ជាតិ
សេដ្ឋកិច្ច
កម្ពុជារកចំណូលបាន៩៦៦លានដុល្លារ ពីការនាំចេញកង់ក្នុងឆ្នាំ២០២២
31, Jan 2023 , 9:59 pm        
រូបភាព
រោងចក្រដំឡើងកង់មួយកន្លែងនៅខេត្តស្វាយរៀង។ រូបថត៖ CDC
រោងចក្រដំឡើងកង់មួយកន្លែងនៅខេត្តស្វាយរៀង។ រូបថត៖ CDC
ពេញមួយឆ្នាំ២០២២ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារពិភពលោកបានក្នុងរង្វង់ទឹកប្រាក់​ ៩៦៦លានដុល្លារ។ ទំហំនៃការនាំចេញនេះកើនដល់អត្រា៤៨,៤៨ភាគរយ បើធៀបកាលឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។

 
លោក ស៊ាង​ ថៃ​ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កង់ដែលផលិតចេញពីទឹកដីកម្ពុជាត្រូវបាននាំទៅកាន់ប្រទេស និងតំបន់ជាង៥០ ក្នុងពិភពលោក។ ក្នុងនោះទីផ្សារដែលធំជាងគេរបស់កម្ពុជា គឺមានសហភាពអឺរ៉ុប ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា ជប៉ុន និងចិន។
 
តាមទិន្នន័យដែលសារព័ត៌មានថ្មីៗទទួលបានពីលោក ស៊ាង ថៃ នាថ្ងៃទី៣១មករានេះ ​ កម្ពុជានាំចេញកង់ទៅកាន់ទីផ្សារពិភពលោកបានដល់ទំហំ៩៦៦,៧លានដុល្លារអាម៉េរិក កើនជាង៤៨ភាគរយ ធៀបនឹងឆ្នាំ២០២១។  
 
កង់ជាផលិតផលដ៏សំខាន់មួយរបស់កម្ពុជា ដែលបម្រើដល់ការនាំចេញ បន្ទាប់ពីសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។ បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះ កម្ពុជាមាន​រោងចក្រ​កង់​ចំនួន​ប្រាំ​ ដែល​ស្ថិត​នៅ​​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្ត​ស្វាយរៀង។
 
បច្ចុប្បន្ន កម្ពុជាមិនត្រឹមតែជាប្រទេសនាំមុខគេ ក្នុងការនាំចេញកង់ប៉ុណ្ណោះទេ។ ប៉ុន្តែកម្ពុជាក៏ជាប្រទេសដែលផ្គត់ផ្គង់គ្រឿងបង្គុំរបស់កង់ដ៏ឈានមុខមួយដែរ ។
 
ឧស្សាហកម្មកង់ និងគ្រឿងបង្គុំបានដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) វិស័យនេះមានការរីកចម្រើនយ៉ាងលឿន និងប្រកបដោយសក្តានុពល ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ ហេតុផលនេះហើយបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសស្ថិតក្នុងលំដាប់លេខមួយក្នុងអាស៊ាន នៃការនាំចេញកង់ទៅកាន់ទីផ្សារពិភពលោក។ 
 
កន្លងមកការនាំចេញសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា មានទំហំដល់៨០ភាគរយនៃការនាំចេញសរុប។ ប៉ុន្តែបច្ចុប្បន្នវិស័យកម្មន្តសាលមិនមែនកាត់ដេរ រីកចម្រើនខ្លាំង ។  នេះបើតាមលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​
 
លោកបន្តនិយាយក្នុង​វេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» កាលពីថ្ងៃទី២៥មករា ឆ្នាំ២០២៣ យ៉ាងដូច្នេះ៖ «ក្នុងរយៈពេលកូវីដ៣ឆ្នាំមកនេះ មានការប្រែប្រួលសម្បើមណាស់ ជាពិពិធកម្មសេដ្ឋកិច្ច។ ឥឡូវនេះ នាំចេញសំលៀកបំពាក់ និងស្បែក នៅសល់តែ៥៦ឬ៥៧ភាគរយទេ។ កសិកម្មឡើងដល់ជាង១០ភាគរយនៃការនាំចេញសរុប ហើយកម្មន្តសាលមិនមែនកាត់ដេរ គឺឡើងដល់ជិត៣០ភាគរយ ដែលជាចំណែកនៃការនាំចេញសរុប»។​
 
កង់ បន្ទះសូឡា សង្ហារឹម ក្តារបន្ទះ ខ្សែអុបទិក និងឈីប...ជាដើម ដែលជាទំនិញក្នុងវិស័យកម្មន្តសាលមិនមែនកាត់ដេរ​ ចាប់ផ្តើមរីកធំឡើងនៅក្នុងចំណែកនៃការនាំចេញសរុប។ នេះជាការរៀបរាប់របស់លោក វង្សី វិស្សុត ដោយបន្ថែមថា អ្នកវិនិយោគដែលមកកម្ពុជាថ្មីៗនេះ ក៏មាននិន្នាការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ផងដែរ៕ ​
 

Tag:
 កម្មន្តសាល
© រក្សាសិទ្ធិដោយ thmeythmey.com