប្រើប្រាស់អំពើហិង្សា ការប្រើប្រាស់គ្រឿងស្រវឹងច្រើនលើសកម្រិត និងការប្រើប្រើាសញៀនថ្នាំជាដើម។ លោក អឿន ពៀត បានលើកឡើងបែបនេះ៖ «ពួកខ្ញុំមានតែបន្តអប់រំបន្ថែម មិនឱ្យផឹកស្រាច្រើនរហូតគ្រប់គ្រងសតិខ្លួនឯងមិនបាន វាយប្រពន្ធកូននោះទេ។ តែបើគាត់មិនស្ដាប់តាម ពួកខ្ញុំមានតែអនុវត្តតាមច្បាប់»៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ហិង្សា
សន្តិសុខ
សុវត្ថិភាព
ឧត្ដរមានជ័យ
សំរោង
© រក្សាសិទ្ធិដោយ thmeythmey.com